• 2018-08-05 03:44:49
  • ព័ត៌មាន

ខេត្តតាមដងទន្លេមេគង្គបី កម្ពស់ទឹក​ងើបឡើងវិញបន្តិចបើធៀបនឹង​ម្សិលមិញ​

  • 2018-08-05 03:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ទន្លេមេគង្គបាន​ហក់​ឡើង​បន្តិច​វិញ​នៅ​ខេត្ត​ចំនួន​បី​បើ​ធៀប​ទៅ​នឹង​ថ្ងៃម្សិល​មិញ ខណៈ​ខេត្ត​មួយ​បាន​ស្រក​ចុះ​បន្តិច ទោះយ៉ាង​ណា​ការ​ហក់​ឡើង​វិញ​នេះ​មិនទាន់​ដល់​កម្រិត​ប្រុងប្រយ័ត្ននៅឡើយទេ។

(ទឹកទន្លេមេគង្គក្រោម ខេត្តព្រៃ​វែងឡើង​ព្រៀបខ្នងទំនប់/រូបភាព៖ក្រសួងធនធានទឹក)

ក្រ​សួងធនធានទឹក​បាន​ឲ្យ​ដឹង​នៅ​ព្រឹកនេះ​តាម​រយៈទំព័រហ្វេស​ប៊ុក​របស់ខ្លួនថា​ទឹកទន្លេមេគង្គលើ​ ខេត្ត​ស្ទឹង​ត្រែង និង​ក្រចេះ​បាន​ងើបឡើង​បន្តិច​វិញបើ​ធៀបទៅ​នឹង​ថ្ងៃម្សិល​មិញ។ នៅ​ស្ទឹង​ត្រែង​ព្រឹកនេះទឹក​មានកម្ពស់១០,៦០ម៉ែត្រ ខ្ពស់ជាង​ម្សិល​មិញ​០,១៤ម៉ែត្រ ខណៈ​កម្ពស់​ប្រុង​ប្រយ័ត្ន​១០,៧០ម៉ែត្រ។

ចំណែក​នៅ​ខេត្ត​ក្រ​ចេះវិញ​កម្ពស់ទឹក​នាព្រឹកនេះ ២១,៦២ម៉ែត្រ ខ្ពស់ជាងម្សិល​មិញ​០,០៣ម៉ែត្រ ខណៈ​កម្ពស់ប្រុងប្រ​យ័ត្ន​២២ម៉ែត្រ។ ដោយឡែក​នៅ​ខេត្ត​ព្រៃវែង​ កម្ពស់ទឹក​ទន្លមេគង្គក្រោម​ក៏បាន​ងើប​ឡើង​បន្តិចដែរនៅព្រឹកនេះ៦,៦២ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ។ នេះបើ​តាម​ប្រ​ភពដដែល។

ក្រ​សួង​សរសេរទៀតថា៖ «មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានរៀបការ៉ុងខ្សាច់ទប់តាមជើងទេរទំនប់បារាយណ៍អណ្តែត ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីទប់ទល់នឹងការហូរច្រោះ ខណៈទឹកទន្លេមេគង្គក្រោម បានបន្តកើនឡើងស្ទើរព្រៀបខ្នងទំនប់»

សម្រាប់ខេត្ត​កំពង់ចាមវិញ​ទឹក​ទន្លេមេគង្គបាន​ស្រកចុះវិញ​បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀបទៅ​នឹងថ្ងៃម្សិល​មិញដោយ​ស្រកមកត្រឹម១៥,០៦ម៉ែត្រ ទាបជាង​ម្សិល​មិញ​០,០៥ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី