• 2019-06-08 04:39:00
  • ព័ត៌មាន

ឆាក​ប្រយុទ្ធ​រវាង​ភូមិ​ក្បែរ​ខាង​២​នៅ​ឥណ្ឌូណេស៊ី បង្ខំ​ឲ្យ​ប្រជាជន​ជាង​៧០០​​នាក់​ចាកចេញ​ពី​លំនៅ

  • 2019-06-08 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ជាង ៧០០ នាក់​នៅ​ភូមិ ហ្គានុង​ជ្វា (Gunung Jaya) នៅ​ក្នុង​ខេត្ត​ស៊ូឡាវ៉េស៊ី ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​កាល​ពី​រសៀល​ថ្ងៃ​ពុធ បន្ទាប់​មាន​​អ្នកភូមិ​នេះ​បើក​​ឆាក​ប្រយុទ្ធ​ជាមួយ​ភូមិ​ក្បែរ​ខាង​ សាំពូបាលូ (Sampuabalo)។

រូបតំណាង

សារព័ត៌មាន​ក្នុង​ស្រុក kompas.com បាន​រាយការណ៍​ថា​យ៉ាង​ហោច​ណាស់​ផ្ទះ ៨៧ ខ្នង​របស់​អ្នក​ភូមិ​ ហ្គានុង​ជ្វា ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា។

ប្រភព​ខាង​លើ​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សង្រ្គាម​រវាង​ភូមិ​ផង​២​​ដែល​នៅ​ជាប់​គ្នា​នេះ​គឺ​ដោយសារ​តែ​អ្នក​ភូមិ​សាំពូបាលូ ៤០ នាក់​ជិះ​ម៉ូតូ​​លឺៗ​កាត់​ភូមិ​ហ្គានុង​ជ្វា​នៅ​ថ្ងៃ​បុណ្យ​​ឈប់​សម្រាក Hari Raya Idul Fitri (ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ឥណ្ឌូណេស៊ី​ដែល​ប្រារព្ធ​ពិធី​បញ្ចប់​នៃ​ពិធីបុណ្យ​រ៉ាម៉ាដាន) ហើយ​​​ការ​ប៉ះ​ទង្គិច​ក៏​កើត​មាន​រវាង​អ្នក​ភូមិ​ម្ចាស់​ស្រុក និង ក្រុម​ជិះ​ម៉ូតូ​រំខាន​គេ។

ក្រោយ​ជម្លោះ ក្រុម​ជិះ​ម៉ូតូ​របស់​អ្នក​ភូមិ​សាំពូបាលូ ​មក​សងសឹក​ដោយ​ដុត​បំផ្លាញ​​​ផ្ទះ​សំបែង​គេ​អស់​រាប់​សិប​ខ្នង។

"កាលពី​ម្សិលមិញ​ប្រហែល​ម៉ោង​២​រសៀល យើង​បាន​ឮ​សម្លេង​ផ្ទុះ​មួយ ​យើង​បាន​រត់​ចូល​ព្រៃ។ ​ខ្ញុំ​​បាន​នាំ​កូន​២​នាក់​ទៅ​ជាមួយ។ អ្នកភូមិ​ក្មេងៗ​មួយ​ចំនួន​បាន​ទាញ​កាំបិត​ខ្វាវ។ យើង​​ក៏​មិន​អាច​យក​​ទ្រព្យសម្បត្តិ​របស់​យើង​អ្វី​បាន​មក​ដែរ។ ផ្ទះ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្ទេច"។ kompas.com បាន​ដកស្រង់​សំដី​​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ម៉ៃរ៉ា អ្នកភូមិ​ហ្គានុង​ជ្វា។

ប៉ូលីសឈរមើល​ផ្ទះ​កំពុង​ឆេះ

មនុស្ស​ជាង​៧០០​នាក់​នៅ​ភូមិ​កើតហេតុ​ត្រូវ​បាន​រាយការណ៍​ថា​បាន​រត់​ចេញ​ពី​លំនៅឋាន​ទៅ​ភូមិ​មួយ​ទៀត​ដែល​មាន​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ។ នៅ​ក្នុង​​ការ​វាយប្រហារ​ដែល​បាន​កើត​ឡើង​ដោយសារ​ការ​ខ្វះ​ការ​យល់យោគ​គ្នា​នេះ​ មិន​មាន​ចំនួន​មនុស្ស​សា្លប់​ត្រូវ​បាន​គេ​រាយការណ៍​ឡើយ។

ប៉ូលីស​​ក្នុង​ខេត្ត​ស៊ូឡាវ៉េស៊ី​បាន​ឲ្យ​ដឹង​ថា​ ពួកគេ​បាន​ពង្រាយ​កម្លាំង​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​នេះ ហើយ​ផ្លូវថ្នល់​ដែល​បាន​ភ្ជាប់​រវាង​ភូមិ​ទាំង​២​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន៕

អាន៖ គ្រួសារ​នារី​នេះ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​សូក​លុយ​៦,៥​លាន​ដុល្លារ​ដើម្បី​ឲ្យ​នាង​បាន​រៀន​នៅ Stanford

អាន៖ យុវតី​កម្ពុជា​២​រូប​មាន​មហិច្ឆតា​ច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​ក្លាយ​ជា​ថ្នល់​កៅស៊ូ​​​ប្រណីត

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី