• 2019-06-24 08:08:48
  • ការអប់រំ

៤​ចំណុច​សំខាន់ៗ​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​មុន​ពេល​ប្រលង​បាក់ឌុប

  • 2019-06-24 08:08:48
  • ចំនួនមតិ 2 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ថ្ងៃ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ កាន់​តែ​កៀក​ទៅ​ហើយ អ្នក​រៀន​ទាំង​ឡាយ ក៏​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​យ៉ាង​សស្រាក់​សស្រាំ ស្ទើរ​ភ្លេច​បាយ​ទឹក​ទៅ​ហើយ​។ ប្អូនៗ​ទាំងឡាយ បើ​ខំ​រៀន​យ៉ាង​នេះ ប្អូន​កុំ​ភ្លេច​ឧស្សាហ៍​ល្បង​សមត្ថភាព​ខ្លួនឯង​ផង ដើម្បី​ដឹង​ថា តើ​ខ្លួន​ពូកែ​ប៉ុណ្ណា​? Sabay តែង​ផ្ដល់​គំនិត​ល្អៗ​ដល់​យុវវ័យ​ជានិច្ច ហើយ​អត្ថបទ​មួយ​នេះ​នឹង​ផ្ដល់​យោបល់​ជូន​ប្អូនៗ​ដែល​ត្រៀម​ខ្លួន​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ ក៏​ដូច​ឆ្នាំ​បន្ត​បន្ទាប់​ថា តើ​សកម្មភាព​អ្វី​ខ្លះ​ដែល​ប្អូន​ត្រូវ​ប្រតិបត្តិ ដើម្បី​ឲ្យ​ការ​សិក្សា​របស់​ប្អូន​កាន់​តែ​មាន​ប្រសិទ្ធភាព​។

បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិកំពុងស្ដាប់ការណែនាំពីអនុរក្ស

១. រៀបចំ​ការ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់

បាន​ន័យ​ថា អ្នក​រៀន​ត្រូវ​មាន​កាលវិភាគ​រៀន​ផ្ទាល់​ខ្លួន ដូច​នៅ​សាលា​ដែរ ដើម្បី​កំណត់​ខ្លួន​ឯង​ឲ្យ​រៀន​ទៀង​ទាត់​។ ជា​មួយ​គ្នា​នេះ អ្នក​រៀន​ត្រូវ​រៀបចំ​កន្លែង​រៀន​សូត្រ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ មិន​អួអាប់​នាំ​ឲ្យ​ធុញ​។ ក្រៅ​ពី​រៀន​នៅ​សាលា និង​រៀន​ដោយ​ខ្លួន​ឯង អ្នក​រៀន​គួរ​បង្កើត​ក្រុម​រៀន ដើម្បី​ពិភាក្សា​គ្នា​ពី​មេរៀន ឬ​លំហាត់​លំបាកៗ ហើយ​វា​ក៏​ជា​ឱកាស​បញ្ចេញ​សមត្ថភាព​ខ្លួនឯង​ផង​ដែរ​។

២. ហូប​ចុក​អាហារ​ដែល​ជួយ​ដល់​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់ និង​ទៀងទាត់

កុំ​អាល័យ​តែ​រៀន​ភ្លេច​ហូប ដល់​យូរៗ​ទៅ​ទម្លាប់​ទៅ​ជា​លែង​សូវ​ឃ្លាន ឬ​ហូប​បាន​តិច​ទៅៗ​។ ថែ​រក្សា​សុខភាព​ឲ្យ​បាន មាំមួន​ល្អ ការ​គិត និង​ការ​ចងចាំ​ក៏​រហ័សរហួន​ល្អ​។ កុំ​ចូល​ចិត្ត​ញ៉ាំ​ចំណី​ដែល​គ្មាន​សារធាតុ​ចិញ្ចឹម ឬ​ហៅ​ថា Junk food ច្រើន​ពេក វា​នាំ​ឲ្យ​អ្នក​លែង​សូវ​ឃ្លាន អាហារ​សុខភាព​មាន​បាយ បន្លែ ផ្លែ​ឈើ ត្រី​សាច់​។

៣. ហាត់​ប្រាណ​ពីរ​-​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ជួយ​បង្កើន​ការ​ចង​ចាំ និង​ការ​គិត​ពិចារណា

តាម​គេហទំព័រ​សាលា​វេជ្ជសាស្ត្រ នៃ​សកលវិទ្យាល័យ​ហាវ៉ដ បង្ហាញ​ថា ក្នុង​មួយ​សប្ដាហ៍ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន ២ ដង ម្ដង​កន្លះ​ម៉ោង​យ៉ាង​ហោច ដើម្បី​ជួយ​ឲ្យ​ខួរ​ក្បាល​មាន​ការ​ចងចាំ​ល្អ និង​គិត​បាន​រហ័សរហួន​។ ម្យ៉ាង​ទៀត​ការ​ហាត់​ប្រាណ​ជា​ប្រចាំ ធ្វើ​ឲ្យ​អ្នក​រៀន​មិន​សូវ​ធុញទ្រាន់ និង​ស្ត្រេស​ខ្លាំង ដែល​រំខាន​ដល់​ការ​សិក្សា​។

៤. ដេក​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​ឥរិយាបថ​ល្អ ចៀស​វាង​មាន​អាការៈ​ឈឺ​ចុកចាប់​ពេល​ក្រោក​ឡើង

អ្នក​រៀន​គួរ​ដេក​ឲ្យ​លក់​បាន ៨ ម៉ោង​យ៉ាង​តិច ទើប​ក្រោក​ឡើង​ដោយ​មិន​មាន​អាការៈ​ងងុយ​។ កុំ​ព្យាយាម​មើល​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ពេល​ចូល​ដេក ព្រោះ​ពន្លឺ​ចេញ​ពី Screen ធ្វើ​ឲ្យ​ភ្នែក​អ្នក​រឹង ហាក់​ដូចជា​មិន​ងងុយ​សោះ​។ លើស​ពី​នេះ​គួរ​ទុក​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​កុំ​បើក​អ៊ីនធឺណិត​។ នេះ​បើ​តាម​គេហទំព័រ​នៃ​សកលវិទ្យាល័យ​ស៊ីដនី​។ ម្យ៉ាង​ទៀត​ការ​គេង​ដោយ​ឥរិយាបថ​ត្រឹមត្រូវ ដូច​ជា​មិន​កើយ​ខ្នើយ​ខ្ពស់ ឬ​ទាប​ពេក ដេក​ត្រង់​ខ្លួន មិន​មាន​កល់​អ្វី​នោះ វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី