• 2019-05-07 04:45:31
  • ព័ត៌មាន

វីរបុរសសង្គ្រោះក្មេងស្រីពីការផ្ទុះហ្គាសរថយន្ត ប្រឈមនឹងការខ្ចីប្រាក់ធនាគារព្យាបាលខ្លួន

  • 2019-05-07 04:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឃុត សំណាង ដែល​គេ​ស្គាល់​ថា​ជា​វីរបុរស​ជួយ​សង្គ្រោះ​​ក្មេង​ស្រី​​ក្នុង​គ្រោះ​អគ្គីភ័យ​ផ្ទុះ​ហ្គាស​រថយន្ត​ ​ហើយ​​លោកក៏​​ត្រូវ​រងគ្រោះ​​យ៉ាង​ទម្ងន់​ភ្លាម​ៗ ​បន្ទាប់​ពី​ជួយ​ក្មេង​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​​រួច​ ស្ថិត​នៅ​ក្រុង​តា​ខ្មៅ​កាល​ពីមុន​​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ ពោល​គឺ​វេលា​ម៉ោង​ជិត២ថ្ងៃ​ត្រង់​ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​។

បច្ចុប្បន្ន​លោក​ សំណាង​បាន​ផ្លាស់​មក​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ ព-២​ នៅ​រួម​ខេត្ត​បាត់​ដំបង​វិញ​ ដោយ​សារ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ។​

រូបភាពពេលសម្រាកព្យាបាលនៅភ្នំពេញ

លោក ឃុត​ ផានិត​ ដែល​ជា​កូន​ប្រុស​របស់​ជន​រងគ្រោះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ Sabay ​នៅ​ថ្ងៃ​នេះ​​ថា ​ស្ថាន​ភាព​របស់​ឪពុក​រាង​ធូរស្រាល​បន្តិច​ ប៉ុន្តែ​ត្រូវ​ការ​តាមដាន​ឲ្យ​ដិតដល់​រាល់​ថ្ងៃ។​ ​ផានិត​ ឲ្យ​ដឹង​ថា " គ្រឿង​ក្នុង​(សភាព​ខាងក្នុង) ​របស់​ឪពុក​មិន​មាន​​រង​ការ​ប៉ះពាល់​អ្វី​ទេ ភ្នែក​អី​អាច​មើល​ឃើញ​ធម្មតា ប៉ុន្តែ​​រាង​កាយ​ក្រៅ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​អាច​​កម្រើក​បាន​ឡើយ"។

រូបភាពសភាពនាពេលថ្មីៗ
រូបភាពមុនកើតហេតុ

​បើ​គិត​មក​ដល់​ពេល​នេះ​ ការ​ចំណាយ​លើ​ព្យាបាល​អស់​ប្រមាណ​ ៧ពាន់​ដុល្លារ​ហើយ​ ក្នុង​នោះ​មាន​ថវិកា​ផ្ទាល់​ខ្លួន​ ៣ពាន់​ដុល្លារ ហើយ​ក្រៅ​ពី​នោះ​សុទ្ធ​ជា​ជំនួយ​របស់​សប្បុរស​ជន​ពី​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​បាន​ផ្ញើ​មក​។

រូបភាពហ្វេសបុក Kim Channa

​ពេល​និយាយ​ដល់​គ្រួសារ​ខាង​ក្មេង​ស្រី​ដែល​ត្រូវ​ឪពុក​បាន​លះ​បង់​ជីវិត​ដើម្បី​សង្គ្រោះ​ចេញ​មរណៈ​ កូន​ប្រុស​លោក​ សំណាង​ហាក់​សម្ដែង​ការ​ហួស​ចិត្ត​បន្តិច​​ ព្រោះ​តាំង​ពី​ថ្ងៃ​ជួយ​​ក្មេង​នោះ​​មក​ មិន​ដែល​ឃើញ​ ឬ​មាន​ដំណឹង​ពី​ខាង​គេ​មក​សួរ​នាំ​សោះ​ឡើយ។​ ​ផានិត​ ឆ្លើយ​ជំនួស​ឪពុក​ថា ​"គាត់​មិន​ចង់​បាន​អ្វី​ពី​គ្រួសារ​គេ​ឡើយ​ ទោះ​បី​យ៉ាង​ណា​ក៏​ត្រូវ​តែ​ជួយ​ក្មេង​នោះ​ដែរ" ។

​ជាមួយ​គ្នា​នេះ​ ផានិត​ សូម​សំដែង​ការ​ដឹង​គុណ​ដល់​សប្បុរស​ធម៌​ពី​ចម្ងាយ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ឪពុក​ខ្លួន​។ ​​យ៉ាង​ណា​មិញ​ ​​​កូន​ប្រុស​លោក​ សំណាង​ បាន​បញ្ជាក់​ថា​ "សព្វថ្ងៃ​ខ្ញុំ​ជា​បុគ្គលិក​ធ្វើការ​ មិន​មាន​ថវិកា​ច្រើន​ ហើយ​ការ​ចំណាយ​ព្យាបាល​ក៏​អស់​ច្រើន​ដែរ​ ខ្ញុំ​រត់​មិន​រួច​ទេ ​អាច​នឹង​ត្រូវ​ខ្ចី​ប្រាក់​ពី​ធនាគារ​មក​បន្ថែម​ទៀត​" ។ ​​​

រូបភាពផ្ដល់ឲ្យដោយ ផានិត

​ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់