• 2018-07-03 02:23:16
  • ព័ត៌មាន

មូលហេតុទាំងនេះហើយ ទើបអ្នកមុជទឹកអង់គ្លេស អាចរកឃើញក្មេងថៃក្នុងរូងភ្នំមុនគេបង្អស់ (មានវីដេអូ)

  • 2018-07-03 02:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ពួកគេ​ជា​អ្នក​ជំនាញ និង​មាន​បទពិសោធន៍
  • ពួកគេ​ធ្វើ​ការ​ដោយ​មិន​បង្អង់​យូរ
  • ពួកគេ​ធ្លាប់​បាន​ធ្វើ​ការ​រុករក​ជុំវិញ​ពិភពលោក
  • ពេល​វេលា​ជា​មាស​ប្រាក់

បន្ទាប់​ពី​បាន​បាត់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ​អស់​រយៈពេល​១០ថ្ងៃ ក្មេង​ប្រុស​ថៃ និង​គ្រូ​បង្វឹក​ទាំង​១៣នាក់ ត្រូវ​បាន​រក​ឃើញ​មុន​គេ​បង្អស់ ដោយ​ក្រុម​អ្នក​ជ្រមុជ​ទឹក​អង់គ្លេស នៅ​ចម្ងាយ​៤០០ម៉ែត្រ​ពី​តំបន់ Pattaya Beach ក្នុង​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ។

ក្រុម​ជ្រមុជ​ទឹក​អង់គ្លេស​នោះ រួមមាន លោក Richard Stanton, លោក Robert Harper និង លោក John Volanthen។ ពួកគេ​គឺ​ជា​អ្នក​ជំនាញ​សកល​សម្រាប់​ការ​រុករក​ក្នុង​ប្រព័ន្ធ​ក្រោម​ដី ហើយ​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ចូល​រួម​ការ​រុករក​ខាង​លើ ដោយ​សារ​តែ​ពួក​គេ​មាន​សមត្ថភាព​អស្ចារ្យ​បំផុត​សម្រាប់​ការងារ​មួយ​នេះ។

អនុប្រធាន​ក្រុមប្រឹក្សា​សង្គ្រោះ​របស់​ចក្រភព​អង់គ្លេស British Cave Rescue Council លោក Bill Whitehouse បាន​និយាយ​ថា «ពួកគេ​មាន​បទពិសោធន៍ និង​អាច​ធ្វើ​ការងារ​នេះ​បាន។ ពួកគេ​ធ្លាប់​បាន​ធ្វើ​ការ​រុករក​ជុំវិញ​ពិភពលោក»។

ជាមួយ​គ្នា​នេះ មេបញ្ជាការ​កងពល​យោធា​ទី​៣៧​ថៃ លោក Buncha Duriyapan បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ជ្រមុជ​ទឹក​អង់គ្លេស​ទាំង៣ បាន​មក​ធ្វើ​ការ​រុករក​ភ្លាមៗ ក្រោយ​ពេល​ចុះ​ពី​យន្តហោះ។

«អ្នក​ជំនាញ​ជ្រមុជ​ទឹក​ទាំង​នោះ​បាន​ចុះ​ពី​យន្តហោះ មក​កាន់​រូង​ភ្នំ​ភ្លាមៗ​ដើម្បី​ធ្វើ​ការ​វាយតម្លៃ»។ នេះ​បើ​តាម​សម្ដី​មេបញ្ជាការ​ខាង​លើ។

មិនតែប៉ុណ្ណោះ នៅ​ពេល​សួរ​នាំ​អំពី​បេសកកម្ម លោក John Volanthen មិន​បាន​ឆ្លើយ​តប​អ្វី​ច្រើន​ទៅ​កាន់​សារព័ត៌មាន​ឡើយ ដោយ​គ្រាន់​តែ​និយាយ​ថា «យើង​មាន​ភារកិច្ច​ត្រូវ​ធ្វើ»។

គួរ​បញ្ជាក់​ថា ក្មេង​ប្រុស​ថៃ​ទាំង​១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​ម្នាក់​ផង​នោះ គឺ​នៅ​រស់​រាន​មាន​ជីវិត​ទាំង​អស់​គ្នា៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី