• 2019-02-14 02:26:41
  • ព័ត៌មាន

មកមើល ភូមិមួយនៅអាហ្គានីស្ថាន ប្រជាជននាំគ្នាយកគ្រាប់មីស៊ីលមកធ្វើផ្ទះ (មានវីដេអូ)

  • 2019-02-14 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ប្រជាជន​រស់​នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ Qezelabad ក្នុង​ខេត្ត Balkh ប្រទេស​អាហ្គានីស្ថាន បាន​និង​កំពុង​រស់​នៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ជាមួយ​នឹង​មីស៊ីល​មិនទាន់​ផ្ទុះ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​សាងសង់​ជញ្ជាំង​ផ្ទះ និង​ពិដាន​របស់​ពួកគេ។

យោង​តាម​វីដេអូ​របស់ BBC ឲ្យ​ដឹង​ថា រយៈ​ពេល​៣០​ឆ្នាំ​ក្រោយ​កង​ទ័ព​សូវៀត​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្គានីស្ថាន​ក្រោយ​សង្គ្រាម​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស អ្នក​ភូមិ​នៅ​ទី​នោះ​មិន​មាន​លទ្ធភាព​ទិញ​សម្ភារៈ​សម្រាប់​សាងសង់​ផ្ទះ​នោះ​ទេ។ ពួកគេ​ប្រើប្រាស់​របស់​របរ​ដែល​អាច​រក​បាន​នៅ​ក្នុង​តំបន់​ដែល​មាន​ដូច​ជា​គ្រាប់​មីស៊ីល​ដែល​បន្សល់​ទុក​ដោយ​កង​ទ័ព​សូវៀត។ អ្នក​ភូមិ​បាន​យក​គ្រាប់​មីស៊ីល​មក​ធ្វើ​ជា​ចម្រឹង​នៃ​ជញ្ជាំង​ផ្ទះ ក៏​ដូច​ជា​ពិដាន​ផង​ដែរ។

ដោយ​ឡែក​យោង​តាម​មេភូមិ​​លោក Qand Agha ឲ្យ​ដឹង​ដែរ​ថា មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​រង​របួស និង​សម្លាប់​ដោយ​សារ​គ្រាប់​មីស៊ីល​ទាំង​នេះ​ផ្ទុះ។ ក្នុង​នោះ មាន​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​កំពុង​យក​មីស៊ីល​ទៅ​ធ្វើ​ដំបូល​ផ្ទះ។ ជាមួយ​គ្នា​នេះ អ្នក​ភូមិ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​បាន​ធ្លាក់​ខ្លួន​ពិការ​ផងដែរ​ដោយ​សារ​គ្រាប់​ផ្ទុះ​ទាំង​នេះ។

យ៉ាង​ណា​មិញ​ មក​ទល់​ពេលនេះ ក្រុម​អ្នក​ដោះ​គ្រាប់​បែក​មួយ​ក្រុម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភូមិ​នេះ ដើម្បី​សង្គ្រោះ​គ្រាប់​បែក​ទាំង​នោះ​ចេញ និង​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេង​ទៀត​កើត​ឡើង៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម