• 2018-09-13 03:00:00
  • សុខភាព

តិច​ច្រឡំ​ថា​ ជំងឺ​ម្យ៉ាងក្នុងប្រភេទ​ទី២ កើត​តែ​លើ​អ្នកមាន​ មូល​ហេតុ​ពិត​ គឺមកពី ៦ ចំណុចនេះសោះ

  • 2018-09-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកនោមផ្អែម ជា​ជំងឺ​ម្យ៉ាង​ ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ បាន​ដាក់​ឈ្មោះ​ឲ្យ​ និង​ចំណាំ​តៗ​គ្នា​ថា ជា​ជំងឺ​អ្នក​មាន ដោយសារ​កត្តា​បរិភោគ​អាហារ​បូក រួម​នឹង​ទម្លាប់​នៃ​ការ​រស់​នៅ។ បើ​តាម​និយម​ន័យ​ពិត នៃ​ជំងឺ​នេះ វេជ្ជបណ្ឌិត​១​រូប បាន​បកស្រាយ​ខុស​ពី​ការ​យល់​ឃើញ​ដូច​ខាងលើ។

វេជ្ជបណ្ឌិត​ដដែល​បាន​បញ្ជាក់​ថា ជំងឺ​ទឹកនោម​ផ្អែម ចែក​ចេញ​ជា២ ប្រភេទ​គឺ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ១ និង​ប្រភេទ​២។

លោក​វេជ្ជបណ្ឌិត លាង ចាន់ដារ៉ា វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ នៃ​មន្ទីរ​ពេទ្យ​សម្ភព​សោភា ក្នុង​រាជធានី​ភ្នំពេញ បាន​ពន្យល់​ពី​ចំណុច​សំខាន់​ៗ​នានា ដើម្បី​ជា​ចំណេះ​ដឹង និង​ការ​ប្រុង​ប្រយ័ត្ន ពី​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទទី២ ដែល​ភាសា​អង់គ្លេស​ហៅថា (Diabetes type2 )។

ប្រភពរូប ហ្វេសប៊ុកមន្ទីរ​ពេទ្យ​សម្ភព​សោភា

តាម​រយៈ​អត្ថបទ​សុខភាព​ថ្ងៃនេះ Sabay សូម​ជូន​ព័ត៌មាន​លម្អិត​សំខាន់​នានា នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។

១. និយម​ន័យ

ទឹក​នោម​ផ្អែម គឺ​ជា​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ភាព​មិន​ប្រក្រតី​ នៃ​អ័រម៉ូន​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា អាំងស៊ូលីន (Insulin) មិន​គ្រប់គ្រាន់​ទ្រទ្រង់​រាងកាយ​ ដើម្បី​​ផលិត​ រួច​មិន​អាច​បញ្ជូន​ជាតិ​ស្ករ​ក្នុង​ឈាម ចូល​ទៅ​ក្នុង​កោសិកា​បាន។ ដូច្នេះ​ជាតិ​ស្ករ​បាន​កើន​ឡើង​នៅ​ក្នុង​ឈាម បង្ក​ឲ្យ​មាន​បញ្ហា ដែល​ប៉ះពាល់​ជា​ច្រើន​ដល់​សរីរាង្គ​ដូចជា ក្រលៀន ផ្នែក​ចុង​ដៃ ចុង​ជើង បាត​ភ្នែក បេះដូង ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ចរន្ត​ឈាម។

២. កត្តា​ប្រឈម

ទឹកនោមផ្អែមប្រភេទទី២ អាច​មក​ពី​កត្តា​តំណពូជ កត្តា​អាយុ​ច្រើន(ខុសពីទឹកនោមផ្អែមប្រភេទទី១) បញ្ហា​ជំងឺ​ធាត់ និង​ភាព​អសកម្ម​ក្នុង​ជីវភាព​រស់នៅ។

៣. រោគ​សញ្ញា​ចម្បង

  • ពិសា​ច្រើន

  • ផឹក​ទឹក​ច្រើន

  • បត់​ជើង​តូច​ច្រើន និង​គ្មាន​កម្លាំង

  • ស្រក​ទម្ងន់។

៤. រោគវិនិច្ឆ័យ

អ្នក​អាច​ធ្វើ​តេស្ត​ឈាម​រក​ជាតិ​ស្ករ ​ក្នុង​ឈាម ជាមួយ​ពេទ្យ​ជំនាញ។ ជា​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម (FPG) មាន 126 mg/dl (7,0 មីលីលីត្រ / លីត្រ) ឬ​ខ្ពស់​ជាង​នេះ។ ចំណុចសំខាន់១ គឺ​ការ​តម​អាហារ​ត្រូវ​បាន​កំណត់​ថា​គ្មាន​ការ​ទទួលទាន​កាឡូរី យ៉ាង​តិច ៨​ម៉ោង​មុន​ពិនិត្យ​ឈាម Glucose >126mg/dL និងHbA1C >6,5%។

៥. ការ​គ្រប់គ្រង និង​ព្យាបាល

បើមានជំងឺទឹកនោមផ្អែមប្រភេទ២ នៃ វេជ្ជបណ្ឌិត​បាន​ណែនាំ ឲ្យ​អ្នក​ជំងឺ ត្រូវ​កំណត់​

  • របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​អោយ​ទៀងទាត់
ប្រភពរូប Tassha
  • ឱសថ (ទាំង​ចាក់ និង​លេប)
  • ការ​ពិនិត្យ​អោយ​បាន​ត្រឹមត្រូវ​ នៃ​ជាតិ​ស្ករ​ក្នុង​ឈាម
  • ពិនិត្យ​តាម​ដាន​ជា​ប្រចាំ​ចំពោះ​ផល​វិបាក
  • និង​ប្រឹក្សា​ជា​ប្រចាំ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស។

៦. វិធីសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២

  • ពិនិត្យHbA1C (ពាក្យ​បច្ចេកទេស) រៀងរាល់​៣ទៅ៦ខែម្តង
  • ការ​ពិនិត្យ​ភ្នែក​ជា​រៀងរាល់​ឆ្នាំ ការ​ពិនិត្យ​ Micro Albumin ប្រចាំ​ឆ្នាំ
  • គ្រប់គ្រង​សម្ពាធ​ឈាម <135/80mmHg
  • និងការ​ព្យាបាល​ដោយ​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​អោយ​បាន​ត្រឹមត្រូវ ជាមួយ​ពេទ្យ​ជំនាញ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម