• 2019-04-02 08:04:52
  • ការអប់រំ

មក​​ស្តាប់​​​​​​ការ​​ចែក​​​រំលែក​​​​បទ​ពិសោធន៍​​​ល្អ​ៗ​​​ពី​មេធាវីស្រ្តី​​​ឆ្នើម​​​របស់​​​​​កម្ពុជា (វីដេអូ)

  • 2019-04-02 08:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​​​​​​​​កម្មវិធី​​​​ The Bored Housewife ដែល​​​រៀប​​​​​ចំ​​ឡើង​​​ដោយ​​​​​​​​អ្នកស្រី​​​ Sapor Rendall បាន​​​ធ្វើ​​បទ​​សម្ភាស​ខ្លី​​​​តែ​បង្កប់​ខ្លឹម​សារ​ជា​មួយ​មេធាវី​ស្រ្តី​​​ឆ្នើម​​​របស់​​​​​កម្ពុជា គឺ​​​អ្នក​​​​​ស្រី ​Mealy Khieu ​ទាក់​​​ទង​ទៅ​នឹង​​​​ជីវិត​​និង​​ការងារ​​ប្រចាំ​​ថ្ងៃ​​។

តាម​វីដេអូ​នៃ​កិច្ចសម្ភាស អ្នក​​​ស្រី​​​​​​​​​ Mealy ​​Khieu បាន​​​ចូល​​ប្រឡូក​​​​​​​​ក្នុង​​​​​​វិស័យ​ច្បាប់ ចាប់​​​​តាំង​​ពី​​​ឆ្នាំ​​​​១៩៩៦​មក​​ម្ល៉េះ។ នា​​ពេល​​​​​នោះ​​​​​ អ្នក​​ស្រី​មាន​តួ​នាទី​​​​​ជា​ប្រធាន​គ្រប់គ្រង​​​​ការិយាល័យ​​​​តាម​ក្រុម​ហ៊ុនច្បាប់​​​ផ្សេងៗ​។ រហូត​​មក​​​​​​ដល់​ឆ្នាំ​​​២០០៤ ​​​​ទើប​​​​​​អ្នក​​ស្រី​​​បាន​​​​ក្លាយ​ទៅ​ជា​​មេធាវី​មួយ​​​រូប ព្រម​​ទាំង​​​​​​​ក្លាយ​​​ជា​​ដៃ​​គូ​​​​របស់ SokSiphana&associates ដែល​ជា​​​​​​​​​សមាជិកមួយ​​នៃ​​​ច្បាប់ ZICO ក្នុង​​​ឆ្នាំ​​​​​២០១២។

អ្នក​​ស្រី​​​មេធាវី​បាន​​​និយាយ​​​រៀប​​​​​​រាប់​​ថា "ប្រាកដ​ណាស់ ក្នុង​​​​​នាម​​​ខ្ញុំ​​ជា​​​មេធាវី​ស្រី​​​​​​​មួយ​​​រូប​​​​​​ នៅ​​ប្រទេស​​កម្ពុជា វា​​​​​ពិត​​ជា​​មាន​​ផល​​លំបាក​​​បន្តិច​​មែន ដោយ​​សារ​​​​តែ​​​​​​មុខ​​តំណែង​​​​​​តួនាទី​​​​​​ធំៗ​​​ក្នុង​​​​​​វិស័យ​ច្បាប់​ ភាគ​​​ច្រើន​គឺ​កាន់​​​កាប់​​ដោយ​​​មនុស្ស​​ប្រុស​​​​។​ ដូច្នេះ​​ហើយ​ទើប​បាន​​​ជា​​​ខ្ញុំ​ត្រូវ​​តែ​​​ព្យាយាម​អភិវឌ្ឍ ​និង​​​​​​ពង្រឹង​​​សមត្ថភាព​​មិន​ឲ្យ​​ចាញ់​​ខាង​​​​បុរស​ឡើយ”​។

បើ​​​និយាយ​​ពី​​​ការ​​កិច្ច​ការ​​ក្នុង​គ្រួសារ​​វិញ មេធាវី​​ស្រ្តី​​ឆ្នើម​​រូប​​នេះ​​​បាន​បញ្ជាក់​​​ទៀត​ថា​​​​ "ទោះ​​បី​​​​ជីវិត​​មាន​ភាព​​មមាញឹក​​​ខ្លាំង​​យ៉ាង​ណា​ក៏​​​ដោយ ខ្ញុំ​​​នៅ​​​តែ​អាច​​​ថ្លឹង​​ថ្លែង​​​ច្បាស់​លាស់​​​សម្រាប់​​ខ្លួន​ឯង គ្រួសារ​​ និង​​ការងារ​​​​​​។ ជាក់​​ស្តែង​​ដូច​​ជា​​​​ពេល​ដែល​​កូន​​​ៗ​​​​នៅ​តូច ស្វាមី​របស់​​​ខ្ញុំ​​​​តែងតែទៅ​បំពេញ​​​ការងារ​​​នៅ​ក្រៅ​​ប្រទេស​​​ច្រើន ដូច្នេះ​ហើយ​​​ខ្ញុំ​​​​ត្រូវ​ឆ្លៀត​​ពេល​​​​ធ្វើ​ការងារ​ឯករាជ្យ​​​​​នៅ​​​ផ្ទះ​​ (Freelancer) និង​​ធ្វើ​ពេល​​​​​យប់​​បន្ថែម នៅ​ពេល​​កូន​​​​​ៗ​ចូល​គេង​​​​​ ​រហូត​​​​​​​ដល់​​ពួក​គេ​​បាន​ធំ​​បន្តិច​ ទើប​​ខ្ញុំ​​អាច​​​ធ្វើ​​ការ​​​​ពេញ​ម៉ោង។ ម្យ៉ាង​វិញ​​ទៀត ការ​​បែង​ចែក​​​​ពេល​​វេលា​​សម្រាប់​ការងារ​​​​ ត្រូវ​​​​​ផ្តោត​លើ​​ចំណុច​​​​​​ធំ​ពីរ គឺត្រូវ​​​​​​​​ដឹង​​​​ថា​​មួយ​ណា​ជា​ការងារ​​​​​សំខាន់​​​​ មួយ​ណា​ជា​ការងារ​​បន្ទាន់​​​​​​​​​​​​"។ អ្នក​ស្រី​​​បញ្ជាក់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​​​​ចុង​​​ក្រោយ មេធាវី​​ស្រ្តី​​ឆ្នើម​​ដដែល​បាន​​ផ្តាំ​​ផ្ញើ​​​​ទៅ​​កាន់​​មនុស្ស​​​​ស្រី​​ទាំង​អស់ ឲ្យ​​​ចេះ​​​​កំណត់​គោលដៅ​​ជីវិត​​ឲ្យ​​បាន​​​ច្បាស់​លាស់ និង​​​​តស៊ូ​​ជម្នះ​​​​​យក​​​​វា​ឲ្យ​​បាន។ កុំ​​ភ័យ​​ខ្លាច​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ការ​​មាន​កំហុស ព្រោះ​​​​​កំហុស​ជា​​ផ្នែក​មួយ​​នៃ​ជីវិត​​ដែល​ជៀស​មិន​ផុត ប៉ុន្តែ​វា​ក៏​ជា​​មេរៀន​​​​ដ៏​ល្អ​​សម្រាប់​​អ្នក​​ផង​ដែរ​​។ ជា​​ពិសេស​​​​ អ្នក​​ស្រី​​​​ចូល​​​​​រួម​​​​លើក​ទឹក​​ចិត្ត​​​ឲ្យ​​មនុស្ស​ស្រីគ្រប់​​​​រូប​ ត្រូវ​​​​ក្រេប​​​យក​​​​ចំណេះ​​​ដឹង​​​​ឲ្យ​​បាន​​​ខ្ពង់​​ខ្ពស់​​​​នោះ​​ទើប​​​អាច​ទទួល​បាន​​ផល​ប្រយោជន៍​ធំ​​មក​​វិញ​​នា​ពេល​អនាគត។

​គួរ​​បញ្ជាក់​​ដែរ​​​ថា កាល​​ពី​​​ថ្មីៗ​នេះ អ្នក​​ស្រី​​​​  Mealy Khieu ទើប​តែ​​​​ទទួល​បាន​ពាន​​​​រង្វាន់​​​​​​ លើ​​​ផ្នែក​ភាព​​​ជា​អ្នក​​​​​ដឹក​នាំ​​​ល្អ ពី CMO Asia នៅ​​​ប្រទេស​ថៃ​​ផង​ដែរ​៕​​​​​​​​​​​​​​​​​​​​​​​

ចង់​ដឹង​ពិ​កិច្ចសម្ភាស​ទាំង​ស្រុង សូម​ទស្សនា​វិដេអូ​ខាង​ក្រោម៖

​​​​​​​​​​​​​​ចុចអានបន្ត៖

​​​ប្រភពរូបភាព៖ គណនីហ្វេសប៊ុក Mealy Khieu

អត្ថបទ៖ ដេត ឈុនអ៊ី

មតិយោបល់
អត្ថបទពេញនិយម