• 2019-03-01 02:55:00
  • ចរាចរណ៍

គិតទៅលឿនមែន! ​ជប៉ុនគោរពសន្យាជួសជុលស្ពានជូនកម្ពុជាឲ្យទាន់ពេលវេលា (មានវីដេអូ)

  • 2019-03-01 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) គ្រោង​នឹង​ដាក់​អោយ​ដំណើរការ​ជា​បណ្ដោះអាសន្ន ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ប្រភពរូបថត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

គម្រោង​ស្តា​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។

សូម​ទស្សនា​វីដេអូ​​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ស្ដីពី​ដំណើរការ​ជួសជុលស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ​(ស្ពានជ្រោយ​ចង្វារ ទី១)

គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ការ​ជួសជុល​សាងសង់​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​មាន​ក្រុមហ៊ុន Obayashi ជា​ក្រុម ហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន Central Consultant Inc ជា​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស។

ប្រភពរូបថត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

បើ​តាម​ប្រភព​ពី​ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ទៀត​ថា ជប៉ុន​នឹង​ប្រើ​បច្ចេកវិទ្យា​ទំនើប ធ្វើការ​សម្អាត ក្រោយ​ពី​ការ​ជួសជុល​រួចរាល់ ដោយ​មិន​មាន​ការ​បំពុល​ទៅ​ដល់​បរិស្ថាន​ទៀតផង។

ប្រភពរូបថត ស្ថានទូតជប៉ុននៅកម្ពុជា

កម្មករ​ជំនាញ​ជន​ជាតិ​ជប៉ុន និង​ខ្មែរ​ខិត​ខំ​ជួស​ជុល​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​សម្រាក ឥឡូវ​ដើមឆ្នាំ២០១៩​នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿន​ជាង​ការ​គ្រោង​ទុក​១៤​ភាគរយ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សូម​រំលឹក​ថា ផ្អែក​លើ​កិច្ច​ព្រមព្រៀង ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៩ ប៉ុន្តែ​ដោយសារ​ការអនុវត្ត​គម្រោង​នេះ​លឿន​ជាង​ការ​គ្រោងទុក ស្ពាន​នេះ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ខាង​មុខ​នេះ៕

អត្ថបទ៖ ពៅ រក្សា

មតិយោបល់