• 2019-04-19 04:17:02
  • ព័ត៌មាន

រឿង​រំជួល​ចិត្ត​របស់នារីកេនយ៉ាម្នាក់ កើត​កូនមក​ខុសប្រក្រតីត្រូវ​ប្ដីបោះបង់​ចោល​

  • 2019-04-19 04:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

Catherine  ជា​ឈ្មោះ​​ដែល​អ្នក​និព​ន្ធ​ដាក់​ឲ្យ​នារី​កេនយ៉ា​ម្នាក់។ Catherine  បាន​បង្កើត​​កូន​ម្នាក់​កាលពី​ឆ្នាំ២០០៩។ ប៉ុន្តែ​​ការ​ផ្តល់​កំណើត​កូន​មួយ​នេះ​បាន​បង្កើត​ជា​រឿង​មួយ​ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​នាង​សម្លាប់​ខ្លួន និង​កូន​ដែល​ទើប​កើត។

កូន​របស់Catherine  ​ដែល​ទើប​កើត​នោះ​មាន​ប្រ​ដាប់​ភេទ​ដល់​ទៅពីរ​ទាំងប្រុស និង​ស្រី។ ពេល​កូន​នោះ​កើត​មក​អ្នក​ជិត​ខាង​បាន​ឲ្យ​Catherine  ​នាំកូនទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ ប៉ុន្តែត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីពេទ្យ​ធំ​បន្តទៀត។

គ្រូ​ពេទ្យ​បាន​ចេញ​លិខិត​បញ្ជាក់​កំណើត​ជូន​កូន​Catherine ​​តែ​នៅ​ត្រង់​ប្រអប់បញ្ជាក់ពី​ភេទ​គ្រូពេទ្យ​បាន​ដាក់ជា​សញ្ញាសួរជំនួស​ពាក្យ​ថា​ស្រី​ឬ​ប្រុសទៅ​វិញ។

កូន​កើត​មក​មានភេទ​ពីរដូចនេះ​បាន​ធ្វើ​ឲ្យ​ស្វាមី​របស់​Catherine  ​បោះ​បង់​នាង​ និង​កូន​ចោល ដោយ​លើក​ឡើងថា​ត្រកូល​របស់​ខ្លួន​មិនដែល​មានកូន​ប្រ​ភេទនេះទេ និង​ចោទ​Catherine  ថា​មាន​កូន​ជា​មួយ​អ្នក​ផ្សេង។

Catherine  និយាយថា៖ «ខ្ញុំ​វិល​វល់ អស់​ហើយ​ ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់»។​

តាំងពី​ពេល​នោះ​មក​Catherine  ​ត្រូវ​បន្ត​រស​ចិញ្ចឹម​កូន​តែឯង​ដោយ​បាន​​​ផ្ទះ​បង​ស្រី​ជាជម្រក​។ ​ដោយ​ពិបាក​ចិត្ត​ពេក​ មានពេល​មួយ​Catherine  ​បាន​យក​ថ្នាំ​កណ្តុរ​លាយ​ក្នុង​អាហារ​ដើម្បី​បញ្ចប់​ជីវិត​ខ្លួន និង​កូន ប៉ុន្តែ​ចុង​ក្រោយ​នាង​សម្រេច​ចិត្ត​បោះបង់គំនិត​នេះ​វិញ។

Catherine  បាន​រត់ទៅ​កាន់​ព្រះ​វិហារ និង​បាន​និយាយ​ទៅ​កាន់​លោក​ឱពុក​នៅ​ទី​ទោះ​ពី​ទុក្ខកង្វល់​របស់​នាង។ លោកឪ​ពុក​បាន​ប្រាប់នាង​ថា​នៅលើ​ផែន​ដី​នេះ​មាន​មនុស្ស​ច្រើន​ណាស់​កើត​មក​មាន​ភេទពីរ​ដូច​នេះ ព្រះនឹង​តាមជួយ​នាង ហើយ​នាង​នឹង​កូន​ត្រូវ​តែរស់​​។

ច្រើន​សប្ដាហ៍​ក្រោយ​ពេល​ផ្ដល់​កំណើត​ឲ្យ​កូន នាង​បាន​ត្រឡប់ទៅធ្វើការ​វិញ​ដើម្បី​រក​ប្រាក់ខ្លះៗ​ចិញ្ចឹម​កូន។ អ្វី​ដែល​កាន់តែធ្វើ​ឲ្យ​នាង​ខ្វល់ខ្វាយ​កាន់តែ​ខ្លាំង​គឺ​ការ​ណែនាំរបស់​គ្រូពេទ្យ​ឲ្យ​កូន​នាង​ទទួលការ​វះកាត់។

