• 2019-06-24 05:00:00
  • ការអប់រំ

គន្លឹះសន្សំប្រាក់ចាយដល់ចុងខែសម្រាប់សិស្សនិស្សិត មិនពិបាកលាដៃសុំម្តាយឪពុកញយដង

  • 2019-06-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជីវិត​ជា​និស្សិត​មិន​ងាយ​ស្រួល​នោះ​ទេ ព្រោះ​មិន​ទាន់​អាច​រក​ការងារ​ ដូច្នេះ​មិន​ទាន់​មាន​លុយ​ចាយ​ខ្លួន​ឯង​បាន ហើយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សិក្សា​ទៀត​ផង។ ​បើ​អ្នក​មក​ពី​ខេត្ត​មក​រស់​នៅ​ភ្នំ​ពេញ​ទៀត ​កាន់​តែ​ត្រូវ​សន្សំ​សំ​ចៃ​ខ្លាំង​ឡើង។ ​ខាង​ក្រោម​នេះ ​ជា​គន្លឹះ​សម្រាប់​និស្សិត​ទាំង​ឡាយ ​អាច​សល់​ប្រាក់​ចាយ​មិន​ខ្វះ យ៉ាង​ងាយ​ស្រួល​បំ​ផុត៖

​១. បង្កើត​កញ្ចប់​ថវិកា​ត្រឹម​ត្រូវ

នៅ​ពេល​ម្ដាយ​ឪពុក​ផ្ញើ​លុយ​ពី​ស្រុក​មក​ ​អ្នក​គួរ​​កត់​រាល់​ចំណាយ​ទាំង​អស់​លើ​ក្រដាស​បិទ​នឹង​ជញ្ជាំង ឬ​​សៀវភៅ​​ណា​មួយ ដើម្បី​ដឹង​ថា​ក្នុង​មួយ​ខែ​នេះ​​បាន​ចាយ​លើ​អ្វី​ខ្លះ ​​កុំ​ឲ្យ​​ចេះ​តែ​​ទិញ​នេះ​ទិញ​នោះ​តាម​ចិត្ត​នឹក​ឃើញ​​​។ ធ្វើ​បែប​នេះ ​អ្នក​អាច​គ្រប់​គ្រង​ការ​ចាយ​វាយ​បាន​ល្អ ​មិន​ដាច់​ខែ​ដាច់​ខ្យល់​នោះ​ទេ។

២. បបួល​មិត្ត​ភ័ក្កិ​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា ​ ​​បើ​អ្នក​រស់​នៅ​ផ្ទះ​ជួល ​យក​ល្អ​ហៅ​មិត្ត​សម្លាញ់​មក​រស់​នៅ​ជាមួយ​ ដើម្បី​កុំ​ឲ្យ​ធ្ងន់​ករ​អស់​​​ថ្លៃ​ឈ្នួល​ផ្ទះ​ម្នាក់​ឯង។ បើ​​មាន​គ្នា​កាន់​តែ​ច្រើន ​ការ​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ក៏​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ។

៣. ​ចម្អិន​អាហារ​ខ្លួន​ឯង ​ ទិញ​អាហារ​ញ៉ាំ​​នៅ​ខាង​ក្រៅ ​កាន់​តែ​ធ្វើ​ឲ្យ​លុយ​ក្នុង​ហោ​ប៉ៅ​អ្នក​អស់​ដោយ​មិន​ដឹង​ខ្លួន។ ​លើស​ពី​នេះ ​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ ​ទិញ​​បន្លែ ​ត្រី​សាច់​ពី​ផ្សារ​មក​ធ្វើ​ម្ហូប​ខ្លួន​ឯង ​សល់​ប្រាក់​​ច្រើន​​និង​ថែម​ទាំង​មាន​កម្លាំង​​រៀន​សូត្រ​ទៀត​ផង។

៤. កុំ​រំលង​របស់ Free

បើ​នៅ​សាលា​​ឬ​គេ​មាន​កម្មវិធី​ណាមួយ​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ឥត​គិត​ថ្លៃ ​អ្នក​កុំ​ភ្លេច​ចូល​រួម​ឲ្យ​សោះ។ ​​​នេះ​ជា​វិធី​ល្អ ក្រៅ​ពី​មិន​ចំណាយ​លុយ​ហើយ អ្នក​អាច​​សល់​​ប្រាក់​បាន​កាន់​តែ​ច្រើន​ និង​ទទួល​បាន​ចំណេះដឹង​ថែម​ទៀត​។

