• 2019-06-13 02:08:35
  • ព័ត៌មាន

ប៉ូលិសហុងកុងប្រើធម៌ក្ដៅ បាញ់គ្រាប់កាំភ្លើងជ័រលើបាតុករបណ្ដាលឲ្យរបួស ៧២នាក់

  • 2019-06-13 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ

យ៉ាងហោចណាស់ មនុស្ស ៧២​នាក់ បាន​រង​របួស​ក្រោយ​ពេល​ដែល​ប៉ូលិស​នៅ​ហុង​កុង បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ និង​គ្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​កាល​ពី​ថ្ងៃ​ពុធទៅ​លើ​​អ្នក​តវ៉ា​រាប់​ពាន់​នាក់​ដែល​ឡោម​ព័ទ្ធ​ការិយាល័យ​កណ្ដាល​រដ្ឋាភិបាល និង​ផ្លូវ​នៅ​ជុំ​វិញ​នោះ​។

យោង​តាម​ស្នងការ​ប៉ូលិស​ហុងកុង Steven Lo Wai-chung ឲ្យ​ដឹង​ថា​ប៉ូលិស​រហូត​ដល់ ៥ ០០០​នាក់​ប្រដាប់​ដោយ​អាវុធ​បង្ក្រាប​បាតុកម្ម ត្រូវ​បាន​បញ្ជូន​ទៅ​ទប់​ទល់​ជាមួយ​បាតុករ។ លោក​បន្ថែម​ថា ប៉ូលិស​គ្មាន​ជម្រើស​ណា​ផ្សេង ក្រៅ​ពី​ប្រើប្រាស់​កម្លាំង​ដើម្បី​បំបែក​ក្រុម​បាតុករ​នោះ​ទេ ​ដោយ​សារ​ពួកគេ​បាន​គប់​ឆ័ត្រ និង​ដុំ​ឥដ្ឋ​មក​លើ​ប៉ូលិស។ ចំណែក​ខាង​អាជ្ញាធរ​មន្ទីរ​ពេទ្យ ឲ្យ​ដឹង​កាល​ពី​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ពុធ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៧២​នាក់​រង​របួស​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​រសៀល​ថ្ងៃ​ដដែល។

ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​អស់ ក្នុង​នោះ​២​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ, ១៩​នាក់​ទៀត​រង​របួស​ស្រាល ខណៈ ១០​នាក់​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ហើយ ៤១​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ព្យាបាល​និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ។ ក្នុងចំនោមអ្នកដែលត្រូវបានរាប់បញ្ចូលមាន ៥០នាក់ជាបុរសនិង ២២ នាក់ជាស្ត្រីដែលមានអាយុពី ១៥ ទៅ ៦៦ ឆ្នាំ។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី និង​ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

ប្រភព៖ hongkongdisneyland ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម