• 2018-10-02 08:08:41
  • ព័ត៌មាន

ចង់ស្រក់ទឹកភ្នែក! វត្តអារាមមួយនៅខេត្តកំពត ខ្សត់ចង្ហាន់ជាង១០ឆ្នាំហើយ ព្រះសង្ឃឆាន់តែត្រីខ

  • 2018-10-02 08:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​ភ្នំធំ ស្ថិត​នៅ​ឃុំ​តាកែន ស្រុក​ឈូក​ ខេត្ត​កំពត កំពុង​ខ្សត់​ចង្ហាន់​ខ្លាំង សូម្បី​តែ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ក៏​មិន​សូវ​មាន​ពុទ្ធ​បរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដែរ។ នេះ​បើ​តាម​សង្ឃ​ដីកា របស់​ព្រះចៅ​អធិការ​វត្ត​ភ្នំធំ ព្រះនាម ខន សម្ផស្ស បាន​ឲ្យ​ Sabay ដឹង​នៅ​ថ្ងៃ​ទី​០២ខែ​តុលា ឆ្នាំ​២០១៨​នេះ។

ព្រះសង្ឃ និងនេនតូចៗកំពុងឆាន់បាយជាមួយត្រីខ

ព្រះចៅ​អធិការ​វត្ត​ភ្នំធំ មាន​សង្ឃដីកា​ថា វត្ត​អារាម​ដ៏​កម្សត់​នេះ​មាន​អាយុ​កាល​១៣​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ និង​សាមណេរ​គង់​នៅ​២៧​អង្គ និង​មាន​ក្មេងៗ​ជា​កូន​អ្នក​ស្រុក​មក​សិក្សា​រៀន​សូត្រ​ជាមួយ​ព្រះសង្ឃ​ជិត​១០​នាក់​ទៀត។ តាំង​ពី​វត្ត​អារាម​មួយ​នេះ បាន​ចាប់​កំណើត​មក​គឺ​ពុំ​ដែល​មាន​ចង្ហាន់​ឆាន់​គ្រប់គ្រាន់​ឡើយ ដោយសារ​នៅ​ឆ្ងាយ​ពី​ភូមិ​ផង​របស់​អ្នក​ស្រុក​ពេក។

មាន​សង្ឃ​ដីកា​ហាក់​ស្រងូត​ស្រងាត់ ព្រះតេជគុណ ខន សម្ផស្ស បន្ត​ថា​ព្រះសង្ឃ​ឆាន់​តែ​ត្រី​ខ និង​មី ជួន​កាល​បើ​មាន​បន្លែ គឺ​យក​ទៅ​ឆា​ជាមួយ​ត្រី​ខ តែ​បើ​អត់​មាន​បាន​ត្រឹម​ឆាន់​ត្រី​ខ​ចែក​គ្នា​ម្នាក់​បន្តិច​ៗ ដើម្បី​ចម្អែត​ក្រពះ។ ក្រៅ​ពី​ខ្សត់​ចង្ហាន់​ហើយ​នោះ វត្ត​ភ្នំធំ ពុំ​មាន​កុដិ​សមរម្យ​ដើម្បី​ព្រះសង្ឃ​គង់​នៅ​ឡើយ មាន​ត្រឹម​កុដិ​ឈើ​ប្រក់​ស័ង្កសី​​៣​កុដិ​ប៉ុណ្ណោះ។ ចំណែក​ឯ​សាលា​ឆាន់​កំពុង​តែ​បុកគ្រឹះ​បណ្ដើរ​ៗ​ហើយ។ រីឯព្រះវិហារ​ បាន​កសាង​រួច​រាល់​ហើយ។

ព្រះចៅ​អធិកា​វត្ត​ភ្នំ​ធំ បន្ថែម​ទៀត​ថា ក្នុង​រដូវ​កាន់​បិណ្ឌ​នេះ​មាន​ពុទ្ធ​បរិស័ទ​ធ្វើ​ដំណើរ​ទៅ​ដល់​ខ្លះ​ដែរ និង​បាន​ប្រគេន​ចង្ហាន់ គ្រឿង​ឧបភោគ បរិភោគ​ដល់​ព្រះសង្ឃ តែ​ក៏​មិនទាន់​បាន​គ្រប់គ្រាន់​ឡើយ។ ដូច្នេះ​ហើយ ព្រះតេជគុណ ខន សម្ផស្ស បាន​សំណូម​ពរ​ឲ្យ​ពុទ្ធ​បរិស័ទ​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែល​កំពុង​តែ​ខ្វះខាត​ជា​ទម្ងន់។

ថ្វីត្បិតតែនៅឆ្ងាយពិតមែន តែវត្តភ្នធំ មានទេសភាពស្អាតមិនធម្មតាឡើយ មានព្រៃភ្នំព័ទ្ធជុំវិញ ខៀវស្រងាត់គួរឲ្យចង់ទស្សនា។

សូម​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា វត្ត​ភ្នំធំ ស្ថិត​នៅ​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ​ខេត្ត​កំពត មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​រួម​ខេត្ត។ ធ្វើ​ដំណើរ​ទៅ​ដល់​ផ្សារ​ស្រុក​ឈូក យើង​អាច​សួរ​នាំ​ផ្លូវ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ រួច​បន្ត​ប្រហែល​២០​គីឡូម៉ែត្រ​ទៀត នឹង​ទៅ​ដល់​វត្ត​អារាម​មួយ​នេះ​ហើយ។ ប្រសិន​បើ​ចង់​សាក​សួរ​កាន់​តែ​ច្បាស់​សូម​ទំនាក់ទំនង​ទៅ​កាន់​ព្រះចៅ​អធិការ​វត្ត​ផ្ទាល់​តាម​រយៈ​លេខ៖ 077 33 69 00 និង​097 99 22 900៕ ​​​​​

ព្រះចៅអធិកាវត្ត និងព្រះសង្ឃទាំងអស់
កន្លែងព្រះសង្ឃគង់នៅ

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់