• 2019-06-24 07:15:54
  • ព័ត៌មាន

បួនវិធីដើម្បីពង្រឹងសតិស្មារតីក្នុងការរស់នៅ

  • 2019-06-24 07:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Vayo
  • សហការជាមួយ wapatoa.com

តើសតិ ឬស្មារតីហ្នឹងជាអី?

ប្រហែលជាលឺភ្លាម យើងគិតដល់ពាក្យឡប់សតិ រឺសន្លប់បាត់ស្មារតីជាដើម។ តែមានដែលគិតអត់សតិហ្នឹងមានន័យថាម៉េចឲ្យពិតប្រាកដ? ក្នុងវចនានុក្រមសម្តេចជួនណាតយើង សតិគឺបានន័យថាស្មារតី សេចក្តីនឹកឃើញ ការរលឹកបាន ការចាំបាន ការប្រុងប្រយ័ត្នមិនឲ្យភ្លេច…

មិនឲ្យភ្លេចអី?

តាមពិតការមានសតិ (mindfulness) គឺជាការដឹងពីបច្ចុប្បន្នកាលជានិច្ច។ បានន័យថាក្នុងនាទីនេះ វិនាទីនេះ យើងដឹងថាខ្លួនយើងកំពុងធ្វើអ្វី​ កំពុងមានអារម្មណ៍យ៉ាងណា ហើយកំពុងគិតអី។ ស្តាប់ទៅដូចធម្មតាណាស់ត្រូវហ្អេ៎? វាមិនដែលនរណារស់នៅជាមនុស្សហើយមិនដឹងខ្លួន ហើយមិនមានសតិនោះ?

តែសាកគិតឲ្យលំអិតបន្តិចទៅមើល តើគ្នាយើងប៉ុន្មាននាក់ពិតជាមានសតិក្នុងខ្លួនបានគ្រប់ពេលនោះ? នរណាៗក៏ដូចគ្នាដែរ ពេលខ្លះនិយាយៗ បែកធ្លាយរឿងដែលយើងមិនគួរនិយាយ ឬប្រើពាក្យដែលយើងមិនគួរប្រើ។ ពេលយើងកំពុងញ៉ាំអី បែរជាមិនដឹងរសជាតិឲ្យច្បាស់នោះទេ.. ចេះតែទំពារៗ ពេលញ៉ាំចប់ថែមទាំងភ្លេចថាខ្លួនទើបញ៉ាំអីទៀតផង! អ្នកខ្លះដើរលើផ្លូវតែមួយហ្នឹងទៅសាលារាល់ថ្ងៃ តែបែរជាមិនធ្លាប់ចាប់អារម្មណ៍ឃើញផ្កាដែលដុះរីក ខំបង្អួតសំរស់នៅគៀនផ្លូវនោះទេ។

បើនិយាយពីចិត្តគំនិតយើងវិញ​ក៏មិនល្អជាងនេះអីដែរ… មួយថ្ងៃៗ ចិត្តយើងវិលវល់គិតតែពីរឿងដែលកើតឡើងរួចហើយក្នុងអតីតកាល ឬរឿងអនាគតកាលទៅវិញ។ អង្គុយៗក៏នឹកឃើញសំដីគេធ្លាប់និយាយដាក់យើង ឬពេលយើងធ្លាប់ស្រែកគំហកដាក់គេ ដល់ភាពយន្តដែលយើងធ្លាប់មើល ឬមីមដែលយើងចូលចិត្តជាដើម…

បើមិនអញ្ចឹងទេ គឺគិតដល់រឿងអនាគតដែលមិនទាន់ទាំងកើតឡើងផង! បន្តិចក៏នឹកដល់ដំណើរដើរលេងដែលយើងទើបបានគ្រោងជាមួយមិត្តភក្តិ ឬនឹកគិតឆ្ងល់ថាមិត្តភក្តិយើងបានខមិនអីខ្លះហើយ ទៅលើរូបដែលយើងទើបបង្ហោះ ឬនឹកភ័យដល់រឿងការងារ និងគំរោងយើងទៅថ្ងៃអនាគតជាដើម។

ដោយសារការគិតហោះហើរនេះហើយ ដែលជាហេតុធ្វើឲ្យចិត្តយើងមិននៅក្នុងខ្លួន។ ខ្លួនយើងស្ថិតនៅបច្ចុប្បន្ននេះទេ តែចិត្តយើងបែរជាហោះហើរទៅស៊ីចេកបាត់ហើយ។

ប្រហែលជាអានដល់ត្រឹមនេះ អ្នកនឹងឆ្ងល់ថា… វាថី? មិនល្អហ្អី បើយើងចេះរៀនពីរឿងដែលធ្លាប់កើតឡើងហើយ ថែមទាំងយកពេលរៀបផែនការសំរាប់អនាគតកាលទៀតនោះ?

និយាយអញ្ចឹងក៏ត្រូវដែរ គឺយើងគួរមានពេលសំរាប់សញ្ជឹងគិតដល់អតីតកាល ក៏ដូចជារៀបផែនការសំរាប់ថ្ងៃមុខក៏ពិតមែន តែរឿងដែលវិលវល់ក្នុងចិត្តយើងទាំងប៉ុន្មានហ្នឹង ភាគច្រើនមិនមែនជាការសញ្ជឹងគិត ឬការរៀបផែនការដែលមានប្រយោជន៍នោះទេ។

ពោលគឺភាគច្រើនយើងគិតតែរឿងអត់ប្រយោជន៍ដដែលៗ វិលទៅវិលមក ធ្វើឲ្យយើងគិតអ្វីមិនបាន ផ្ចង់អារម្មណ៍ក៏មិនមូល ហើយថែមទាំងភ័យជាងមុន ដោយសារយើងចូលចិត្តគិតតែពីបញ្ហាដែលមិនទាន់កើតឡើងទៀតផង! ចិត្តយើងរត់ទៅមុខរត់ទៅក្រោយដូចនេះ បានជាយើងគ្មានពេលដាក់ចិត្តដើម្បីសប្បាយនឹងរឿងក្នុងពេលបច្ចុប្បន្ននោះទេ!

រូបភាពបានមកពី៖ ស្ថានីយ៍សិល្បៈ (Art Station)

ពេលយើងមានសតិ ឬមានស្មារតីក្នុងខ្លួន នោះយើងមានសេរីភាព មិនជាប់ជំពាក់ជាមួយរឿងពីមុន ហើយក៏មិនចាក់ស្រេសនឹងរឿងដែលនឹងកើតឡើងនៅថ្ងៃមុខដែរ ពោលគឺយើងមានសេរីភាព រស់នៅសោយសុខនៅពេលនេះតែម្តង! យើងយល់ឃើញច្បាស់ថា ជីវិតយើងគឺមានតែពេលនេះ ក្នុងវេលានេះ ម៉ោងនេះទេ!

គិតមើលៗ… អតីតកាលបានកន្លងផុតទៅហើយ។ ទោះជាវានៅមានស្នាកស្នាមក្នុងការចងចាំយើងក៏ពិតមែន តែវាគ្មានរូបរាងពិតប្រាកដនាពេលបច្ចុប្បន្ននេះទៀតទេ។

ចុះអនាគតរបស់អ្នកវិញ? គំរោងការងារផ្សេងៗ និងអារម្មណ៍ព្រួយបារម្ភដែលតាមអន្ទោលចាក់ដោតចិត្តអ្នក ដោយសារខ្លាចមានបញ្ហាផុសឡើងមករារាំងបំណងអ្នក… វាក៏មិនមានរូបរាងនាពេលបច្ចុប្បន្ននេះដែរ។

អ្វីដែលមានរូបរាងពិតប្រាកដនោះគឺមានតែពេលនេះ ម៉ោងនេះ វេលានេះប៉ុណ្ណោះឯង។

មានដែលធ្លាប់រំពឹងថាឲ្យតែយើងសំរេចបំណងមួយហើយ ជីវិតយើងនឹងស្រស់បំព្រងខ្លាំង ហើយយើងនឹងមានសេចក្តីសុខមិនចេះចប់នោះទេ? ឧទាហរណ៍ដូចជាមុនពេលយើងចេញធ្វើការ យើងគិតថា ឲ្យតែយើងបានចេញធ្វើការនោះ យើងនឹងមានលុយ យើងនឹងសប្បាយចិត្តជាងមុន ហើយមានសេរីភាពជាងមុនយ៉ាងខ្លាំង … តែដល់ពេលយើងចេញធ្វើការទៅ​ ពេលដែលអនាគតដែលយើងរំពឹងនោះក្លាយទៅជាបច្ចុប្បន្នកាលទៅ យើងបែរជាមានអារម្មណ៍ធម្មតាៗទៅវិញ។

ដូចគ្នាផងដែរ មុនពេលយើងមានអ្វីមួយ ឧទាហរណ៍ដូចជាផ្ទះធំស្កឹមស្កៃ មានសង្សារជាស្រីស្អាតប្រុសសង្ហារ ឬក្លាយទៅជាអ្នកជំនាញឆ្នើមក្នុងផ្នែកការងាររបស់យើងក៏ដោយ… មុនពេលយើងមានវា ហាក់ដូចជាមានអារម្មណ៍ថាវាអស្ចារ្យណាស់ ត្រូវតែមានដាច់ខាត!

តែដល់ពេលមានវាបានយូរបន្តិចទៅក៏ក្លាយទៅជាធម្មតាៗ។ ពេលខ្ញុំនៅរៀនវិទ្យាល័យ កាលនោះឪពុកម្តាយរបស់ខ្ញុំដឹកទៅរៀនរាល់ថ្ងៃ។ ដោយសារហេតុនេះហើយ ខ្ញុំជឿច្បាស់ណាស់ថា ប្រសិនបើខ្ញុំអាចមានម៉ូតូ ឬមានកង់ជិះខ្លួនឯងនោះ មិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេ។ ពេលមានអ្វីជិះខ្លួនឯង នោះខ្ញុំនឹងមានសេរីភាពជាងមុន មានសេចក្តីសុខជាងមុនជាមិនខាន!

តែដល់ការពិត ពេលមានម៉ូតូជិះនឹងគេ បែរជាសប្បាយបានតែប៉ុន្មានថ្ងៃដំបូងទៅវិញ… ឥលូវជិះបានប្រាំ ប្រាំមួយឆ្នាំហើយ ពេលជិះម៉ូតូម្តងៗ មានអារម្មណ៍ថាធម្មតា មិនដែលគិតដល់វា មិនដែលអរគុណវាឡើយ។

មនុស្សយើងគ្រប់គ្នា តែងមានទំនោរស្វែងរកសេចក្តីសុខនៅពេលអនាគតជានិច្ច…

ពេលព្រឹកយើងប្រញ៉ាប់ញ៉ាំបាយ ដើម្បីចេញទៅធ្វើការ ឬទៅសាលា។

យើងជិះម៉ូតូប្រញ៉ាប់វ៉ាទៅមុខឲ្យលឿន ដើម្បីចង់ទៅដល់ការិយាល័យ ឬសាលា។

យើងប្រញ៉ាប់រៀន ប្រញ៉ាប់ធ្វើការ ដើម្បីចង់ចេញពីការិយាល័យឬសាលាឲ្យបានឆាប់ៗ។

ពេលចេញពីរៀនឬធ្វើការ ក៏រត់ប្រញិបប្រញ៉ាប់ ដើម្បីទៅញ៉ាំបាយល្ងាចជាមួយមិត្តភក្តិ។

យើងញ៉ាំបាយល្ងាចទាំងរហន់ និយាយគ្នាយ៉ាងលឿនមិនទាន់ចប់សេចក្តី ដើម្បីទៅផ្ទះដេក។

យើងដេកមិនគ្រប់ ដើម្បីប្រញ៉ាប់ទៅធ្វើការ…

អញ្ចឹងមែនអត់? ជីវិតយើងប្រញ៉ាប់រហូត ព្រោះយើងជឿថា រឿងបន្ទាប់ដែលយើងត្រូវធ្វើនេះទើបជារឿងសំខាន់ ទើបអាចផ្តល់នូវសេចក្តីសុខ សេរីភាព និងភាពជោគជ័យដល់យើងបាន។ យើងប្រាប់ខ្លួនឯងថា ចាំដល់រៀនចប់ ទើបអាចសប្បាយចិត្តបាន។ ពេលរៀនចប់ ក៏ប្រាប់ខ្លួនទៀតថា ចាំដល់ពេលមានសញ្ញាប័ត្រអនុបណ្ឌិត ទើបអាចសោយសុខបានបាន។ ដល់ពេលមានសញ្ញាប័ត្រអនុបណ្ឌិតហើយ ទាល់តែមានការងារមានប្រាក់ខែខ្ពស់… បន្ទាប់មកត្រូវមានផ្ទះ ត្រូវមានគ្រួសារ ត្រូវមាន ត្រូវមាន…

តែសាកទៅនិយាយជាមួយអ្នកដែលមានសញ្ញាប័ត្រអនុបណ្ឌិត ហើយមានផ្ទះនៅ មានគ្រួសារ មានការងារប្រាក់ខែខ្ពស់ទៅមើល តើពួកគាត់សប្បាយចិត្តហើយនៅ? ឬក៏ពួកគាត់នៅតែកំពុងដេញតាមអនាគតដដែលទេ? ដូចជាចង់បានសញ្ញាប័ត្របណ្ឌិត ចង់ក្លាយជាសេដ្ឋី ឬចង់ឲ្យកូនទៅរៀននៅបរទេស? អ្នកដែលខ្ញុំស្គាល់ប៉ុន្មានដែលមានរបស់ទាំងអស់នេះ តាមពិតក្នុងជីវិតគាត់ក៏នៅតែមានស្ត្រេស មានក្តីបារម្ព មានទុក្ខដដែលទេ ហើយគាត់នៅតែរត់ដេញតាមភាពជោគជ័យដដែលហ្នឹង។

តើយើងចូលចិត្តប្រញ៉ាប់រត់ទៅសកម្មភាពបន្ទាប់ក្នុងជីវិតយើងម៉្លេះ បើយើងដឹងហើយថា សកម្មភាពចុងក្រោយរបស់យើងគ្រប់គ្នាគឺមរណភាព? តើដល់ពេលជិតស្លាប់ ទើបយើងអាចមានសេចក្តីសុខ អាចសប្បាយរីករាយ និងពេញចិត្តនឹងជីវិតបានឬ?

រូបភាពបានមកពី៖ បាល់ប៊ូសូ ធ្វីន្ស (Balbusso Twins)

បើសកម្មភាពបន្ទាប់ មិនអាចជួយឲ្យយើងសប្បាយចិត្តទេ អីវិញទៅទើបអាចជួយយើងបាន? ចំលើយគឺនៅពេលនេះ។ ពួកយើងអាចរកសេចក្តីសុខបានតែក្នុងពេលបច្ចុប្បន្ននោះទេ។ គឺពេលដែលយើងចាំជានិច្ចថាក្នុងចំណោមអូវុលរាប់ម៉ឺនពង និងស្ពែមរាប់ម៉ឺនស្ពែម មានពីរហ្នឹងជួបគ្នាដើម្បីបង្កើតបានជាយើងឡើងមក… ក្នុងចំណោមរឿងគ្រប់យ៉ាងដែលកើតឡើងក្នុងពិភពលោកតាំងពីកំណកំណើតសាកលលោកមកដល់ឥលូវ យើងបែរជាមានសំណាងបានកើតក្នុងពេលនេះ កន្លែងនេះ ស្ថានភាពនេះ ហើយរស់នៅដល់អាយុប៉ុណ្ណេះទៀត!

ពេលដែលយើងឈប់រត់ដើម្បីយកពេលសំរាក ហើយងាកមើលឆ្វេងមើលស្តាំ និងមើលចូលខាងក្នុងចិត្តយើងទៅ ទើបយើងឃើញថានៅលើលោកនេះមានវត្ថុ មានមនុស្ស និងមានរឿងដែលល្អៗជាច្រើនណាស់!

ទាល់តែយើងយកពេលឃើញ និងគិតពីវត្ថុល្អៗទាំងនេះ ទើបអាចធ្វើឲ្យចិត្តយើងសប្បាយ មានសេចក្តីសុខបាន។ ចាំអត្ថបទព្រីយ៉ុងសេចក្តីសុខដែលយើងសរសេរពីមុនទេ? គេរកឃើញថា បើចង់មានសេចក្តីសុខក្នុងជីវិត ទាល់តែយើងឧស្សាហ៍បង្ហាញអំណរអរគុណដល់រឿងកាន់តែច្រើន កាន់តែល្អ។

ហើយមនុស្សដែលមានអំណរគុណបាន ទាល់តែម្នាក់នោះឈប់រត់តាមតែជោគជ័យនៅថ្ងៃអនាគត បែរមកងាកឆ្វេងងាកស្តាំ រកវត្ថុដែលល្អ គួរទទួលបានអំណរគុណដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នកាលទៅវិញទេ។

ម៉្យាងវិញទៀត មនុស្សយើងក៏តែងមានទំនោរភ័យបារម្ភនឹងរឿងដែលមានទាន់កើតឡើងផងដែរ។ យើងភ័យខ្លាចសង្សារឈប់ស្រឡាញ់យើង ខ្លាចពិភពលោកនឹងរលាយទៅថ្ងៃមុខដោយសារការផ្លាស់ប្តូរអាកាសធាតុ ខ្លាចចៅហ្វាយយើងស្អប់យើង ហើយបណ្តេញយើងចេញពីការងារស្អែកៗនេះ…

តែយើងត្រូវចាំជានិច្ចថា គ្មាននរណាមិនមានលទ្ធភាពក្តោបក្តាប់អនាគតបាននោះទេ។ ប្រហែលថ្ងៃណាមួយ សង្សារយើងនឹងបែកចិត្តពីយើងមែនក៏ថាបាន ពិភពលោកយើងពិតជារលាយក៏ថាបាន មេយើងស្អប់យើង ហើយដេញយើងចេញមែនក៏ថាបាន។ តែយើងមិនអាចផ្លាស់ប្តូរវាបាននោះទេ!

អ្វីដែលយើងអាចធ្វើបាននោះគឺព្យាយាមឲ្យអស់ពីកំលាំងកាយចិត្តយើងនៅថ្ងៃនេះឯង។ ព្យាយាមស្រឡាញ់សង្សារយើងឲ្យអស់ពីចិត្ត ព្យាយាមការពារផែនដីយើងតាមដែលយើងអាចធ្វើបាន ព្យាយាមធ្វើការងារឲ្យល្អ និងយល់ពីមេរបស់យើងឲ្យអស់ពីកាយនៅថ្ងៃនេះតែម្តង!

ដូចនិយាយអញ្ចឹង គ្មាននរណាអាចគ្រប់គ្រងអនាគតឲ្យចេញរឿងអីតាមចិត្តខ្លួនឡើយ។ អ្វីដែលយើងអាចធ្វើបាននោះ គឺមានតែតាំងស្មារតីលើកាយ វាចា និងចិត្តយើងក្នុងពេលនេះ។ បើយើងធ្វើរឿងថ្ងៃនេះឲ្យបានល្អ នោះថ្ងៃស្អែកនឹងចេះដោះស្រាយបញ្ហាខ្លួនវាហើយ។

យើងត្រូវយល់ពីទិដ្ឋិមួយគឺថា សេចក្តីសុខអាចរកប្រទះបានតែក្នុងពេលបច្ចុប្បន្ននេះទេ។ ប្រសិនបើយើងមិនចេះសោយសុខក្នុងពេលបច្ចុប្បន្នទេនោះ ពេលដែលរឿងអនាគតដែលយើងកំពុងរត់តាមក្លាយទៅជាបច្ចុប្បន្នដែរ ក៏យើងនឹងមិនចេះសោយសុខវាដែរ។ ដោយសារចិត្តយើងមានទំលាប់មើលទៅមុខ រត់តាមរបស់បន្ទាប់ជានិច្ចហើយហ្នឹង!

ឧទាហរណ៍ថា បើយើងមិនចេះផឹកទឹកមួយកែវដោយមានស្មារតី ដោយមានសេរីភាព មានសន្តិភាព និងអំណរអរគុណក្នុងចិត្តទេនោះ ពេលយើងឡើងប្រាក់ខែឡើងមុខតំណែង ពេលយើងទៅដើរលេងស្រុកក្រៅ ឬពេលយើងទិញឡានថ្មី ក៏យើងនឹងធ្វើវាដោយរហន់ ប្រញ៉ាប់ទៅចាប់យកវត្ថុបន្ទាប់ដដែលហ្នឹង។

គិតទៅមើល… គ្រាន់តែផឹកទឹកមួយកែវ បើយើងផឹកយឺតៗហើយផ្ចង់អារម្មណ៍នោះ​ យើងនឹងឃើញថា ប្រសិនបើលើលោកនេះ គ្មានពពក គ្មានភ្លៀង គ្មានរំហួត គ្មានទន្លេមេគង្គដែលនៅជិតយើង គ្មានរដ្ឋាករទឹកដែលតទុយោមកដល់ផ្ទះយើង គ្មានហ្គាសដើម្បីដាំទឹក គ្មានអ្នកផលិតកែវដើម្បីដាក់ទឹកនោះ យើងមិនអាចផឹកទឹកមួយកែវនេះបានទេ។

ហើយកុំគិតថាអាហ្នឹងជារឿងធម្មជាតិ មានអីត្រូវអរគុណនោះ ខ្ញុំបង់លុយដើម្បីបានទឹកហ្នឹងទេតើ! ចាំផងថា នៅប្រទេសជាច្រើន និងប្រជាជនខ្មែរយើងផ្ទាល់នៅទីដាច់ស្រយាល់ជាច្រើនលាននាក់ មិនមានទឹកស្អាតប្រើប្រាស់ គ្មានទន្លេនៅជិតខ្លួន គ្មានហ្គាសដាំទឹក ហើយគ្មានទាំងកែវស្អាតត្រងទឹកផឹកផង! អ្នកខ្លះត្រូវដើររាប់គីឡូជារៀងរាល់ថ្ងៃដើម្បីបានទឹកមួយធុងមកប្រើមួយគ្រួសារ។

បើសិនជាយើងរក្សាសតិ និងស្មារតីក្នុងគ្រប់សកម្មភាពដែលយើងធ្វើនោះ យើងនឹងអាចមានអំណរអរគុណ សប្បាយចិត្តជាមិនខាន។ នោះយើងអាចធ្វើវាដោយមានសន្តិភាព​ និងមិនប្រញ៉ាប់ មិនស្ត្រេសទៀតផង។

រូបភាពបានមកពី៖ អុីឈីន ជីសាន (Ichn Jisan)

នេះមិនមែនស្មេរចេះតែនិយាយចំលងពីសៀវភៅធម៌នោះទេ គ្រប់ផ្នែកដែលខ្ញុំបានចែករំលែកក្នុងអត្ថបទនេះគឺជាចំណេះដែលបានពីការរៀននិងប្រតិបត្តិ (ជាលេងៗជាង ៣ ឆ្នាំ ហើយប្រតិបត្តិមែនទែន មួយឆ្នាំចុងក្រោយនេះ)។

ពីមុន ខ្ញុំក៏ជាមនុស្សចូលចិត្តរត់ដែរ នៅស្ងៀមមិនបានទេ។ មួយថ្ងៃៗគិតតែរត់ទៅដាក់ពាក្យទៅកម្មវិធីក្រៅប្រទេស រត់ទៅដើរលេងស្រុកក្រៅ រត់ទៅទិញសៀវភៅយកមកអាន រត់ រត់ រត់…

តែពេលបានជាប់កម្មវិធីច្រើនទៅ ពេលមានលុយទៅលេងស្រុកក្រៅញឹក ពេលអានសៀវភៅចប់រាប់រយក្បាល ក៏មិនទៅសប្បាយណាស់ណាដែរ។

ពេលអាន ពេលដើរលេង ពេលជាប់អាហារូបករណ៍ភ្លាមៗ គឺពិតជាមានអារម្មណ៍មោទកភាពនឹងសមត្ថភាពខ្លួន ហើយសប្បាយនឹងដើរលេង សប្បាយនឹងអានដែរ។ តែពេលអានចប់ ពេលដើរលេងចប់ ក៏ត្រូវត្រឡប់មកជីវិតចាស់របស់ខ្លួនវិញ ក៏ចាប់ផ្តើមស្ត្រេស មិនសប្បាយចិត្ត ហើយខំរកលុយដើម្បីដើរលេង ដើម្បីទិញនេះទិញនោះបន្ត។

ចេះសំណាង ពេលនោះក៏បានអានប្រទះពាក្យសំដីដែលគ្មានម្ចាស់មួយឃ្លានេះដោយចៃដន្យ៖ «អ្នកខ្លះចាំៗ ចាំមួយអាទិត្យដើម្បីបានដល់ចុងសប្តាហ៍ ចាំមួយឆ្នាំពេញដើម្បីបានវ៉ាកង ចាំមួយជីវិតដើម្បីបានសេចក្តីសុខ។»

ពាក្យនេះចាក់ដោតអង្រួនបេះដូងខ្ញុំខ្លាំងតែម្តង! បើសិនជាខ្ញុំចាំទាល់តែទទួលបានជោគជ័យ ទើបអាចសប្បាយចិត្តបាននោះ តើមួយជីវិតនេះអាចសប្បាយចិត្តបានប៉ុន្មានដង?

តើខ្ញុំអាចទទួលបានអាហារូបករណ៍ប៉ុន្មានដង បានឡើងឋានៈប៉ុន្មានដង ហើយបានដើរលេងប៉ុន្មានដង មុនពេលស្លាប់ទៅវិញ? ចុះថ្ងៃច័ន្ទដល់ថ្ងៃសុក្រដែលខ្ញុំធ្វើការធម្មតានោះ? វាមិនអសារបង់ទៅហើយ?

ដោយសារហេតុនេះ ខ្ញុំក៏បានតាំងចិត្តរៀនពង្រឹងស្មារតី ធ្វើយ៉ាងណាឲ្យគ្រប់ពេល ទោះពេលកំពុងធ្វើការ ពេលសរសេរអុីម៉ែល ពេលពិបាកចិត្ត ពេលធ្វើការងារផ្ទះតូចតាចដូចជាលាងចាន បោសផ្ទះ បោកខោអាវ ក៏អាចសប្បាយចិត្ត មានសន្តិភាពក្នុងចិត្តបាន។

រាប់ទៅប្រហែលជាពីរបីឆ្នាំហើយដែលខ្ញុំបានប្រតិបត្តិទាំងលេងៗផង ទាំងមែនទែនផង… ទើបកន្លះឆ្នាំចុងក្រោយនេះទេ ដែលខំប្រឹងរាងខ្លាំង ហើយបានលទ្ធផលគួរឲ្យកត់សំគាល់នោះ។ ឥលូវឃើញថាចិត្តស្ងប់ជាងមុន មានសេចក្តីសុខសប្បាយជាងមុន ហើយទោះមិនបានជះលុយទៅដើរលេងទេ ក៏នៅតែសប្បាយដដែល។

តែបើមិនជឿតែបទពិសោធន៍ខ្ញុំទេ ក៏អាចមកអានពីការស្រាវជ្រាវវិទ្យាសាស្ត្រទាក់ទងនឹងការពង្រឹងស្មារតីនេះក៏បាន!

តើហេតុអ្វីទើបអ្នកគួររស់នៅដោយមានស្មារតីក្នុងខ្លួនគ្រប់ពេល?

សតិឬស្មារតីគឺជាគ្រាប់ពូជ តែក៏ជាផ្លែផ្កាផងដែរ។ វាជាវិធីមួយពិតមែន តែក៏វាជាលទ្ធផលផងដែរ។

តាមពិត រាប់ពាន់ឆ្នាំមកនេះ មានភិក្ខុ ភិក្ខុនី និងពុទ្ធបរិស័ទជាច្រើនលាននាក់បានប្រតិបត្តិសមាសតិ (សតិដែលត្រឹមត្រូវ) ហើយដឹងថាវាមានប្រយោជន៍ជាយូរណាស់មកហើយ។

តែទើបប៉ុន្មានសិបឆ្នាំចុងក្រោយនេះទេដែលអ្នកវិទ្យាសាស្ត្រក៏បានចាប់ផ្តើមស្រាវជ្រាវលើរឿងនេះផងដែរ។ ពួកគេក៏រកឃើញថា ពេលដែលយើងរៀនពង្រឹងស្មារតី នោះយើងនឹងពូកែគ្រប់គ្រងខ្លួនជាងមុន ចេះផ្ចង់ស្មារតីជាងមុន អាចគ្រប់គ្រងស្ត្រេសបានល្អជាងមុន ហើយថែមទាំងយល់ដឹងពីខ្លួនឯងច្រើនជាងមុនទៀតផង! អ្នកអាចអានបន្ថែមពីរបាយការណ៍ពិសោធន៍ទាំងនេះនៅ ទីនេះ នេះ នេះ នេះ និងទីនេះ។

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកដែលមានវិបត្តិផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្ត អូស៊ីឌី (OCD) និងអារម្មណ៍អវិជ្ជមានជាច្រើនទៀតដូចជា ចំណង់ចង់ជ្រុល អារម្មណ៍ភ័យបារម្ភ និងអារម្មណ៍តក់ស្លុតជាដើម អាចកាត់បន្ថយវិបត្តិផ្លូវចិត្តពួកគេបានយ៉ាងច្រើន ដោយរៀនសមាធិដើម្បីឲ្យខ្លួនមានស្មារតីក្នុងការរស់នៅច្រើនជាងមុន។ អាចអានរបាយការណ៍ពិសោធន៍បាន៖ មួយ និង ពីរ។

តែការរស់នៅដោយមានស្មារតីមិនត្រឹមតែជួយចិត្តយើងប៉ុណ្ណោះទេ វាក៏អាចជួយខ្លួនប្រាណយើងបានច្រើនផងដែរ។ ទីមួយគឺអ្នកដែលរស់នៅដោយមានស្មារតីក្នុងខ្លួន តែងពូកែអត់ទ្រាំជាមួយភាពឈឺចុកចាប់ជាងមនុស្សធម្មតា។

ទីពីរ ពេលដែលគេតាមដានកោសិកាតូចៗរាប់លានកោសិកាក្នុងខ្លួនគាត់ទៅ គេរកឃើញថា កោសិការបស់ពួកគាត់មានភាពចំណាស់យឺតជាងមនុស្សធម្មតា ជាហេតុនាំឲ្យពួកគាត់រស់បានយូរ ហើយនៅក្មេងបានយូរដោយមិនបាច់ផឹកថ្នាំ ឬ វះកាត់កែសម្ផស្សនោះទេ។ ស្តាប់ទៅឡើងដូចថ្នាំទិព្វធ្លាក់មកពីឋានសួគ៌ មែនអត់?! នេះរបាយការណ៍ពិសោធន៍សំរាប់ការអះអាងទាំងនេះ៖ មួយ និងពីរ។

រូបភាពបានមកពី៖ ជូលីយ៉ា ផេកាន (Julia Packan)

ចុះយើងអាចពង្រឹងស្មារតីក្នុងការរស់នៅតាមរបៀបណាខ្លះទៅ?

អ្នកខ្លះប្រហែលគិតថា ទាល់តែយើងបួស ឬទៅរស់នៅក្នុងខ្ទមឈើក្នុងព្រៃដាច់ដោយឡែកពីគេឯង ទើបយើងអាចហាត់ពង្រឹងស្មារតីរបស់យើងបាន។

ឯអ្នកខ្លះទៀតគិតថា ទាល់តែមួយថ្ងៃៗ អង្គុយសូត្រធម៌និងសមាធិទើបទៅរួច។ តែតាមពិតទៅ អ្នកអាចហាត់ពង្រឹងស្មារតីក្នុងការរស់នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាឯណោះ!

មិនបាច់ទាល់តែតាំងសមាធិរាប់ម៉ោង ទៅវិបស្សនា ឬហាត់យោគៈទើបអាចពង្រឹងស្មារតីបាននោះទេ (ទោះជាសកម្មភាពទាំងនេះអាចជួយចំរើនសតិយើងបានច្រើនក៏ដោយ)។

ការមានស្មារតី បានន័យថា យើងមានស្មារតីលើរឿងអីមួយ។ ប្រសិនបើយើងកំពុងលាងចាន ឲ្យតែយើងដាក់ចិត្តដាក់កាយ គិតតែពីរឿងលាងចានម្តងមួយៗ ដោយមិនប្រញ៉ាប់ដើម្បីរត់ទៅធ្វើសកម្មភាពបន្ទាប់នោះ យើងកំពុងលាងចានដោយមានស្មារតីហើយ!

ដូចគ្នាជាមួយពេលដែលយើងផឹកទឹក ពេលយើងវាយកុំព្យូទ័រ រៀបផែនការគំរោងថ្មី និយាយលេងជាមួយគេឯង ពេលយើងស្តាប់ចំរៀង ឆាតជាមួយក្រាស់យើង ជិះឡានតាមផ្លូវ ឬញ៉ាំផ្លែឪឡឹកក៏ដោយ…

ឲ្យតែយើងធ្វើវាដោយដឹងគ្រប់ដង្ហើមថាខ្លួនកំពុងធ្វើវា ខ្លួនកំពុងគិតអ្វី​ ចិត្តកំពុងមានអារម្មណ៍អ្វីនោះ យើងកំពុងធ្វើវាដោយមានស្មារតីហើយ!

យើងមិនបាច់ត្រដររត់តាមអ្នកណាម្នាក់ ឬតាមកេរ្តិ៍ឈ្មោះ ប្រាក់កាស ឬភាពជោគជ័យធំដុំនោះទេ។ គ្រាន់តែយើងអង្គុយញ៉ាំចេកដោយមានស្មារតី មានសតិ មិនគិតបារម្ភពីអីទាំងអស់ អារម្មណ៍មិនហោះទៅរឿងដែលកើតឡើងរួច ឬរឿងដែលមិនទាន់កើតឡើងនោះ… ញ៉ាំតែចេកក៏អាចធ្វើឲ្យយើងសប្បាយបានដែរ។

កាលពីពីរឆ្នាំមុន មានថ្ងៃមួយនោះខ្ញុំសំណាងមានពេលសំរាក អង្គុយយោលអង្រឹងនៅជិតមាត់ទន្លេ ហើយស្តាប់ចំរៀងដាក់កាស។ ស្តាប់ចំរៀងដដែលទេ តែពេលនេះ មិនមែនចាក់វាចោលពេលយើងធ្វើការអីផ្សេងទេ ម្តងនេះខ្ញុំបានដាក់ចិត្តស្តាប់ចំរៀងមួយនេះតែម្តង គឺតាមដានគ្រប់ពាក្យ គ្រប់តូរ្យតន្ត្រី… ដល់ថ្នាក់ស្តាប់ៗ ស្រាប់តែទឹកភ្នែកហូរ។ មិនមែនដោយសារចំរៀងកំសត់ទេ តែទឹកភ្នែកហូរដោយសារសប្បាយចិត្តខ្លាំងពេក។

ដោយសារខ្ញុំនឹកឃើញច្បាស់ថា តាំងពីធំដឹងក្តី ប្តូរទីលំនៅមកភ្នំពេញមក ក៏ឈប់មានពេលអង្គុយលេងលើអង្រឹងយោលទៅយោលមកដោយមិនខ្វល់ពីរឿងខាងក្រៅបាត់ទៅហើយ… មួយថ្ងៃៗគិតតែរឿងរៀន ពេលរៀនចប់ ឥលូវមួយថ្ងៃៗគិតតែរឿងការងារ រឿងមិត្តភក្តិ រឿងស្ម័គ្រចិត្តជួយសង្គម… មិនដែលមានពេលអង្គុយលេង ហើយរស់នៅសោយសុខក្នុងបច្ចុប្បន្នកាលសោះឡើយ។

ដល់ត្រឹមនេះប្រហែលឆ្ងល់ហើយថា តើឲ្យសោយសុខជីវិតក្នុងបច្ចុប្បន្នកាលយ៉ាងម៉េច បើពេលខ្លះយើងត្រូវធ្វើការដែលស្ត្រេស ឬធ្វើការដែលកំប៉ិចកំប៉ុកគួរឲ្យធុញនោះ? តើឲ្យសប្បាយពេលយើងដេកយោលអង្រឹង លាងចាន ឬវាយកុំព្យូទ័រម៉េចកើត? នេះឯងដែលយើងត្រូវការអនុវត្ត ប្រតិបត្តិពង្រឹងស្មារតីយើងឲ្យបានខ្ពស់នោះ! ពេលយើងមានស្មារតីខ្ពស់ មិនថាការងារគួរឲ្យធុញ ការងារតូចតាចយ៉ាងណាទេ ក៏យើងអាចធ្វើវាដោយមានសេចក្តីសុខ និងសន្តិភាពក្នុងចិត្តបានដែរ។

ដើម្បីចាប់ផ្តើមអនុវត្តពង្រឹងសតិស្មារតីយើងបានគឺមានផ្លូវចូលចំនួនបីគឺតាមរយៈ៖ ចិត្តយើង ខ្លួនយើង និងដង្ហើមយើង។

នៅសម័យនេះ មនុស្សយើងភាគច្រើនគឺចិត្តនិងកាយមិននៅជាមួយគ្នាទេ។ កាយនៅទីនេះក៏ពិតមែន តែចិត្តរវល់ហោះទៅនេះទៅនោះ ទៅការងារ ទៅសង្សារ ទៅរឿងតារាជាដើម។

គោលដៅនៃការរៀនពង្រឹងស្មារតីនិងសតិយើងគឺ ធ្វើយ៉ាងណាបង្រួបបង្រួមឲ្យកាយ និងចិត្តយើងនៅជាមួយគ្នាវិញ។ តើបង្រួបបង្រួមតាមរបៀបណាទៅ? គឺតាមដង្ហើមរបស់យើងហ្នឹងឯង!

មិនថាមានរឿងអីកើតឡើង រឿងអាក្រក់ឬរឿងល្អ… ពេលភ្ញាក់ពេលដេក ពេលពិបាកចិត្ត ពេលសប្បាយចិត្ត ឲ្យតែយើងនៅរស់ គឺដង្ហើមយើងតែងតែនៅជាមួយយើងជានិច្ច។ តែភាគច្រើនគឺយើងដកដង្ហើមដោយមិនដឹងថាខ្លួនកំពុងដកដង្ហើមនោះទេ។

តាមពិត ដង្ហើមរបស់យើងគឺភ្ជាប់ជាមួយខ្លួនយើងជានិច្ច ព្រោះវាជាអ្នកនាំខ្យល់ជួយឲ្យខ្លួនយើងរស់បាននោះអី (ដង្ហើម <—-> ខ្លួន) ។ ពេលដែលយើងតាំងស្មារតី ផ្ចង់អារម្មណ៍ដើម្បីដឹងពីដង្ហើមយើង នោះចិត្តរបស់យើងនឹងភ្ជាប់ជាមួយដង្ហើមយើង ជាហេតុធ្វើឲ្យចិត្តយើងក៏អាចភ្ជាប់ជាមួយខ្លួនយើងផងដែរ (ចិត្ត <—-> ដង្ហើម <—-> ខ្លួន )។

រូបភាពបានមកពី៖ ខ្យូណូស៊ូកិ តាកាយ៉ាស៊ូ (Kyonosuke Takayasu)

ដោយសារទំនាក់ទំនងរបស់ចិត្ត ដង្ហើម និងខ្លួនយើងនេះឯងដែលនាំឲ្យ៖

ពេលដែលដង្ហើមយើងយឺត និងស្ងប់ -> ខ្លួនយើងនឹងបានសំរាក មិនសូវស្ត្រេស ហើយចិត្តយើងក៏អាចស្ងប់ ហើយស្រស់ថ្លាជាងមុនផងដែរ។ ពេលដែលចិត្តយើងស្ងប់ -> ខ្លួនយើងនឹងបានសំរាក ហើយដង្ហើមយើងនឹងដកយឺតៗ វែងៗ ហើយស្ងប់ជាងមុន។ ពេលដែលខ្លួនយើងធ្វើសកម្មភាពយឺតហើយស្ងប់សុខ -> ចិត្តយើងនឹងជ្រះថ្លា ហើយស្ងប់ជាងមុន ហើយការដកដង្ហើមចេញចូលរបស់យើងក៏បានយឺតជាងមុន វែងជាងមុន ហើយស្រួលដកជាងមុនផងដែរ។

អ្នកដែលធ្លាប់ហាត់យោគៈតែងលាន់មាត់សរសើរថា ខ្លួននិងចិត្តគាត់រាងស្ងប់ជាងមុនច្រើន ពេលហាត់ចប់ម្តងៗ។ នេះក៏ដោយសារតែទំនាក់ទំនងរវាងចិត្ត កាយ និងដង្ហើមដូចគ្នាដែរ។

ពេលដែលយើងរៀនរស់នៅដោយមានស្មារតី និងសតិនោះ យើងមិនបាច់ត្រូវការបង់លុយហាត់យោគៈនោះទេ ក៏យើងអាចជួយឲ្យខ្លួនប្រាណ ចិត្ត និងដង្ហើមយើងស្ងប់ជាងមុនបានដែរ។ គ្រាន់តែរស់នៅដកដង្ហើមចេញចូលសោះក៏អាចសប្បាយ មានសន្តិភាពក្នុងចិត្តបានដែរ!

ដូច្នេះហើយ អ្នកគួរចាំពីផ្លូវចូលទាំងបីនេះគឺចិត្ត ខ្លួន និងដង្ហើម។ ប្រសិនបើមានពេលណាមួយ ចិត្តរបស់យើងមានអាការៈរសាប់រសល់ពិបាកនឹងតាំងស្មារតីនោះ កុំព្យាយាមបញ្ជាវាអី។ យកល្អ ព្យាយាមធ្វើឲ្យរាងកាយយើងធ្វើសកម្មភាពយឺតជាងមុនដោយតាំងសមាធិអង្គុយ តាំងសមាធិដោយការដើរ ឬហាត់យោគៈជាដើម។ ឬក៏យើងអាចតាំងស្មារតីលើដង្ហើមយើងទៅវិញផងដែរ។ ពេលដែលដង្ហើម ឬ/និង កាយយើងមានស្ងប់សុខ នោះចិត្តយើងក៏ស្ងប់ទៅតាមនោះដែរ។

ឥលូវយើងដឹងពីផ្លូវចូលទាំងបីនឹងការពង្រឹងសតិហើយ អញ្ចឹង ដល់ពេលយើងរៀនពីវិធីងាយៗដែលអ្នកមិនដែលហាត់សោះក៏អាចរៀនពង្រឹងស្មារតីខ្លួនបានដែរ!

លំហាត់ទី ១៖ ដឹងពីដង្ហើមអ្នកគ្រប់ដង្ហើម

រូបភាពបានមកពី៖​ pinimg

យើងម្នាក់ៗនរណាក៏ដកដង្ហើមដែរ (លើកលែងតែខ្មោចឆៅដែលកំពុងអានអត្ថបទមួយនេះ ហេហេ) អញ្ចឹងស្រួលមែនទែន លំហាត់ទីមួយនេះ។ ពេលដែលអ្នកដកដង្ហើមចូល ដាក់អារម្មណ៍ឲ្យដឹងថាខ្លួនកំពុងដកដង្ហើមចូល។ ពេលដែលអ្នកដកដង្ហើមចេញ ដឹងថាខ្លួនកំពុងដកដង្ហើមចេញ។

និយាយស្រួលទេ តែបើចង់ចាំពីដង្ហើមខ្លួនគ្រប់ពេលនោះ សាកទៅនឹងដឹងថាមិនមែនស្រួលទេ។ ដូច្នេះអ្នកអាចឧស្សាហ៍ទន្ទេញឃ្លានេះដើម្បីរំលឹកឲ្យយើងមិនភ្លេចពីដង្ហើមខ្លួន៖

«ដកដង្ហើមចូល ខ្ញុំដឹងថាខ្លួនកំពុងដកដង្ហើមចូល (សំរាប់ដង្ហើមចូល) ដកដង្ហើមចេញ ខ្ញុំដឹងថាខ្លួនកំពុងដកដង្ហើមចេញ (សំរាប់ដង្ហើមចេញ)»

អ្នកក៏អាចបង្រួមវាទៅជា៖ ពេលដកដង្ហើមចូល និយាយក្នុងចិត្តថា «ចូល» ពេលដកដង្ហើមចេញ និយាយក្នុងចិត្តថា «ចេញ»។

សំខាន់ត្រូវចាំថា ពេលដឹងថាខ្លួនកំពុងដកដង្ហើមអញ្ចឹង កុំបង្ខំឲ្យខ្លួនដកដង្ហើមឲ្យបានវែងជាងមុនឲ្យសោះ ព្រោះធ្វើអញ្ចឹងនឹងនាំឲ្យយើងឆាប់ហត់ខ្លាំងណាស់។ ពេលដែលដង្ហើមអ្នកខ្លី គ្រាន់តែដឹងថាដង្ហើមអ្នកខ្លីទៅបានហើយ។

«ដកដង្ហើមចូល ខ្ញុំដឹងថាខ្លួនកំពុងដកដង្ហើមចូលខ្លី (សំរាប់ដង្ហើមចូលខ្លី) ដកដង្ហើមចេញ ខ្ញុំដឹងថាខ្លួនកំពុងដកដង្ហើមចេញខ្លី (សំរាប់ដង្ហើមចេញខ្លី)

ប្រសិនបើវាវែង ក៏ធ្វើដូចគ្នាដែរ គឺគ្រាន់តែដឹងថាវាវែងទៅបានហើយ។ កុំធ្វើបាបសួតអ្នកពេកអី វាចង់បានខ្យល់ប៉ុណ្ណា ឲ្យវាប៉ុណ្ណឹងទៅ។

ពេលហាត់លំហាត់នេះបានមួយរយៈ អ្នកអាចចាប់ផ្តើមរាប់ដង្ហើមអ្នកបានដែរ

«ចូល ចេញ មួយ…» «ចូល ចេញ ពីរ…»

… រាប់រហូតដល់គ្រប់ ១០ ដង្ហើម ហើយចាប់ផ្តើមពីមួយមកវិញជាការស្រេច។

ខ្ញុំចាំថាពេលដែលខ្ញុំទើបហាត់ដំបូង… និយាយមែន! មិនដែលរាប់បានដល់បីដង្ហើមយ៉ាងម៉េចទេ! ដោយសារចិត្តខ្ញុំវិលវល់រសាប់រសល់ពូកែគិតខ្លាំងពេក។

«ចូល ចេញ មួយ… ចូល ចេញ ពីរ…អឺ និយាយថាលេខពីរហ្នឹងឯងជាលេខដែលសង្សារចាស់ឯងចូលចិត្តជាងគេ។ ឆ្ងល់ណាស់ឥលូវគេសុខទុក្ខយ៉ាងណាហើយហ្ន៎! អឺ ដូចលឺថាគេមានសង្សារថ្មីហើយ តើនៅជាមួយគ្នាសប្បាយទេពីរនាក់ហ្នឹង? និយាយថាឃើញគេលេងស្កេតម្សិលមិញឡូយម៉្លេះ! ចង់រៀនចេះនឹងគេដែរ ប្រហែលមានក្រុមស្កេតនៅខ្មែរដែលអាចបង្រៀនឯងបានមើលទៅ… អឺស! មិញហាត់ដល់ណាហើយ?»

ពេលដែលទើបហាត់ដំបូង ចិត្តយើងតែងគិតដល់នេះដល់នោះ វាជារឿងធម្មតាទេ។ កុំខឹងខ្លួនឯង ហើយក៏កុំគិតថាខ្លួនឯងអន់ តាំងចិត្តប៉ុណ្ណឹងក៏មិនបានដូចគេ។ នរណាៗក៏អាចរស់នៅដោយមានស្មារតីបានដែរ។ ពេលដែលយើងដឹងខ្លួនថាយើងបានភ្លេចរាប់ដង្ហើមយើងហើយ គ្រាន់តែត្រឡប់មករាប់ពីដង្ហើមលេខមួយឡើងវិញទៅបានហើយ។

គួរឧស្សាហ៍ធ្វើលំហាត់នេះគ្រប់ពេលដែលអ្នកទំនេរ។ ពេលព្រឹកមុនពេលដាក់ជី ឬពេលកំពុងដាក់ជីក៏បាន។ ពេលបានសំរាកប៉ុន្មាននាទីពីការងារ ឬពេលដែលយើងកំពុងឈរចាំយកកាហ្វេយើងជាដើម។

ដង្ហើមយើងគឺជាជំរក គឺជាមិត្តល្អរបស់យើងជានិច្ច! សាកហាត់លំហាត់នេះជាប៉ុន្មានដងក្នុងមួយថ្ងៃ ហើយធ្វើឲ្យបានពីរបីអាទិត្យសិនទៅមើល! អ្នកនឹងឃើញថាខ្លួនពូកែតាំងស្មារតីជាងមុន ហើយប្រហែលអាចនឹងរាប់ដល់ ១០ ដង្ហើមដោយមិនភ្លេចខ្លួនទៀតផង!

ពេលដែលយើងរាប់ដង្ហើមយើង នឹងមានគំនិត និងអារម្មណ៍ផុសឡើងក្នុងចិត្តយើង។ ទោះគំនិតអី ទោះអារម្មណ៍អីផុសឡើងមកក៏ដោយ សូមកុំវិនិច្ឆ័យថាមួយនេះជាគំនិតល្អ មួយនេះមិនល្អ អារម្មណ៍នេះវិជ្ជមាន ឬ អាមួយនេះអវិជ្ជមានឲ្យសោះ!

ពេលដែលមានគំនិត ឬអារម្មណ៍អ្វីមួយចេញមុខមក គ្រាន់តែដឹងថាពេលនេះខ្លួនកំពុងមានអារម្មណ៍មួយ ឬគំនិតមួយទៅបានហើយ។ បន្តផ្ចង់ស្មារតីលើដង្ហើមយើងទៀតទៅ តែប៉ុន្មានដង្ហើមនោះទេ គំនិតឬអារម្មណ៍នោះនឹងរលាយបាត់ទៅវិញហើយ។

ត្រូវចាំថា បើសិនជាមិនចង់ឲ្យអារម្មណ៍ឬគំនិតណាមួយមានអំណាចគ្រប់គ្រងចិត្តយើងទាំងមូលបានទេ គឺមានតែដង្ហើមយើងទេដែលជាក្បូនអាចជួយយើងបាន។

អាចប្រដូចថាចិត្តយើងប្រៀបដូចជាមហាសមុទ្រដ៏ធំមួយអញ្ចឹង ហើយដង្ហើមយើងជាក្បូន រីឯអារម្មណ៍ និងគំនិតទាំងឡាយរបស់យើងគឺជារលកជាច្រើនដែលរំលេចខ្លួនលើសមុទ្រចិត្តដ៏ធំនេះ។ ពេលដែលរលកបក់បោកធំខ្លាំង តែងមើលទៅគួរឲ្យខ្លាច។ តែរលកណាក៏ចេះមានពេលដែលវាត្រូវរសាយបាត់ ហើយក្លាយទៅជាទឹកសមុទ្ររាបវិញដែរ។

រូបភាពបានមកពី៖ ខូលប៊ៀល (Colebeal)

ពេលដែលមានរលកមួយមកប៉ះដល់ក្បូនយើង គួរចាប់ក្បូនឲ្យជាប់ ហើយឲ្យក្បូននោះហែលលើរលកនោះទៅ។ បើសិនជាយើងរត់ប្រលែងក្បូនចោល នោះយើងនឹងធ្លាក់ចូលក្នុងរលក ហើយរសាត់អណ្តែតតាមកំលាំងរបស់រលកជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើយើងជំរុញឲ្យក្បូនយើងវាយជំនះរលកនោះ ក៏មិនអាចទៅរួចដែរ មានតែបាក់ក្បូន ហើយហត់ខ្លួននោះទេ។ អ្វីដែលយើងគួរធ្វើ គឺតាំងខ្លួនឲ្យជាប់ជាមួយក្បូន ហើយឲ្យរលកនោះបក់ក្បូនតាមធម្មជាតិទៅ តែមួយភ្លែត រលកនឹងកន្លងទៅបាត់ ហើយក្បូនយើងនឹងនៅលើទឹករាបវិញជាមិនខាន។

ការដឹងពីដង្ហើមចេញចូលនេះឯងជាមូលដ្ឋានគ្រឹះនៃយោគៈ ជាគ្រឹះនៃរបាំខ្មែរបូរាណ ក៏ដូចជាគ្រឹះនៃការតាំងសមាធិផងដែររ។ ស្តាប់ទៅ លំហាត់នេះដូចស្រួលណាស់ សឹងតែថាគេបោកយើងលេងផងក៏មិនដឹង។

ខ្ញុំដំបូងក៏មិនសូវជាជឿវាប៉ុន្មានដែរ តែសំរេចចិត្តចេះតែរៀនមើលសិនទៅ! ដល់ពេលធ្លាប់ហាត់អញ្ចឹងទៅ ទើបឃើញថា វាបានជួយខ្ញុំច្រើនដងមកហើយ ជាពិសេសពេលដែលមានអារម្មណ៍ភ័យ ឬខឹងខ្លាំងម្តងៗ។

ចាំថាកាលនោះ ខ្ញុំបានជួបជាមួយក្រុមហ៊ុនមួយដើម្បីនិយាយពិភាក្សាពីឱកាសសហការគ្នាជាមួយនឹងវប្បធម៌នេះឯង។ តែខាងគេបែរជានិយាយសួរដូចយើងមិនដឹងអី ហើយថែមទាំងជជីកសួរ ប្រើប្រាស់សំដីដែលពោរពេញដោយកំហឹង និងស្ត្រេស។ ធម្មតា បើគេហ៊ាននិយាយអញ្ចឹងដាក់ខ្ញុំនោះ ខ្ញុំប្រាកដជាខឹងញ័រសាច់ ហើយភ័យនិងស្អប់គេទៀតផង។ តែចេះសំណាង ពេលនោះឧស្សាហ៍ហាត់ដឹងពីដង្ហើមខ្លួនបានប៉ុន្មានអាទិត្យមកហើយ ក៏នឹកឃើញធ្វើវាពេលគេកំពុងនិយាយ។

ទោះគាត់និយាយមក អាក្រក់ស្តាប់យ៉ាងណាក្តី មើលងាយយ៉ាងណាក្តី ក៏ខ្ញុំនៅតាំងស្មារតីដឹងពីដង្ហើមចេញចូល របស់ខ្ញុំ។ សំដីរបស់គាត់ និងកំហឹងរបស់ខ្ញុំខ្លួនឯង ឆ្លងកាត់ចិត្តខ្ញុំដូចទឹករលកអញ្ចឹង។ ខ្ញុំនៅតែកាន់ក្បូនដង្ហើមខ្ញុំជាប់មិនប្រលែង រហូតដល់គេនិយាយចប់។ ទោះពេលនោះ ក្នុងចិត្តមានអារម្មណ៍ខឹង ស្អប់ ឬភ័យខ្លាំងយ៉ាងណា ក៏ខ្ញុំបណ្តោយឲ្យវាផុសឡើង ហើយត្រឡប់ទៅវិញតាមដំណើរដូចរលកអញ្ចឹង។ អ្វីដែលខ្ញុំធ្វើនោះគឺត្រឹមតែអង្គុយស្តាប់ ហើយដឹងពីដង្ហើមខ្លួនគ្រប់នាទីតែប៉ុណ្ណោះ។

ទំរាំគេនិយាយចប់ ខ្ញុំមានពេលតាំងចិត្តស្ងប់អាចឆ្លើយតបទៅគេបានយ៉ាងធម្មតាទៅហើយ! ដល់ថ្នាក់មិត្តក្រុមការងារដែលបានមកប្រជុំជាមួយគ្នាប្រាប់ខ្ញុំថា កុំអីគាត់ខឹងដល់ថ្នាក់ប្រុងនឹងដើរចេញដោយមិនលាគេទៅហើយ គង់តែងាកមកឃើញខ្ញុំធ្វើមុខស្ងប់ ហើយឆ្លើយតបដោយត្រជាក់ចិត្តទេ ទើបគាត់សំរេចចិត្តនៅបន្ត ហើយចាំខ្ញុំឆ្លើយតបនឹងគេ។

ខ្ញុំអាចរក្សាចិត្តឲ្យនៅត្រជាក់បានពេលនោះ មិនមែនមកពីខ្ញុំអស្ចារ្យជាងគេនោះទេ។ តែដោយសារខ្ញុំតោងដង្ហើមខ្ញុំជាប់ ឲ្យវាជួយខ្ញុំទៅវិញទេ!

លំហាត់ទី ២៖ ហាត់ញញឹមថ្នមៗ

ដែលឃើញរូបសំណាក់របស់ព្រះពុទ្ធទេ? ព្រះអង្គតែងមានស្នាមញញឹមដ៏ស្រទន់មួយ មិនមែនស្ញេញដូចពេលយើងថតរូបនោះទេ។ ទោះអ្នកជឿលើសាសនាអ្វី ឬមិនជឿសាសនាអ្វីសោះក៏ដោយ (ដូចខ្ញុំ ហេហេ) ក៏យើងអាចមើលដឹងថា ស្នាមញញឺមថ្នមៗនៅលើព្រះភ័ក្ត្ររបស់ព្រះពុទ្ធ នេះគឺបង្ហាញពីចិត្តដ៏ស្ងប់ និងមានសេចក្តីសុខមួយ។

រូបថតបានមកពី៖ meditationtemptation

យើងតែងគិតថា ទាល់តែសប្បាយចិត្តទើបញញឹមចេញ! តែតាមពិតទៅ ពេលយើងញញឹមមុន ទើបយើងសប្បាយចិត្តក្រោយក៏ត្រូវដែរ។ ព្រោះពេលដែលយើងញញឹមថ្នមៗដូចនេះ យើងអនុញ្ញាត្តិឲ្យសាច់ដុំជាង ៤០ សាច់ដុំលើមុខយើងបានសំរាក មិនបាច់ប្រឹងជ្រួញ ប្រឹងលេងទឹកមុខទៀតទេ។

សាកធ្វើឥលូវនេះទៅមើល! ដឹងពីដង្ហើមចេញចូលឲ្យបានពីរបីដង កុំបង្ខំឲ្យវាវែងឬខ្លី គឺបណ្តោយឲ្យវាវែងឬខ្លីតាមតែចិត្តវាទៅ។ បន្ទាប់មក ចាប់ផ្តើមញញឹមបន្តិចម្តងៗ រហូតដល់ត្រឹមពាក់កណ្តាលមាត់ ដូចស្នាមញញឹមរបស់ព្រះពុទ្ធអញ្ចឹង។

ក្រោយមក ចាប់ផ្តើមតាំងស្មារតីលើសាច់ដុំចិញ្ចើមរបស់យើង បើវាកំពុងចងជ្រីវជ្រួញនោះ ក៏ស្រាយវាវិញទៅ… ហើយប្តូរស្មារតីមកលើថ្ងាសរបស់យើងវិញ បើយើងកំពុងជ្រួញថ្ងាស ក៏ពង្រាបវាវិញទៅ… ធ្វើដូចគ្នាជាមួយច្រមុះ ថ្ពាល់ ចង្ការ បបូរមាត់ និងជាពិសេសថ្គាមរបស់យើង… គ្រាន់តែយើងតាំងស្មារតីលើវាភ្លាម យើងនឹងដឹងថាតើវាកំពុងជ្រួញ ឬកំពុងសំរាកស្រួល។ បើវាមិនសំរាកទេនោះ ជួយបន្ធូរសាច់ដុំ ឲ្យវាបានសំរាកសិនទៅ។

អ្នកអាចហាត់លំហាត់ដ៏សាមញ្ញស្រួលធ្វើមួយនេះ បានសឹងតែគ្រប់ទីកន្លែង។ ពេលកំពុងរៀន សាករៀនដោយញញឹមថ្នមៗទៅមើល! ពេលកំពុងធ្វើការ? សាកធ្វើការដោយស្នាមញញឹមថ្នមៗទៅមើល! កំពុងដាក់ជី? ដាក់ជីដោយស្នាមញញឹមថ្នមៗក៏គ្មានបញ្ហា!

លំហាត់ទី​ ៣៖ ដឹងពីដង្ហើមផ្គួបជាមួយគ្រប់សកម្មភាពដែលអ្នកធ្វើ

ហ្នឹងឯង! ប៉ុណ្ណឹងឯង! ពេលយើងដឹងពីដង្ហើមយើង ព្យាយាមផ្គួបវាជាមួយគ្រប់សកម្មភាពដែលយើងតែងធ្វើជាប្រចាំថ្ងៃទៅ ដូចជា៖

មានស្មារតីក្នុងការដើរ៖ ដើម្បីឲ្យអ្នកអាចតាំងស្មារតីនិងសតិក្នុងការដើរបាន ដំបូងចាប់ផ្តើមដោយដឹងពីដង្ហើមយើងឲ្យបានពីរបីដង្ហើមសិន។

«ចូល ចេញ។… ចូល ចេញ។…»

បន្ទាប់មក ពេលយើងឈានជើងដើរ យើងអាចរាប់ដង្ហើមយើងឲ្យត្រូវនឹងជំហានយើង។ តើយើងដើរប៉ុន្មានជំហានទើបដកដង្ហើមចូលចប់? តើដើរប៉ុន្មានជំហានទៅដង្ហើមចេញអស់?

ខ្ញុំវិញជាធម្មតាត្រូវការបីជំហានទើបដកដង្ហើមចូលអស់ ហើយបួនជំហានទើបដង្ហើមចេញអស់។ អញ្ចឹងអាចសូត្រក្នុងចិត្ត «ចូល ចូល ចូល ចេញ ចេញ ចេញ ចេញ…។» មួយពាក្យគឺស្មើនឹងមួយជំហាន។ ពេលដើរ កុំភ្លេចញញឹមថ្នមៗនៅលើភក្ត្រាផង!

ម៉្យាងវិញទៀត បើចង់ដើរឲ្យបានសប្បាយជាងនេះ ក៏គួរយកពេលនេះដើម្បីថ្លែងអំណរគុណដល់ជើងយើងផងដែរ។ មួយថ្ងៃៗរត់ទៅនេះទៅនោះ ដើរទៅឆ្វេង ទៅស្តាំនេះ មានដែលអរគុណជើងយើងអត់? ចាំពេលកាលមុនដួលឈឺជើង ឬជាំជើង ពិបាកប៉ុណ្ណាទេ? ពេលឈឺជើងម្តងៗ យើងតែងគិតថា ឲ្យតែបានជា ឲ្យតែបានដើរឬរត់លេងធម្មតាវិញ មិនដឹងជាយើងសប្បាយចិត្តប៉ុណ្ណាទេ។ តែឥលូវជើងយើងល្អសឹងអី ម៉េចយើងមិនសប្បាយចិត្ត?

យកពេលនេះដើម្បីដើរយឺតៗ ហើយគិតបំផុសឲ្យមានអំណរគុណសំរាប់ជើងមួយគូដែលតែងទ្រយើងជានិច្ចនេះផង!

មានស្មារតីក្នុងការអង្គុយ៖ ពេលអង្គុយចុះ ចាប់ផ្តើមដោយដឹងពីដង្ហើមរបស់យើង

«ចេញ… ចូល… ចេញ…. ចូល….» ។

កុំភ្លេចចាប់ផ្តើមបណ្តុះឲ្យមានស្នាមញញឹមថ្នមៗមួយផ្តិតនៅលើមុខយើងផង។ មានអារម្មណ៍ថាឡូយអត់ ដែលយើងមានពេលអង្គុយញញឹម ហើយមិនបាច់គិត មិនបាច់ខ្វល់ច្រើនដូចនេះ?

មនុស្សខ្លះមានលុយច្រើនជាងយើង មានកេរ្តិ៍ឈ្មោះល្បីសុសសាយជាងយើង ហើយមានភាពជោគជ័យមិនចេះខ្វះទេ តែគាត់មិនដែលមានពេលអាចអង្គុយហើយញញឹមលេងបាននោះទេ!

មានស្មារតីក្នុងការញ៉ាំ៖ យើងម្នាក់ៗមួយថ្ងៃៗមិនដឹងញ៉ាំប៉ុន្មានដងនោះទេ តែមានមនុស្សប៉ុន្មាននាក់ដែលពិតជាយកពេល និងដាក់ចិត្តដើម្បីភ្លក់ម្ហូបដែលខ្លួនញ៉ាំនោះឲ្យបានគ្រប់ម៉ាត់ (លើកលែងតែគណៈកម្មការរបស់ Master Chef)?

មុនពេលដែលយើងចាប់ផ្តើមញ៉ាំ សូមចាប់ផ្តើមដឹងពីដង្ហើមយើងជាមុនសិន «ចូល… ចេញ… ចូល…ចេញ…» បន្ទាប់មក ចាប់ផ្តើមទំពារអាហារដោយមានស្មារតីផ្គួបជាមួយដង្ហើមយើង។ ឆ្លៀតពេលនេះភ្លក់អាហារតែម្តង! តើវាមានរសជាតិយ៉ាងណា? មានទំរង់យ៉ាងណាដែរ?

ដើម្បីឲ្យញ៉ាំរឹតតែសប្បាយចិត្តបាន សាកគិតដល់ព្រះអាទិត្យ ទឹកភ្លៀង ភ្នំ ទឹកដែលកប់នៅក្នុងដីភ្នំ អ្នកចំការ និងអ្នកដែលចំអិនបាយ… បើគ្មានពួកគាត់ទេ យើងគ្មានអីញ៉ាំក្នុងពេលនេះទេ!

ប្រសិនបើព្រះអាទិត្យរលាយបាត់សូន្យ នោះសំលម្ជូរដែលយើងកំពុងហុតឥលូវនេះក៏គ្មានរូបរាងផងដែរ ព្រោះគ្មានបន្លែណាអាចរស់រានមានជីវិតដោយគ្មានព្រះអាទិត្យបានឡើយ។ ដូចគ្នាដែរ ប្រសិនបើលើលោកនេះគ្មានទឹក ប្រសិនបើគ្មានអ្នកចំការចាំដាំបន្លែ ប្រសិនបើគ្មានម៉ាក់ចាំចំអិនម្ហូប នោះអ្នកគ្មានសំលនេះញ៉ាំក្នុងពេលនេះទេ!

ពេលដែលអ្នកទំពារម្ហូបអ្នក អាចថ្លែងអំណរគុណដល់គ្រប់សារធាតុដែលបានមកផ្គួបផ្គុំគ្នាបង្កើតជាម្ហូបមួយចាននេះ។ ចាំទេ ពេលយើងឃ្លានសឹងដាច់ពោះពីលើកមុន? បើគ្មានសារធាតុទាំងនេះ អ្នកនឹងជួបប្រទះអារម្មណ៍ស្រេកឃ្លានមិនខុសពីមុនហ្នឹងទេ។ អញ្ចឹងគួរអរគុណទៅ ដែលយើងមានឱកាសញ៉ាំម្ហូបនេះ!

មានស្មារតីជាមួយមិត្តភក្តិ៖ ពេលដែលយើងនិយាយលេងជាមួយមិត្តយើង ជាធម្មតា ចិត្តយើងតែងហោះអណ្តែតទៅតាមប្រធានបទដែលយើងកំពុងជជែកជាមិនខាន។

តែយើងអាចសាកហាត់ផ្គួបដង្ហើមយើងជាមួយការជជែកលេងជាមួយមិត្តភក្តិ។ កុំភ្លេចញញឹមថ្នមៗផង។ ចាំបានទេថា ពេលដែលយើងឯកា ឥតមានមិត្តនឹងគេ យើងមានអារម្មណ៍ដូចម្តេច? តើជីវិតយើងសប្បាយជាងមុនប៉ុណ្ណា តាំងពីយើងស្គាល់ម្នាក់នេះមក? អញ្ចឹងកុំភ្លេចអរគុណដល់គ្រប់រឿងដែលបានកើតឡើង ដែលបណ្តោយឲ្យយើងទាំងពីរបានជួបគ្នា ហើយនិយាយលេងជាមួយគ្នានៅពេលនេះ!

រូបភាពបានមកពី៖ pinimg

អ្នកក៏អាចហាត់ពង្រឹងស្មារតីជាមួយគ្រប់សកម្មភាពធម្មតាៗផ្សេងៗទៀតដូចជាពេលយើងលាងចាន ពេលយើងជិះម៉ូតូ ពេលនិយាយទូរស័ព្ទ ពេលជិះកង់ ពេលទាត់បាល់ គូររូប ពេលដុសចានបង្គន់ ធ្វើក្រចក ជាដើម។ ឲ្យតែយើងដាក់ស្មារតីលើសកម្មភាពនោះ ហើយដឹងពីដង្ហើមចេញនិងដង្ហើមចូលពេលដែលយើងធ្វើសកម្មភាពនោះ យើងអាចធ្វើវាដោយមានចិត្តស្ងប់ សន្តិភាព និងសេចក្តីសុខបានហើយ!

ទៅថ្ងៃមុខ យើងនឹងមានអត្ថបទបង្ហាញពីលំហាត់ជាច្រើនទៀត តែអ្នកក៏អាចសាកបង្កើតលំហាត់ដោយខ្លួនឯងក៏បានដែរ!

លំហាត់ទី ៤៖ តាំងសមាធិដើម្បីពង្រឹងស្មារតី

ដើម្បីពង្រឹងស្មារតីយើងក្នុងសកម្មភាពប្រចាំថ្ងៃបាន យើងក៏អាចយកពេលប៉ុន្មាននាទីដើម្បីតាំងសមាធិជារៀងរាល់ថ្ងៃផងដែរ។

ពេលដែលយើងតាំងសមាធិកាន់តែច្រើននោះ យើងនឹងមានស្មារតីរឹងមាំជាងមុនក្នុងកិច្ចការងារប្រចាំថ្ងៃ។ ដូចគ្នាផងដែរ ប្រសិនបើយើងហាត់ពង្រឹងស្មារតីក្នុងកិច្ចការងារប្រចាំថ្ងៃបានច្រើនកាលណា នោះពេលយើងតាំងសមាធិវាស្រួលកាលហ្នឹង។ ពីរផ្នែកនេះនឹងជួយបំប៉នគ្នាទៅវិញទៅមក ដូច្នេះបើអាចធ្វើទាំងពីរគឺកាន់តែល្អ!

ចាប់ផ្តើម ដោយអង្គុយចុះ។ អ្នកអាចអង្គុយច្រើនបែប៖

១. អង្គុយពែនភ្នែនធម្មតា នោះគឺដាក់ចុងជើងឆ្វេងនៅក្រោមភ្លៅស្តាំ និងចុងជើងស្តាំក្រោមភ្លៅឆ្វេង។

២. អង្គុយពែនភ្នែនពាក់កណ្តាល នោះគឺលើកចុងជើងម្ខាង ដាក់ពីលើភ្លៅជើងម្ខាងទៀត។ អង្គុយបែបនេះរាងឈឺ សំរាប់អ្នកមិនថ្នឹកពីដំបូង តែអាចជួយឲ្យយើងអង្គុយដោយមានលំនឹងបានយូរ!

៣. អង្គុយពែនភ្នែនពេញលេញ គឺចុងជើងទាំងពីរខាង ដាក់លើភ្លៅម្ខាងទៀត។ នេះពិបាកធ្វើជាងគេ តែវាអាចផ្តល់លំនឹងឲ្យយើងអាចអង្គុយសមាធិម្តងរាប់ម៉ោងដោយមិនឈឺចង្កេះបាន។

៤. អង្គុយបត់ជើង ដោយដាក់ចុងជើងទាំងគូ នៅខាងក្រោមគូទយើងវិញ។

៥. អង្គុយលើកៅអី ដោយដាក់បាទជើងទាំងពីរស្របគ្នាលើដី។

សំរាប់ប្រភេទទីមួយ ទីពីរ និងទីបី គួរអង្គុយលើកំរាលមួយ ហើយមានខ្នើយរាងខ្ពស់មួយដើម្បីដំកល់ឲ្យគូទ និងខ្លួនយើងខ្ពស់បន្តិច។ ធ្វើយ៉ាងណាឲ្យមានចំណុចបីដែលជាប់នឹងដី ដើម្បីជួយទ្រយើង៖ គឺជង្គង់យើងទាំងពីរ និងគូទយើង។

តែតាមពិតទៅ ប្រសិនបើគេអង្គុយតាំងសមាធិម្តងរាប់ម៉ោង ទើបគេត្រូវអង្គុយឲ្យមានលំនឹងដោយការពែនភ្នែន និងមានខ្នើយទ្រអីនោះ! យើងហាត់ដំបូង តាំងសមាធិតែប៉ុន្មាននាទីអញ្ចឹង មិនអីទេ មិនចាំបាច់មានក៏បានដែរ!

ពេលអង្គុយស្រួលបួលហើយ ព្យាយាមធ្វើយ៉ាងណាឲ្យក្បាលរបស់យើងនៅលើឆ្អឹងខ្នងរបស់យើង ហើយអោនក្បាលបន្តិច ឲ្យចង្ការយើងងាកចូលមកទ្រូងយើង។

បន្ទាប់មក ចាប់ផ្តើមញញឹមបន្តិចៗរហូតដល់យើងមានស្នាមញញឹមថ្នមៗមួយរីកលើមុខយើង។ ចាប់ផ្តើមតាំងស្មារតីលើដង្ហើមចេញចូលយើង (ដូចក្នុងលំហាត់ទីមួយហ្អ៎)!

ហើយចាប់ផ្តើមរាប់ដង្ហើមយើង

«ចេញ… ចូល… មួយ…» «ចេញ… ចូល… ពីរ…»

រហូតដល់ប៉ុន្មានស្រេចតែយើង!

ធ្វើអញ្ចឹងជារៀងរាល់ថ្ងៃ (ជាពិសេសពេលព្រឹក និងពេលយប់) ឲ្យបានម្តង ៣ ទៅ ១៥ នាទី។ កុំដាក់កំហិតឲ្យខ្លួនឯងអី ធ្វើតែ ៣ នាទីទៅបានហើយ ប្រសិនបើធ្វើទៅសប្បាយ មានក្តីសុខ ក៏អង្គុយតាំងសមាធិបន្តបន្តទៅ! បើអត់ទេ អាចឈប់បាន។

រូបភាពបានមកពី៖ គីណូយ៉ូស៊ូកេ តាកាយ៉ាស៊ូ (Kinoyosuke Takayasu)

ពាក្យផ្តែផ្តាំចុងក្រោយ៖

អត្ថបទនេះគឺត្រូវបានសរសេរឡើង តាមដែលការរៀនយល់របស់ស្មេរពីការបង្រៀនរបស់ ព្រះតេជគុណធីជញ៉ាត់ហាញ់ (Thich Nhat Hanh)។ ព្រះអង្គបានបង្រៀនទៀតថា ដើម្បីឲ្យយើងអាចចាកផុតពីទុក្ខបានគឺមានវត្ថុបី៖ សតិឬស្មារតី ការផ្ចង់អារម្មណ៍ និងប្រាជ្ញា (ការយល់ដឹងជាក់ច្បាស់ពីក្នុងចិត្តយើង)។

ក្នុងអត្ថបទដំបូងនេះ យើងបានចែករំលែកប្រាជ្ញាបន្តិចទាក់ទងនឹងប្រធានបទស្មារតីហើយៗ។ តែតាមពិតទៅ នៅមានប្រាជ្ញាជាច្រើនទៀតណាស់ដូចជាប្រាជ្ញាទាក់ទងនឹងបដិច្ចសមុប្បាទ (ការយល់ដឹងថាគ្មានរបស់អ្វីកើតមកតែខ្លួនឯងទេ ដែលរបស់គ្រប់យ៉ាងសុទ្ធតែមានទំនាក់ទំនងជាមួយរបស់ផ្សេងៗ) អជាតិ និងអមត (គ្មានអ្វីកើតឡើង គ្មានអ្វីស្លាប់ទៅវិញ) និង ប្រាជ្ញានៃអនិច្ចធម៌ (គឺរឿងគ្រប់យ៉ាងមិននៅទៀងទាត់នោះទេ)។ ចាំពេលយើងយល់ច្បាស់ពីគន្លឹះទាំងនេះ ចាំយើងចែករំលែកបន្តណា!

តែមិនបាច់ចាំយើងបង្រៀនក៏បានដែរ ឲ្យតែអ្នកឧស្សាហ៍រស់នៅដោយមានស្មារតីក្នុងខ្លួន ចិត្ត និងដង្ហើមនោះ ប្រាជ្ញាទាំងនេះនឹងបង្ហាញខ្លួនក្នុងការយល់ឃើញរបស់អ្នកជាមិនខាន។ នេះមិនមែនជាចំណេះដឹងវិទ្យាសាស្ត្រ ឬចំណេះដឹងដែលយើងសូត្រចាំដូចទស្សនៈវិទ្យានោះទេ ប្រាជ្ញាគឺជាការយល់ដឹង និងមេរៀនពីជីវិតដែលកើតឡើងដោយសារបទពិសោធន៍យើងផ្ទាល់!

បើសិនជាបានស្តាប់ពាក្យណែនាំរបស់បងៗ គ្រូៗដែលបានសិក្សានិងប្រតិបត្តិមុនយើងក៏ប្រពៃដែរ។ អ្នកអាចស្តាប់ធម៌ទេសនារបស់បងៗពី Plum Village ដែលជាមជ្ឈមណ្ឌលប្រតិបត្តិធម៌ដែលព្រះតេជគុណធីជញ៉ាត់ហាញ់ (Thich Nhat Hanh) បានបង្កើតឡើង តាមរយៈគណនីយូធូប និង ដោនឡូតជាកម្មវិធីទូរស័ព្ទក៏បាន!

ពេលដែលយើងមានស្មារតីខ្ពស់ យើងនឹងមានការផ្ចង់អារម្មណ៍ និងប្រាជ្ញាច្រើនជាងមុន។

ពេលដែលយើងមានប្រាជ្ញាច្រើនជាងមុន នោះយើងនឹងអាចមានស្មារតី និងការផ្ចង់អារម្មណ៍ខ្ពស់ជាងមុន។

ពេលដែលយើងមានការផ្ចង់អារម្មណ៍ខ្ពស់ នោះយើងនឹងមានស្មារតី និងប្រាជ្ញាច្រើនជាងមុនតាមហ្នឹងដែរ។

ជាមួយនឹងប្រាជ្ញា និងគន្លឹះបន្តិចបន្តួចដែលស្មេរបានចែករំលែកក្នុងអត្ថបទនេះ ខ្ញុំជឿជាក់ណាស់ថា យើងទាំងអស់អាចចាប់ផ្តើមប្រតិបត្តិ ហើយអាចរស់នៅដោយមានស្មារតីជាងមុនបាន!

រូបភាពពីដើមអត្ថបទបានមកពី៖ អេរីកា បេនតេស( Erika Bentes)

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

មតិយោបល់