គ្រូ​ពេទ្យ​ប្រាប់​ថា​កូន​នាង​មាន​អ័រម៉ូន​ភេទប្រុស​ច្រើនជាង​ភេទស្រី ដូច​នេះអ្វីដែល​គួរ​ធ្វើ​គឺវះកាត់​បិទ​ភ្ជិត​ប្រ​ដាប់​ភេទ​ស្រី និង​រក្សា​ទុក​ប្រដាប់ភេទ​ប្រុសវិញ។

ដំបូង​ឡើង​​Catherine​មាន​ភាព​ស្ទាក់ស្ទើរ​ចំពោះ​គំនិតនេះ តែ​ជាង​មួយ​ឆ្នាំ​ក្រោយ​មក​នាង​ក៏បាន​សម្រេចិត្ត​តាម​គំនិត​របស់គ្រូពេទ្យ។

បញ្ហា​មួយ​ទៀត​ដែលនាង​ជួប​ប្រ​ទះគឺ​ថា​ពេល​ពេទ្យ​ផ្ដល់​សំបុត្រ​កំណើត​មិនបាន​ដាក់​ភេទ​ឲ្យ​កូន​របស់​នាង​នោះទេ។ ការណ៍នេះ​នៅ​ប្រ​ទេសកេនយ៉ា កូន​របស់​​Catherine​មិន​អាច​ចុះ​ឈ្មោះ​ចូល​រៀន ឬ​កាន់​លិខិត​ឆ្លង​ដែនបាន​នោះ​ទេ​។

ជួប​បញ្ហា​នេះ​Catherineបាន​រក​ជំនួយពី​ខាង​ក្រៅ។ ទីបំផុត​នាង​បាន​ជួបមេ​ធាវីម្នាក់​ដែល​ព្រម​ជួយនាង​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​របស់​ប្រទេស​​កេនយ៉ា ដើម្បី​ឲ្យ​ទទួលស្គាល់​ និង​ផ្ដល់​សំបុត្រ​កំណើត​ថ្មី​ឲ្យ​កូន​របស់​នាង។

នៅទីបំផុត​សំណុំ​រឿង​របស់​Catherine​បាន​ធ្វើ​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ច្រើន​ចំពោះ​អ្នក​ដែល​កើត​មក​មាន​ភេទពីរ​បែបនេះ។

នៅ​ឆ្នាំ​២០១៤ តុលាការ​ជាន់​ខ្ពស់​របស់​កេនយ៉ា បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ចេញ​សំបុត្រ​កំណើត​ថ្មី​មួយ​ដោយ​មាន​ដាក់​ទាំង​ភេទ ផង​ឲ្យ​កូន​របស់​​Catherine។

​​មក​ដល់ពេលនេះ​កូន​របស់​Catherine​ អាយុជិត​១០​ឆ្នាំ​ហើយ ជាកូន​​ប្រុស។ ទោះយ៉ាងណា​​Catherine​នៅតែ​គិតថា​តើ​ការ​សម្រេច​ចិត្ត​របស់​នាង​នាពេល​នោះ​ដែល​ឲ្យគ្រូពេទ្យ​វះកាត់​ទុក​ភេទ​ប្រុស​ឲ្យ​កូន​របស់​នាង​ជាជម្រើស​ត្រឹម​ត្រូវ​ឬយ៉ាងណា។

នាង​និយាយថា​កូន​របស់​នាង​មិន​ចូល​ចិត្ត​លេង​ជាមួយ​ក្មេងដទៃទេ ហើយ​នាង​ក៏​មិន​ធ្លាប់​បាន​សួរ​កូន​ដែរថា​កូន​នាង​កំណត់​ខ្លួនជា​ស្រី ឬ​ប្រុស។

ផ្អែក​តាម​បទ​ពិសោធន៍នេះ​​Catherine​ បាន​ផ្ដាំទៅឪ​ពុក​ម្ដាយ​ទាំងឡាយដែល​មាន​កូន​ដូច​នាង​ថា៖​​ «ទុកឲ្យ​កូន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ពេល​គេពេញ​វ័យ កុំ​តាម​គ្រូពេទ្យ ព្រោះពេទ្យមិន​មែន​ជា​ព្រះ​នោះ​ទេ»៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម