• 2018-07-15 07:38:12
  • ការអប់រំ

រឿង​រ៉ាវ​ចម្លែក​បំផុត​របស់​បុគ្គល​ ៣​ នាក់​ក្នុង​ប្រវត្តិសាស្រ្ត​ សឹង​មិន​ជឿ​ថា​​មាន​ក្នុង​ជីវិត​ពិត​

  • 2018-07-15 07:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​រៀន​ទាត់បាល់​បើ​ទោះ​ជា​គេ​មាន​ជើង​៣ មនុស្ស​កើត​មក​មាន​រូបរាង​ដូច​រុក្ខជាតិ ទារក​ត្រឹម​អាយុ​៣​ខួប​បាន​ក្លាយ​ទៅ​ជា​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត។ រឿងរ៉ាវ​របស់​ពួកគេ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ រឿង​ពិត​ទាំង​នេះ​នៅ​តែ​បន្ត​ធ្វើ​អោយ​មនុស្ស​ភ្ញាក់​ផ្អើល។

"បុរស​ឈើ" Petrus Gonsalvus

មនុស្ស​ភាគច្រើន​បាន​ទស្សនា​រឿង the Beauty and the Beast។ ប៉ុន្តែ​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ ដែល​ដឹង​ថា​​មាន​រឿង​ពិត​ពី​ក្រោយ​រឿង​ប្រឌិត​នេះ។ វា​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៥៣៧ ស្ថិត​នៅ​កោះ Tenerife នៃ​ប្រទេស​អេស្ប៉ាញ នៅពេលដែលទារកមិនធម្មតាមួយបានកើត រាងកាយទាំងមូល​មាន​រោម​ដូច​ឬស​ឈើ។

ឪពុកម្តាយ​បាន​គិត​ថា​កូន​របស់​ពួក​គេ​មាន​ជម្ងឺ​បិសាច ហើយពេលដែល Petrus មានអាយុ ១០ ឆ្នាំ​ពួក​គេ​បាន​លក់​កូន​នោះ​ឲ្យ​ទៅ​ចោរ​សមុទ្រ​បារាំង។

ក្រោយ​មក​កុមារ​ចម្លែក​នេះ​ត្រូវ​បាន​ស្តេច​ហង់រី​ទី​២​របស់​បារាំង​យក​ទៅ​ចិញ្ចឹម​ដោយ​ឃើញ​ពី​ភាពវៃឆ្លាត​ ដែល​កុមារ​នេះ​រៀន​ភាសា​បារាំង​បាន​ឆាប់​រហ័ស។

ទ្រង់​បាន​រៀបចំ​ពិធី​អភិសេក​បុត្រ​ចិញ្ចឹម​​មាន​រូបរាង​ចម្លែក​នេះ​ទៅ​ឲ្យ​ព្រះនាង​ដ៏​ស្រស់ស្អាត ព្រះនាម​ Catherine។ គូស្វាមីភរិយា​​នេះ​​មាន​បុត្រ ៦ អង្គ។

​​គ្រួសារ​នេះ​រស់​នៅ​យ៉ាង​សុខដុម​ ហើយ Petrus Gonsalvus បាន​ចូល​ទីវង្គត​នៅ​ជន្មាយុ ៨១ វស្សា ជា​អាយុ​ដ៏​វែង​បំផុត​មួយ​នៅ​សម័យ​នោះ។

"កីឡាករបាល់ទាត់​មាន​ជើង​៣" Francesco Lentini

Francesco កើតនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៨៨៩។ Francesco មានបងប្អូនប្រុសស្រី ១១ នាក់​ប៉ុន្តែ​ពួកគេ​ទាំងអស់​សុទ្ធ​តែ​ប្រក្រតី។ មិនយូរប៉ុន្មានឪពុកម្តាយរបស់​​លោក​បាន​យក​ទារក​ពិសេស​នេះ​ទៅ​ឲ្យ​ម្តាយ​មីង​គេ​ចិញ្ចឹម ហើយ ម្តាយ​មីងFrancesco បាន​បញ្ជូន​កុមារ​នេះ​ឲ្យ​មណ្ឌល​កុមារ​កំព្រា​ទៀត ដោយ​សារ​កាយសម្បទា​ចម្លែក​របស់​គេ។

មុន​ពេល​ទៅ​ដល់​មណ្ឌល​កុមារកំព្រាសម្រាប់កុមារពិការ Francesco គិត​ថា​ខ្លួន​ជា​មនុស្ស​អភ័ព្ទ​បំផុត​ តែ​ពេល​ទៅ​ដល់​ទីនោះ កុមារ​ជើង​៣​នេះ​​យល់​ថា​ខ្លួន​គេ​មាន​សំណាង​ជាង​កុមារ​ខ្លះ​ទៅ​ទៀត ដែល​មិន​អាច​ស្តាប់​លឺ ឬ មើល​មិន​ឃើញ។ ដូច្នេះក្មេងប្រុសនេះសម្រេចចិត្តរៀនប្រើរាងកាយរបស់គេ។ Francesco រៀន​ជិះ​កង់ រៀន​ទាត់បាល់។ នៅ​ពេល​មាន អាយុ ៨ ឆ្នាំ​គេ​បាន​ទៅ​សហរដ្ឋអាមេរិក​ជា​កន្លែង​ដែល​គេ​បាន​ធំឡើង ហើយ ក្លាយ​ជា​អ្នក​សំដែងសៀក។

Francesco បាន​រៀបរាប់​ថា ដើម្បី​បាន​ពាក់​ស្បែក​ជើង​នឹង​គេ ខ្លួន​ត្រូវ​ទិញ​ស្បែក​ជើង​១​គូ ហើយ ១​ចំហៀង​ទៀត កុមារ​នេះ​បាន​ទៅ​ទិញ​ពី​បុរស​ដែល​មាន​ជើងតែ​ម្ខាង។

​Francesco ជា​អ្នក​ទាត់បាល់ តែ​មិន​មែន​កីឡាករ​នៅ​លើ​ទីលាន​ឡើយ លោក​ជា​អ្នក​សំដែង​​នៅ​លើ​ឆាក។ លោក​ទាត់​បាល់​ដោយ​ប្រើ​ជើង​ទី​៣ ដែល​ខ្លី​ជាង​បន្តិច​ទៅ​នឹង​ជើង​១​គូ​របស់​លោក។

នៅ​វ័យ​៣០​ឆ្នាំ Francesco បាន​រៀបការ​​ជាមួយ​នឹង Theresa Murrey ហើយ​មាន​កូន​ដែល​មាន​សុខភាព​ល្អ ៤​នាក់។

Christian Heinrich Heineken ក្លាយ​ជា​សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​ត្រឹម​អាយុ​៣​ខួប

ក្មេង​ប្រុស​ម្នាក់​កើត​មក​ជាមួយ​ទេពកោសល្យ។ កើត​ក្នុង​ឆ្នាំ ១៧២១ នៅ​ប្រទេស​អាឡឺម៉ង់ មាន​ឈ្មោះ​ថា Christian Heinrich Heineken។ អាយុ​ត្រឹម​១០​ខែ ទារក​នេះ​អាច​និយាយ​ពាក្យ និង ប្រយោគ​បាន។ អាយុ​១​ឆ្នាំ​អាច​អាន​ភាសា​ឡាតាំង​បាន ហើយ អាយុ​៣​ឆ្នាំ ក្លាយ​ជា​គ្រូ​ប្រវត្តិសាស្រ្ត​ដាណឺម៉ាក នៅ​សម័យ​ព្រះរាជា ហ្រ្វេដឺរីក(Frederick) ទី​៤។

ការ​បង្រៀន​របស់​សាស្រ្តាចារ្យ​ដែល​មាន​អាយុ​ត្រឹម​៣​ខួប​គឺ​លំអិត និង គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់ សូម្បី​ពួក​តុលាការ​ក៏​មាន​ការ​រីករាយ​នឹង​ទេពកោសល្យ​ទារក​នេះ​ដែរ។

ជា​អកុសល Christian Heinrich Heineken រស់​បាន​អាយុ​ត្រឹម​៤​ខួប ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ Celiac ជា​ប្រភេព​ជំងឺ​ដែល​បណ្តាល​មក​ពី​​បំពង់​រំលាយ​អាហារ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់