៥. ប្រើ​កាត​សិស្ស

​មាន​កន្លែង​ជា​ច្រើន​​បញ្ចុះ​តម្លៃ​សម្រាប់​អ្នក​សិក្សា ​តាម​រយៈ​កាត​សិស្ស។ ​កន្លែង​ញ៉ាំ​អាហារ ឡាន​ក្រុង ឬ​មើល​កុន​ជា​ដើម ​សុទ្ធ​តែ​មាន​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ភ្ញាក់​ផ្អើល​សម្រាប់​សិស្ស​និស្សិត។ ​​ ​អ្នក​គ្រាន់​តែ​បង្ហាញ​កាត​សិស្ស​ពេល​គិត​លុយ​ម្ដង​ៗ ​នោះ​អ្នក​មិន​ចាំ​បាច់​បង់​លុយ​ពេញ​​តម្លៃ​នោះ​ទេ។

៦. ទាញ​ផល​ចំណេញ​ពេល​ចូល​បណ្ណាល័យ

​​ក្នុង​បណ្ណាល័យ​នៅ​សាកល​វិទ្យាល័យ​នីមួយៗ ​ក្រៅ​ពី​មាន​សៀវភៅ​ល្អ​ៗ​ទុក​អាន​ហើយ ​ក៏​មាន​កម្ម​វិធី​ដូច​ជា ​ភាព​យន្ត ​តន្ត្រី ​ជា​​ដើម​សម្រាប់​សិស្ស​។ ​ដូច្នេះ​អ្នក​អាច​ប្រើ​កម្មវិធី​ទាំង​នោះ​សម្រាប់​ការ​កម្សាន្ត បំបាត់​ស្រេ្តស​ ដោយ​មិន​ចំណាយ​ប្រាក់​បន្ថែម។

៧. ផឹក​ទឹក​ប្រសើរ​ជាង​ផឹក​កាហ្វេ

ចំណុច​នេះ ​ប្រហែល​និស្សិត​ជា​ច្រើន​គិត​ថា ​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ ព្រោះ​បើ​ស្រេក​ទឹក គួរ​កុំ​ផឹក​កាហ្វេ ឬ​តែ​សូ​ដា​អី ​យក​​ល្អ​ផឹក​ទឹក​បរិសុទ្ធ​អី​វិញ​ប្រសើរ​ជាង។ ​វា​អាច​សន្សំ​លុយ​បាន​កាន់​តែ​ច្រើន ​ព្រោះ​កាហ្វេ Brand ​មួយ​កែវ​ថ្លៃ​ជិត​២ដុល្លារ​​ដែរ។ ​ដូច្នេះ​ផឹក​ទឹក​បរិសុទ្ធ​ល្អ​ចំពោះ​សុខ​ភាព​ហើយ ​ក៏​ផ្ដល់​ជាតិ​ទឹក​​បាន​ច្រើន​ដល់​រាង​កាយ​ដែរ។

រូបតំណាង

ការ​សន្សំ​លុយ ​អាច​ជា​រឿង​រញ៉េរញ៉ៃ​បន្តិច​សម្រាប់​សិស្ស​និស្សិត ប៉ុន្តែ​​ក៏​ជួយ​ឲ្យ​ពួក​គេ​មិន​រង​ទុក្ខ​ចាយ​អស់​ប្រាក់​​រលីង​ពី​ខ្លួន​ទាំង​ពាក់​កណ្ដាល​ខែ​ដែរ។ ​រៀន​ពី​របៀប​ចេះ​លៃ​លក​បែប​នេះ ​មើល​ទៅ​ក៏​ល្អ​ម្យ៉ាង​​ដើម្បី​ជា​​ទម្លាប់​​ចេះ​សន្សំ​ប្រាក់​ពី​ក្មេង៕

​ចុចអាន៖ ​ ឲ្យតែចាយលុយតាមវិធីទាំងនេះ ធានាមួយជីវិតក៏ចាយលុយមិនអស់ដែរ

ប្រភព៖ Womanitely ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម