• 2019-03-02 04:41:59
  • ស្នេហា

អ្នក​ចិត្តសាស្ត្រ​កំណត់​ ៧​ប្រភេទ​នៃ​ស្នេហា និង ប្រភេទ​​ចុង​ក្រោយ ​​​មាន​មនុស្ស​តិច​តួច​ដែល​ធ្លាប់​មាន

  • 2019-03-02 04:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ស្នេហា​ជា​អ្វី?

ទស្សនវិទូ និង អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាយាម​ឆ្លើយ​សំណួរ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ អ្នកចិត្តវិជ្ជា​ជនជាតិ​អាមេរិក​ឈ្មោះ Robert Sternberg បាន​បង្កើត​ទ្រឹស្ដី​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ត្រូវ​មាន​យ៉ាង​ហោច​ណាស់​ធាតុ​ផ្សំ​៣ ​រួម​មាន៖

ទី១ អារម្មណ៍​នៃ​ភាព​ស្និទ្ធស្នាល

ទី២ ចំណង់

ទី​៣ ការ​ប្តេជ្ញា​ចិត្ត

យោង​តាម​ការ​យល់​ឃើញ​របស់​លោក ចំណុច​ទាំង​៣​នេះ​ហើយ ដែល​បាន​បង្កើត​អារម្មណ៍​ដ៏​ស្រស់​ស្អាត ដែល​នាំ​ឲ្យ​មាន​ចម្រៀង និង សៀវភៅ រាប់​ពាន់​លាន​ក្បាល​បាន​​ច្រៀង​និង​សរសេរ​អំពី​ស្នេហា។

ខាង​ក្រោម​នេះ​គឺ​ជា​ស្នេហា​ទាំង​៧​ប្រភេទ​ដែល​ Sternberg បាន​កំណត់៖

១ ការ​ចាប់ចិត្ត

គូ​ស្នេហ៍​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​សោះ​ពី​មុន​មក ប៉ុន្តែ​អារម្មណ៍​ស្រលាញ់​​បាន​កើត​ឡើង​ នៅ​ពេល​ជួប​គ្នា​ដំបូង ហើយ​វា​អាច​​ចាប់​ផ្តើម​ពី​គេ​ទាំង​២​នាក់ ឬ នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ចាប់ផ្តើម​មុន។ យោង​តាម​ទស្សនវិទូ​ខាង​លើ ការ​ចាប់ចិត្ត​ បាន​នាំ​ទៅ​ដល់​ការ​ស្រលាញ់ ប៉ុន្តែ​គូ​ស្នេហ៍​ជា​ច្រើន​មិន​ស្ថិត​ក្នុង​ស្នេហា​ប្រភេទ​នេះ​ទេ។

២ ភាព​ដូច​គ្នា

​សេចក្ដី​ស្រឡាញ់​ក្នុង​ប្រភេទ​នេះ​គូ​ស្នេហ៍​ជា​ទូទៅ គឺ​តែង​មាន​ចំណុច​ដូច​គ្នា​ជា​ច្រើន ផលប្រយោជន៍​រួម ទស្សនវិស័យ​អំពី​ជីវិត​ដូច​គ្នា និង តែង​មាន​អារម្មណ៍​នៃ​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ចិត្ដសាស្ដ្រ​ជឿ​ថា​ ភាព​ស្និទ្ធស្នាល បែប​នេះ​ដោយ​គ្មាន​ចំណង់ ​ទំនាក់ទំនង​បែប​នេះ​មាន​លក្ខណៈ​ជា​​មិត្ដភាព​ជាង​សេចក្ដី​ស្រឡាញ់។

៣ សេចក្តី​ស្រឡាញ់​ទទេ

គូស្វាមី​ភរិយា​ដែល​មាន​ប្រភេទ​ស្នេហា​បែប​នេះ​ មាន​ការ​ប្តេជ្ញាចិត្ត ប៉ុន្តែ​ គ្មាន​ភាព​ស្និទ្ធស្នាល និង ចំណង់។ ពេល​ខ្លះ​ប្រភេទ​នៃ​ទំនាក់​ទំនង​នេះ ដំបូង​ឡើយ​កើត​​​ឡើង​​ពី​ក្តី​ស្រលាញ់​ដ៏​ធំ​ធេង​តែ​ក្រោយ​មក​ក៏​មាន​អារម្មណ៍​ណាយ​នឹង​គ្នា។

៤ ស្នេហា​គ្មាន​ជម្រៅ (Fatuous love)

ប្រភេទ​ស្នេហា​​បែប​នេះ ជា​ប្រភេទ​ស្នេហា​ដែល​មនុស្ស​ ២ នាក់​ចាប់​អារម្មណ៍​នឹង​គ្នា ដោយ​ពេល​ខ្លះ​កើតឡើង​នៅ​ពេល​ពួកគេ​​​គោរព​តាម​ប្រពៃណី​ដូច​ជា​ការ​រៀបការ ឬ ដោយសារ​ការ​រៀប​ចំ ប៉ុន្តែ មិន​មាន​ភាព​ស្និទ្ធស្នាល​ពិត​ប្រាកដ​ឡើយ។

អ្នក​ចិត្តវិទ្យា​គិត​ថា​គូស្នេហ៍​បែប​នេះ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ ប៉ុន្តែ​សុភមង្គល​របស់​ពួកគេ​គឺ​មាន​លក្ខណៈ​ជា​​ទំនាក់​ទំនង​ជាង។

