• 2019-04-11 01:56:01
  • ព័ត៌មាន

ស្លាប់យ៉ាងហោច ២នាក់ ក្រោយភ្លើងឆាបឆេះផ្សារទំនើបនៅកណ្ដាលក្រុងបាងកក (មានវីដេអូ)

  • 2019-04-11 01:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គីភ័យ​មួយ បាន​ឆាបឆេះ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ទី ១០ ខែ​មេសា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ២​នាក់​ស្លាប់​និង​ជាង​ដប់​នាក់​ទៀត​រង​របួស។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ផ្សារ​ទំនើប Central World ឲ្យ​ដឹង​ថា​អគ្គីភ័យ​ចាប់​ផ្ដើម​ឆាប​ឆេះ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៥:៤០​នាទី​ល្ងាច​ដែល​ផ្ដើម​ចេញ​ពី​បន្ទប់​ដាក់​ឯកសារ​នៅ​ជាន់​ទី ៨។ ក្រុម​ពន្លត់​អគ្គីភ័យ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​នាំ​គ្នា​រត់​ចេញ​ពី​អគារ។ យ៉ាង​ណា​មិញ ក្រុម​ពន្លត់​អគ្គីភ័យ​ចំណាយ​ពេល​ប្រមាណ ៣០​នាទី​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ហើយ​ក្រុមហ៊ុន​អះអាង​ថា​ជន​រង​គ្រោះ​ជា​បុគ្គលិក​នៅ​ទី​នោះ​ផ្ទាល់។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​អគ្គីភ័យ​ឆាប​ឆេះ​អគារ​ផ្សារ​ទំនើប​ដ៏​ល្បី​ក្នុង​ទីក្រុង​បាងកក​នេះ បាន​កើត​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ប្រជាជន​ថៃ​ប្រារព្ធ​សង្ក្រាន្ត​ចាប់​ពី​ថ្ងៃ​ទី ១៣​ដល់ ១៥​ខែ​មេសា​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ VOA News ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់