• 2018-06-20 03:59:19
  • ចរាចរណ៍

ល្មមដល់ពេលសន្សំថ្លៃសាំង! ឡានក្រុងសាធារណៈទំនើបកប់របស់ជប៉ុន មកដល់ហើយ

  • 2018-06-20 03:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត​ មាសភក្ដី បាន​ប្រាប់​ Sabay កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ថា រថយន្ត​ក្រុង​សាធារណៈ​ស៊េរី​ទំនើប​ជា​ជំនួយ​ឥត​សំណង របស់​ជប៉ុន​ចំនួន​២០​គ្រឿង នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ចុង​ខែ​មិថុនា​នេះ យ៉ាង​ពិត​ប្រាកដ។

រថយន្ត​ក្រុង​២០​គ្រឿង​នេះ ត្រូវ​បញ្ជូន​មក​ជា​ជំហាន​ដំបូង ក្នុង​ចំណោម​៨០​គ្រឿង។ ចំណែក​ឯ​៦០​គ្រឿង​ទៀត នឹង​មក​ដល់​ជា​បន្តបន្ទាប់​ចន្លោះ ២ ឬ ៣​ខែ​ម្ដង ពោល​នឹង​បញ្ចប់​ការ​បញ្ជូន​រថយន្ត​ក្រុង​របស់​ជប៉ុន​ចំនួន​៨០​គ្រឿង​នោះ នៅ​បំណាច់​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ ម៉េត មាស​ភក្ដី។

រថយន្តក្រុងសាធារណៈរបស់ជប៉ុន

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ដែរ​ថា ​ចំពោះ​ខ្សែ​រត់​បន្ថែម លើ​ចំនួន​ខ្សែ​ចាស់ កំពុង​ស្ថិត​នៅ​ក្នុង​ផែនការ និង​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​សិន​ថា ផ្លូវ​ណា​ដែល​កំពុង​មាន​បញ្ហា​កកស្ទះ​ខ្លាំង ហើយ​ចាំបាច់​ត្រូវ​មាន​រថយន្ត​ក្រុង​សាធារណៈ​ ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ។ ដូច្នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​ទេ​ថា នឹង​ត្រូវ​បន្ថែម​ប៉ុន្មាន​ខ្សែ​ទៀត ហើយ​នៅ​លើ​ផ្លូវ​ណា​នៅ​ឡើយ​នោះ​ទេ។

រថយន្តក្រុងសាធារណៈជំនួយឥតសំណងរបស់ចិនកន្លងមក

រថយន្ត​ក្រុង​ទំនើប​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ទាំង​នេះ មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដូចជា៖ ម៉ាស៊ីន​ត្រជាក់ អេក្រង់ LED សម្រាប់​បង្ហាញ​ជើង​រថយន្ត​ក្រុង មាន​ទូរទស្សន៍​នៅ​ក្នុង​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព និង​ទីតាំង​រថយន្ត​ក្រុង។ រដ្ឋាភិបាល​ជប៉ុន បាន​សន្យា​ផ្ដល់​រថយន្តក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចំនួន ១៤០​គ្រឿង ស្មើនឹង​តម្លៃ​ជាង ៨លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់ ២០២០។ លោក ម៉េត មាសភក្តី កន្លង​មក​បាន​ឲ្យដឹង​ថា​ ការ​សន្យា​របស់​ជប៉ុន ក្នុងការ​ផ្តល់​រថយន្ត​ក្រុង​នេះ គឺ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ បាន​សិក្សា និង​ចរចា​ជាមួយ​ភាគី​ជប៉ុន អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧ ចិន​ក៏​បាន​ផ្ដល់​ជំនួយ​រថយន្ត​ក្រុង​ស៊េរី​ទំនើប​ចំនួន​១០០​គ្រឿង​ដែរ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នា​បច្ចុប្បន្ន​នេះ៕

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទថ្មី