• 2019-03-05 01:56:00
  • ព័ត៌មាន

ប្រទះឃើញខ្លារខិនកម្របំផុតនៅតៃវ៉ាន់ ក្រោយត្រូវគេគិតថាដាច់ពូជជិត ៤ទសវត្ស

  • 2019-03-05 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ខ្លា​រខិន​ប្រភេទ Formosan មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ព្រៃ​នៅ​ភាគ​អាគ្នេយ៍​នៃ​កោះ​តៃវ៉ាន់ ក្រោយ​គ្រប់គ្នា​គិត​ថា​វា​ដាច់​ពូជ​កាល​ពី​ជិត ៤០​ឆ្នាំ​មុន។

យោង​តាម Taiwan News ឲ្យ​ដឹង​ថា​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ក្នុង​សង្កាត់ Taitung កំពុង​ស៊ើប​អង្កេត​ករណី​នេះ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​អះអាង​ថា​ពួកគេ​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា​រខិន Formosan នៅ​ក្បែរ​ភូមិ Alangyi។ ក្រុម​អភិរក្ស​សត្វ​ទាំង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ចុះ​ទៅ​ឃ្លាំ​មើល​សត្វ​ព្រៃ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ហើយ​ក៏​ប្រទះ​ឃើញ​ខ្លា Formosan កំពុង​ប្រមាញ់​សត្វ​ពពែ​របស់​អ្នក​ភូមិ។ ជាមួយគ្នា​ដែរ មេភូមិ Alangyi បញ្ជាក់​ថា​ពិត​ជា​មាន​ការ​ប្រទះ​ឃើញ​សត្វ​ខ្លា​មែន​ប៉ុន្តែ​លោក​មិន​ទទួល​ព័ត៌មាន​ច្បាស់​ពី​ទីតាំង និង​ពេលវេលា​ជាក់​លាក់​នោះ​ទេ។

យ៉ាង​ណា​មិញ​អ្នក​ភូមិ Alangyi បាន​ធ្វើ​ការ​ប្រជុំ​មួយ​ដើម្បី​បន្ដ​តាមដាន​សត្វ​ខ្លា​នេះ​ទៀត ក៏​ដូចជា​ហាមប្រាម​អ្នក​ភូមិ​មិន​ឲ្យ​បរបាញ់​នៅ​តំបន់​នោះ​ព្រម​ទាំង​សកម្មភាព​រំខាន​ផ្សេង​ៗ​ដូច​ជា​ការ​កាប់​ឈើ​ជា​ដើម។ គួរ​ឲ្យ​ដឹង​ថា សត្វ​ខ្លា​រខិន​ប្រភេទ Formosan ត្រូវ​បាន​ប្រកាស​ថា​ដាច់​ពូជ​កាល​ពី​ឆ្នាំ ២០១៣ ក្រោយ​ពី​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​ដាក់​កាមេរ៉ា​បង្កប់​ជាង ១ ៥០០​គ្រឿង​ប៉ុន្តែ​មិន​អាច​ថត​ជាប់​វា​បាន ហើយ​ការ​ប្រទះ​ឃើញ​វា​ចុង​ក្រោយ​បង្អស់​​កាល​ពី​ឆ្នាំ ១៩៨៣ ពោល​គឺ​រយៈ​ពេល ៣៦​ឆ្នាំ៕

ប្រភព៖ nextshark ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម