• 2018-08-29 08:18:47
  • ព័ត៌មាន

ដឹងរឿងរ៉ាវស្មានមិនដល់ ពី​ផ្ទះ​បុរាណ​ខ្មែរ​ជិត​រយ​ឆ្នាំ​ នៅតែរឹងមាំ​គ្មាន​ពុកផុយ​សូម្បីបន្តិច

  • 2018-08-29 08:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​១៩២០ ក្នុង​សម័យកាល​ហ្លួង​ព្រះស៊ីសុវត្ថិ មក​ទល់​ពេល​នេះ​ក្បែរ​រយ​ឆ្នាំ តែ​ផ្ទះ​បុរាណ​នៅ​ទឹក​ដី​ខេត្ត​បាត់ដំបង​មួយ​នេះ​នៅ​តែ​រឹងមាំ​គ្មាន​ការ​ខូច​ខាត​ត្រង់​ណា​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ឡើយ។ ភាព​រឹងមាំ​នៃ​ផ្ទះ​បុរាណ​មួយ​ខ្នង​នេះ បាន​បង្កប់​នូវ​អាថ៌​កំបាំង​មួយ​ចំនួន កូន​ខ្មែរ​មួយ​ចំនួន​ធំ​អាច​មិន​ដែល​ធ្លាប់​បាន​ដឹង​សោះ​ក៏​ថា។

ចំណុច​ដំបូង​សូម​ស្វែង​យល់​ពី​មូលហេតុ​ដែល​ជញ្ជាំង​ផ្ទះ​គ្មាន​ការ​ពុក​ផុយ ហើយ​មាន​អារម្មណ៍​ថា​ត្រជាក់​ស្រួល​ម្ល៉េះ?

លោក​សម្បត្តិ​ វីរៈ ក្មួយ​ម្ចាស់​ផ្ទះ​នៅ​ថែរក្សា​ផ្ទះ​ដ៏​ធំ​នេះ ហើយ​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទម្លាយ​អាថ៌កំបាំង​ថា ជញ្ជាំង​ដែល​មើល​មួយ​ភ្លែត​អាច​គិត​ថា​ជា​ថ្ម ឬ​ស៊ីម៉ងត៍ តែ​តាម​ពិត​មិនមែន​ឡើយ គឺ​គេ​ហៅ​ថា​ជញ្ជាំង​បាយ​អ។ ធាតុផ្សំ​ដែល​បុព្វបុរស​ខ្មែរ​បាន​យក​មក​លាយ​គ្នា​ធ្វើ​ជញ្ជាំង​ផ្ទះ​មាន​ដូចជា៖ ចំបើង លាមក​គោ​ក្រៀម តាប៉ែ​ខ្មៅ ស្ករ​កំបោរ និង​ខ្សាច់។ បន្ទាប់​ពី​លាយ​រូប​មន្ត​រួច​ហើយ គេ​ត្រូវ​យក​ល្បាយ​ទាំង​នោះ ទៅ​គប់​ពី​លើ​ឫស្សី​ដែល​ត្បាញ​ហើយ​សម្រាប់​ធ្វើ​ជា​គ្រោង​ឆ្អឹង​នៃ​ជញ្ជាំង​រហូត​ទាល់​តែ​ស្មើ​សាច់ និង​មាន​កម្រាស់​ក្រាស់​ល្អ។

គុណ​សម្បត្តិ​នៃ​ជញ្ជាំង​ផ្សំ​ចេញ​ពី​រូបមន្ត​បែប​បុរាណ​ខ្មែរ​នេះ គឺ​ធន់​នឹង​កម្ដៅ និង​ភាព​សើម។ ជា​ពិសេស​ពេល​ចូល​មក​ដល់​ក្នុង​ផ្ទះ​មាន​អារម្មណ៍​ត្រជាក់​ខុស​ពី​ផ្ទះ​មាន​ជញ្ជាំង​ធ្វើ​ពី​ឈើ​ធម្មតា។ លើស​ពី​នេះ​ដូន​តា​ខ្មែរ​សង់ផ្ទះ​ផុត​ពី​ដី គឺ​​ទាក់ទង​នឹង​ចរន្ត​ខ្យល់​ធម្មជាតិ ព្រោះ​កាល​ពី​ដើម​ឡើយ​ពុំ​មាន​អគ្គិសនី​ដូច​បច្ចុប្បន្ន​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ។

កាល​ជំនាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ តើ​ផ្ទះ​មួយ​ខ្នង​នេះ​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​មក​ធ្វើ​ជា​ទីតាំង​អ្វី?

ចំណែក​ផ្ទះ​បាយ​វិញ​​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ដោយ​សារ​កាល​ជំនាន់​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ផ្ទះ​បាយ​រួម​ប្រចាំ​ភូមិ​សហករណ៍​។ មាន​មនុស្ស​យ៉ាង​តិច​២០០​នាក់​ក្នុង​ថ្ងៃ​ៗ មក​ហូប​បាយ​នៅ​លើ​ផ្ទះ​បាយ​​ដ៏​ចំណាស់​នេះ។ ក្រោយ​មក​ក្នុង​ទសវត្ស​៨០ ផ្ទះ​បាយ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ តែ​នៅ​រក្សា​ទម្រង់​ដដែល។ ចំណែក​តួផ្ទះ​ទាំង​មូល​គ្មាន​ខូច​ខាត​ត្រង់​ណា​ឡើយ ដោយសារ​ទាហាន​ខ្មែរ​ក្រហម​យក​ធ្វើ​ជា​ទី​ជម្រក គឺ​មិន​ហ៊ាន​ប៉ះពាល់​អ្វី​នោះ​ទេ។ នេះ​ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​ផ្ទះ​មាន​អាយុ​កាល​៩៩​ឆ្នាំ​មក​ហើយ មិន​ត្រូវ​បាន​បំផ្លាញ​ក្នុង​សម័យ​ប៉ុក ពត។

ផ្ទះ​ប្រភេទ​នេះ ក្នុង​សម័យ​ហ្លួង​ព្រះស៊ីសុវត្ថិ គឺ​សម្រាប់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ មាន​កិត្តិយស​មុខ​មាត់​ក្នុង​សង្គម។ លោក សម្បត្តិ វីរៈ គឺ​ជា​អ្នក​ជំនាន់​ទី៣​ហើយ ដែល​រស់​នៅ​ក្នុង​ផ្ទះ​បុរាណ​មួយ​នេះ។ បច្ចុប្បន្ន​ផ្ទះ​សង់​ឡើង​ពី​ឈើ​កំពូលៗ​នេះ បាន​ក្លាយ​ជា​ទីតាំង​ដ៏​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ពិសេស​គឺ​ជន​បរទេស​តែ​ម្ដង។ ចំណែក​ទេសចរ​ខ្មែរ មិន​សូវ​ជា​មាន​ប៉ុន្មាន​ឡើយ។ ផ្ទះ​បុរាណ​នេះ មាន​ទីតាំង​នៅ​ភូមិ​វត្តគរ សង្កាត់​វត្តគរ ក្រុង​បាត់​ដំបង ខេត្ត​បាត់ដំបង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់