• 2019-04-18 10:05:07
  • សុខភាព

ស្នេហា​អាច​ជួយ​អ្វី​ខ្លះ​ដល់​សុខភាព?

  • 2019-04-18 10:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា សំដៅ​ដល់​ក្ដី​ស្រលាញ់​ពេញ​ចិត្ត ហើយ​វា​កើត​ឡើង​ដោយ​ទម្រង់​ផ្សេងៗ​ដូចជា ស្នេហា​លក្ខណៈ​ជា​មិត្តភាព សង្សារ ឬ​ប្ដី​ប្រពន្ធ កូន​ចៅ រវាង​ភេទ​ដូច​គ្នា និង​ក្ដី​ស្រលាញ់​ចំពោះ​សត្វ​ចិញ្ចឹម​ជា​ដើម​។ កាល​ណា​ក្ដី​ស្រលាញ់ ត្រូវ​បាន​តប​មក​វិញ​ដោយ​ក្ដី​ស្រលាញ់ និង​ភាព​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក​នោះ គឺ​ជា​ឱសថ​ទិព្វ​ម្យ៉ាង ដែល​ជួយ​ឲ្យ​មនុស្ស​ទទួល​អារម្មណ៍​ថា​មាន​សេចក្ដី​សុខ​លើស​អ្វីៗ​ទាំង​អស់​។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​បាន​លើក​យក​គុណ​សម្បត្តិ​ជា​ច្រើន​នៃ​ស្នេហា​មក​បរិយាយ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​របស់​ខ្លួន​។

រូបភាព​តំណាង

១. ស្នេហា​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ភាព​តានតឹង (Stress) បាន​បំផ្លាញ​កោសិកា​ប្រសាទ​របស់​ខួរ​ក្បាល (Neurons) ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ការ​គិត​របស់​មនុស្ស​ចុះ​ខ្សោយ និង​មួម៉ៅ​។ ប៉ុន្តែ​ការ​កាន់​ដៃ ឬ​ការ​ឱប​ដោយ​ក្ដី​ស្រលាញ់​ចេញ​ពី​បេះដូង ពិត​ជា​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ក្នុង​អារម្មណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។ នេះ​បើ​តាម​ការ​សិក្សា​របស់​សាស្ត្រាចារ្យ​ជនជាតិ​អាមេរិក​៣​រូប​គឺ​លោក​ស្រី Kathleen C.Light លោក​ស្រី Karen M.Grewen និង​លោក​ស្រី Janet A. Amico ទៅ​លើ​ស្ត្រី​ក្នុង​ក្នុង​វ័យ​បន្ត​ពូជ​ចំនួន​៥៩​នាក់​។ ការ​សិក្សា​ទៅ​លើ​គូ​ស្វាមី​ភរិយា ដោយ​សាស្ត្រាចារ្យ​៣​រូប​ទៀត គឺ​លោក James A. Coan លោកស្រី Hillary S. Schaefer និង​លោក Richard J. Davidsonបង្ហាញ​ថា ការ​កាន់​ដៃ​គ្នា​ជា​មួយ​ដៃ​គូរ​ស្នេហា គឺ​ជា​ឱសថ​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ចិត្ត​ល្អ​បំផុត​។ ប៉ុន្តែ​លោក​ស្រី Sarah Riforgiate និង​លោក Kory Floyd អ្នក​ជំនាញ​ខាង​ទំនាក់ទំនង​បាន​បង្ហាញ​ថា មិន​មែន​គ្រាន់​តែ​ការ​ឱប ការ​ថើប និង​កាន់​តែ​ប៉ុណ្ណោះ​ទេ ដែល​អាច​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​បាន គឺ​ត្រូវ​ការ​ពាក្យ​ផ្អែមល្ហែម​ដូច​ជា បង​ស្រលាញ់​អូន ឬ​អូន​ស្រលាញ់​បង និង​ការ​គាំទ្រ​ពី​មនុស្ស​ខ្លួន​ស្រលាញ់​តាម​រយៈ ការ​ឲ្យ​យោបល់​ល្អៗ និងនិយាយ​រឿង​សប្បាយ​រីករាយ ជា​ដើម​។

រូបភាព​តំណាង

២. ស្នេហា​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​សុខភាព មិន​មែន​ជា​រឿង​លេង​សើច​ទេ ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា អ្នក​ដែល​មាន​ស្នេហា និង​ការ​ស្និទ្ធស្នាល​គ្នា​ជា​មួយ​ដៃគូ រាង​កាយ​នឹង​បង្កើន​នូវ​សារធាតុ​ម្យ៉ាង​ហៅថា IgA ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ឈាម​។ IgA ជា​អង់ទីគ័រ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ដែល​បង្ក​ដោយ​បាក់តេរី​ក្នុង​សារពាង្គកាយ​ ដូច​ជា​ទឹក​រំអិល​ក្នុង​ក្រពះ​ជួយ​ការពារ​មេរោគ​ផ្សេងៗ​ក្នុង​ចំណី​អាហារ​ដែល​បាន​ញ៉ាំ ទឹក​សំបោរ​ការពារ​បាក់តេរី​ក្នុង​ខ្យល់ និង​ធូលី​ជា​ដើម​។

រូបភាព​តំណាង

៣. ស្នេហា​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ ស្នេហា​ក៏​អាច​ជួយ​សម្រាល​ការ​ឈឺចាប់​ដោយ​សារ​របួស ឬ​ជំងឺ​ផង​ដែរ​។ របាយការណ៍​ខ្លី​មួយ ដែល​ស្រាវជ្រាវ​ដោយ ក្រុម​សាស្ត្រាចារ្យ​នៃ​សកលវិទ្យាល័យ University of California មាន​ចំណង​ជើង​ថា A Picture's Worth បាន​រៀបរាប់​ថា ស្ត្រី​ដែល​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ចំនួន​២៥​នាក់ មាន​បទពិសោធន៍​កាត់​បន្ថយ​ការ​ឈឺចាប់​របស់​ពួកគេ តាម​រយៈ​ការ​កាន់​ដៃ ការ​ឱប និង​មើល​រូបថត​ដៃ​គូ​ស្នេហា​របស់​ពួក​គេ​។ សកម្មភាព​ទាំង​អស់​នេះ​បាន​ជំរុញ​ឲ្យ​ខួរក្បាល​កាត់​បន្ថយ​ការ​ផ្ដោត​មួយ​ចំនួន​លើ​មុខ​សញ្ញា​ដែល​ធ្វើ​ឲ្យ​កើត​ការ​ឈឺចាប់​។

រូបភាព​តំណាង

៤. ស្នេហា​ធ្វើ​ឲ្យ​អាយុ​វែង គ្រាន់​តែ​បង្កើន​ក្ដី​ស្រលាញ់​ចំពោះ​គូស្នេហ៍ និង​អ្នក​នៅ​ជុំវិញ​ខ្លួន នោះ​ក៏​អាច​ជួយ​ពន្យារ​អាយុ​បាន​ដែរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ស្នេហា សន្តាន​ចិត្ត​ល្អ និង​អនុវត្ត​ការ​សមាធិ​បាន​ជាប់​លាប់ គឺ​អាច​ជួយ​ពង្រឹង​តេឡូមែរ (Telomeres) ដែល​ជា​តំណ​ភ្ជាប់​នៃ DNA ជួយ​ឲ្យ​មនុស្ស​រស់​បាន​យូរ​។

តាម​រយៈ​អត្ថបទ​នេះ សូម​កុំ​ច្រឡំ​ថា ស្នេហា​សំដៅ​តែ​លើ ក្ដី​ស្រលាញ់​រវាង​សង្សារ ឬ​ប្ដី​ប្រពន្ធ​ឲ្យ​សោះ ក្ដី​ស្រលាញ់​មាន​ច្រើន​ទម្រង់ ច្រើន​បែប​យ៉ាង ដែល​ពុំ​អាច​កំណត់​បាន​។ ដូច្នេះ​ហើយ កុំ​អាក់អន់ចិត្ត​ត្បិត​ថា ខ្លួន​ឯង​នៅ Single ហើយ​ខ្វះ​ក្ដី​ស្រលាញ់​ឲ្យ​សោះ បង្កើន​ក្ដី​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន និង​ចែក​រំលែក​ទៅ​កាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន អ្នក​នឹង​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​គេ​វិញ​ជាក់​ជា​មិន​ខាន​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់
អត្ថបទពេញនិយម