• 2018-09-01 01:51:14
  • ចរាចរណ៍

រាជធានីភ្នំពេញត្រៀមប្រែមុខមាត់ថ្មី ផ្លូវសំខាន់ៗទាំងនេះនឹងមានសម្រស់ស្អាតបំផុត

  • 2018-09-01 01:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​បញ្ចេញ​ប្លង់​មួយ​ចំនួន​រួច​មក​ហើយ អំពី​ការ​រៀប​ចំ​ខឿន​ចិញ្ចើម  ខឿន​ស៊ុម​ដើម​ឈើ និង​ក្រាល​ការឺឡា​ថ្មី ការឺឡា​សម្រាប់​ជន​ពិកា នៅ​មហាវិថី​ព្រះនរោត្ដម​ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​សោភ័ណភាព​​ដល់​ចិញ្ចើម​ផ្លូវ​ទាំង​សង្ខាង។ ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ ប្លង់​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​ជា​បន្តបន្ទាប់ អំពី​ការ​រៀបចំ​ដាំ​ដើម​ឈើ និង​ការ​រៀបចំ​ចិញ្ចើម​ផ្លូវ​​នៅ​តាម​វិថី​សំខាន់​ៗ​នានា​ដែល​មិន​ទាន់​បាន​បញ្ចេញ​ឈ្មោះ និង​មហាវិថី​ព្រះនរោត្ដម។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ដាំដើមឈើ ឱ្យបាន​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ "ការ​រៀបចំ Master Plan ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ"។ តាម​ប្រសាសន៍​របស់​ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​ដាំ​ដើមឈើ និង​រៀប​ចំ​ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​លើក​សម្រស់​រាជធានី​ឲ្យ​មាន​សោភណភាព​ស្រស់​បំព្រង។ ជា​ពិសេស​នោះ គឺ​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន តាម​រយៈ​ការ​បញ្ចេញ​ផ្សែង​ពី​យានជំនិះ។

ដោយ​ឡែក​មហាវិថី​ព្រះនរោត្ដម​វិញ បាន​រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​នេះ តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨​មក​ម្ល៉េះ ចាប់​ពី​រង្វង់​មូល​វិមាន​ឯករាជ្យ ដល់​រមណីយដ្ឋាន​វត្ត​ភ្នំ។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ក៏​សូម​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មហាវិថី ដែល​ត្រូវ​ធ្វើ​ការ​រៀបចំ​ចិញ្ចើម​ផ្លូវ និង​ដាំដើមឈើ ចំពោះ​ការ​រំខាន​ដល់​សកម្មភាព​ចរាចរណ៍ និង​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង ដើម្បី​ឲ្យ​ការ​អនុវត្ត​គម្រោង​បាន​តាម​ផែនការ​កំណត់៕

​​

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់