៥ ស្នេហា​រ៉ូមែនទិក

សេចក្ដី​ស្រឡាញ់​ប្រភេទ​នេះ​មាន​ធាតុផ្សំ​២​សំខាន់​នោះ​គឺ ចំណង់ និង ភាព​ស្និទ្ធស្នាល។ គូ​ស្នេហ៍​នេះ​​មាន​អារម្មណ៍​ថា​ដៃ​គូ​របស់​ពួកគេ​​មាន​ភាព​ទាក់ទាញ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក និង តែង​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​​នៅ​ពេល​បាន​នៅ​ក្បែរ​គ្នា ប៉ុន្តែ​ពួកគេ​មិន​ទាន់​​បាន​ត្រៀម​ខ្លួន​​ក្នុង​ការ​តាំង​ចិត្ត​ដើម្បី​ជម្នះ​ឧបសគ្គ​ធំៗ​សម្រាប់​ជីវិត​​គូ​របស់​ពួកគេ​នៅ​ឡើយ។

La La Land ដែល​បាន​គ្រង​ពាន​រង្វាន់​អូស្កា​ច្រើន​បំផុត​រហូត​ដល់​ចំនួន ១៤ ក្នុង​១​ខ្សែ​ភាពយន្ត​ ផលិតករ​ Damien Chazelleទំនង​ជា​ចង់​បង្ហាញ​ពី​ស្នេហា​ដ៏​រ៉ូមែនទិក​​គូស្នេហ៍​មួយ​គូ ចាប់ផ្តើម​ស្គាល់​គ្នា​នៅ​ពេល​ពួកគេ​បរាជ័យ​នៅ​ក្នុង​អាជីព​ការងារ។ មនោសញ្ចេតនា​របស់​គូ​ស្នេហ៍​ទាំង​២​តែង​ដុះដាល​​ជា​ដរាប​គ្រប់​ពេល​​ដែល​ពួកគេ​នៅ​ក្បែរ​គ្នា។ ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ក៏​បាន​បែក​គ្នា​ដោយសារ​តែ​ម្នាក់ៗ​សុទ្ធ​តែ​ចង់​បោះជំហាន​​ទៅ​រក​គោលដៅ​រៀងៗ​ខ្លួន។

​អ្នក​និពន្ធ​បាន​បញ្ចប់​រឿង​ដោយ​គ្រោតគ្រាត​បំផុត។ ទីបំផុត​តួ​ប្រុស Sebastianបាន​បើក​ក្លឹប​ចង្វាក់ jazz របស់​ខ្លួន​បាន​សម្រេច រីឯ​តួស្រី​ Mia ក្រោយ​បាន​សម្រេច​ក្តី​សុបិន​​ក្លាយ​ជា​តារា​សម្តែង ​ខណៈ​ពួកគេ​កំពុង​ជម្នះ​ឧបសគ្គ​រៀងៗ​ខ្លួន នាង​ក៏​បាន​ស្រលាញ់​ និង បាន​រៀបការ​ជាមួយ​បុរស​ដទៃ​ផង​ដែរ។

៦ គូស្នេហ៍​សហជីវិន

គូស្នេហ៍​ប្រភេទ​នេះ​មាន​ការ​ប្តេជ្ញា​​ចិត្ត ភាព​ស្និទ្ធស្នាល តែ​ខ្វះ​មនោសញ្ចេតនា។ ទំនាក់ទំនង​បែបនេះ មាន​ភាព​ជា​ដៃគូ​សហការ និង មិត្តភាព​ជាង​ក្តី​ស្រលាញ់។ ប៉ុន្តែ​អ្នកចិត្តសាស្រ្ត​និយាយ​ថា ទំនាក់ទំនង​ស្នេហ៍​ពួកគេ​អាច​នឹង​ដុះដាល​ស៊ីជម្រៅ ក្រោយ​រៀបការ​ជាមួយ​គ្នា​​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។

៧ ស្នេហា​ពេញលេញ

ស្នេហា​នេះ​មាន​សមាសធាតុ​ទាំង​៣ រួម​មាន​៖ ចំណង់ ភាព​ស្និទ្ធស្នាល និង ការ​ប្តេជ្ញាចិត្ត។ ពិតណាស់ កម្រិត​នៃ​ការ​ស្រលាញ់ និង ផ្តល់​ឲ្យ​រវាង​គូ​ស្នេហ៍​ទាំង​២​មិន​ប្រាកដ​ថា​ស្មើ​គ្នា​ទេ។

ម្យ៉ាង​ទៀត ទំនាក់ទំនង​ស្នេហ៍​ប្រភេទ​​នេះ​ក៏​កម្រ​ឃើញ​ដែរ​ ពិសេស​នៅ​សម័យ​កាល​ដែល​មនុស្ស​​២​នាក់​ស្រលាញ់​គ្នា​ដោយសារ​តែ​បង្ខំ​ចិត្ត​​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន ប៉ុន្តែ​​ប្រសិន​បើ​អ្នក​ចង់​បណ្តុះ​​ទំនាក់ទំនង​ប្រភេទ​នេះ​ឲ្យ​រីកស្គុះស្គាយ នោះ​មាន​ន័យ​ថា​ ពិតជា​ស្រឡាញ់​គ្នា​ទៅ​វិញទៅមក។

គូស្វាមីភរិយា​បែប​នេះ​ ទំនង​ជា​អាច​រស់​នៅ​ជាមួយ​គ្នា​យូរអង្វែង ដោយ​រីករាយ​នឹង​អាពាហ៍ពិពាហ៍​របស់​ពួកគេ៕ ​​​​​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម