• 2019-06-28 04:08:00
  • សុខភាព

ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន

  • 2019-06-28 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​នៅ​ម្ដុំ​នោះ​សុទ្ធ​តែ​ស្គាល់​ថា ហឹប​ទាំង​នេះ​ គឺ​ដាក់​តាំង​លក់​ស្រោម​អនាម័យ។ ចំណែក​ពាក្យ​"អា​ធម្មតា" ដែល​បុរស​អ្នក​លក់​ទាំង​នោះ​តែង​ស្រែក​សួរ​អ្នក​មក​ទិញ​ សំដៅ​ទៅ​លើ​ ស្រោម​អនាម័យ​ធម្ម​តា​ មាន​ដូច​ជា​ Number1 ឬ​ Ok​ ប៉ុន្តែ​ "អា​គ្រើម" គឺ​សំដៅ​ទៅ​លើ​ស្រោម​អនាម័យ​ ដែល​មាន​ចំណុច​គ្រើមៗ​ នៅ​ស្បែក​ខាង​ក្រៅ​នៃ​ស្រោម​នោះ។ ប៉ុន្តែ​ស្រោម​ប្រភេទ​នេះ​ ត្រូវ​បាន​មន្ត្រី​ធ្វើ​ការ​ផ្នែក​សុខភាព​​បន្ត​ពូជ​ព្រមាន​ដល់​អ្នក​ប្រើ​ប្រាស់​ប្រយ័ត្ន​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ។

សូមចុចអាន៖  ​​អ្នក​ឧកញ៉ា​ គិត​ ម៉េង ត្រៀម​សម្ពោធ​​វិទ្យុ​ចុងឆ្នាំនេះ

Feature-618x328-condom

រូបតំណាង (រូបថត៖ បរទេស)

 

គ្រូ​បណ្ដុះ​បណ្ដាល​របស់​អង្គការ​រ៉ាក់​ លោក​ ម៉ៅ​ វណ្ណៈ​ និយាយ​ថា​ សិក្ខាកាម​ដែល​ធ្លាប់​បាន​រៀន​ជាមួយ​លោក​ក្នុង​សិក្ខា​សាលា​នា​ពេល​កន្លង​មក​ ធ្លាប់​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​គ្រើម​នេះ​ដែរ។ លោក​ថា​ តាម​រយៈ​ការ​ពិសោធន៍​ចំពោះ​ស្រោម​ប្រភេទ​នេះ​ បង្ហាញ​ថា​ វាមាន​ផល​ប៉ះពាល់​ច្រើន​ណាស់។ 

លោក​ថា៖ “ពេល​រួមភេទ​​ វា​កកិត​យូរ​ៗ​ទៅ​ ធ្វើ​ឲ្យ​​សឹក​កោសិកា​របស់​ស្ត្រី​ជា​ដៃ​គូ។ ដល់​ពេល​ប៉ះ​កកិត​ខ្លាំង​ទៅ​ ធ្វើ​ឲ្យ​គាត់​ងាយ​កើត​ជំងឺ​ផ្សេង​ៗ។ ថ្មី​ត្បិត​វា​ស្វិត​ មិន​បែក​ តែ​​ចំណុច​គ្រើម​អាច​បណ្ដាល​ឲ្យ​ជ្រាប​បាន​ ដូច្នេះ​ងាយ​ណាស់​ក្នុង​ការ​ឆ្លង​ជំងឺ​ស្វាយ​ អេដស៍​ និង​ថ្លើម​ប្រភេទ ​B។ ខ្ញុំ​ឲ្យ​យោបល់​ថា​ មិន​គួរ​ប្រើ​ជា​ដាច់​ខាត”។ 

លោក​បន្ថែម​ថា​ មូល​ហេតុ ​នៃ​ការ​បង្កើត​ស្រោម​ប្រភេទ​គ្រើម​នេះ​ គឺ​ដើម្បី​ភ្ញោច​អារម្មណ៍​នារី​ជា​ដៃ​គូ​ឲ្យ​ពុះ​កញ្ជ្រោល​ពេល​រួម​ភេទ​ ប៉ុន្តែ​ សម្រាប់​គុណ​សម្បត្តិ​អ្វី​ផ្សេង​ លោក​ថា​ លោក​មើល​មិន​ឃើញ​ទេ។ 

បើ​គេ​ក្រឡេក​ទៅ​មើល​ស្រោម​អនាម័យ​ដែល​ដាក់​លក់​នៅ​តាម​ផ្លូវ​ក្បែរ​ផ្សារ​អូរ​ឫស្សី​ គឺ​មាន​ស្រោម​ច្រើន​ប្រភេទ​ណាស់។ ក្នុង​នោះ​ក៏​មាន​ស្រោម​គ្រើម​ ដែល​ខ្លះ​មាន​យីហោ​ត្រឹម​ត្រូវ​ និង​ ខ្លះ​ទៀត​រក​យីហោ​ពុំ​ឃើញ​ឡើយ​ ក្រៅ​ពី​អក្សរ​​អង់គ្លេសតូចៗ។ 

អ្នក​លក់​ស្រោម​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា​ លោក​មាន​ម៉ូយ​របស់​លោក​យក​មក​បោះ​ដុំ​ឲ្យ​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ ម៉ូយ​នោះ​ទិញ​មក​ពី​ណា​ទេ។ លោក​ថា​ ស្រោម​គ្រើម​នេះ​លក់​ដាច់​ជាង​ស្រោម​ធម្មតា។ បើ​អ្នក​ធ្លាប់​មក​ជាវ​ស្រោម​នៅ​ទី​នេះ​ លោក​ថា​ គេ​នឹង​ស្គាល់​ភ្លាម​ដោយ​គ្រាន់​តែ​និយាយ​ថា​ "អា​ធម្មតា ឬ​អា​គ្រើម"។ លោក​ថា ក្នុង​ស្រោម​ធម្មតា​មួយ​ប្រអប់​ ដែល​មាន​បី​កញ្ចប់​ តម្លៃ​មួយ​ពាន់​រៀល​ ចំណែក​ស្រោម​គ្រើម​ដែល​មាន​បី​កញ្ចប់​ដែរ​ ថ្លៃ​រហូត​ដល់​ទៅ​៤​ពាន់​រៀល​ឯណោះ។ 

លោក​ ណាង​ អាយុ​៣០​ឆ្នាំ​ថ្លែង​ថា​ ខ្លួន​តែង​ទិញ​ស្រោម​គ្រើម​នេះ​មួយ​កញ្ចប់​ និង​ ស្រោម​ធម្មតា​មួយ​កញ្ចប់​ មិន​មែន​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី​ទេ​ តែ​នៅ​តាម​ទំនប់​ទួល​គោក​ មុន​នឹង​ខ្លួន​ទៅ​រក​សេវា​ផ្លូវ​ភេទ។ 

លោក​ថា៖ “ដំបូង​ធ្លាប់​ប្រើ​តែ​ស្រោម​ធម្ម​តា​ ដល់​ពេល​ឮ​ថា​មាន​អា​គ្រើម​អីចឹង​ ដូច​ជា​មាន​អារម្មណ៍​រំភើប​ចង់​ទិញ​ដែរ។ ប៉ុន្តែ​មុន​នឹង​ទិញ​ ខ្ញុំ​បាន​មើល​អក្សរ​សរសេរ​នៅ​លើ​ប្រអប់​ទៅ​ឃើញ​ថា​ មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ដោយ​អឺរ៉ុប​ និង​ជប៉ុន​ ដូច្នេះ​ខ្ញុំ​ក៏​ទិញ​តែ​ម្ដង​ទៅ។ ពេល​ប្រើ​ ខ្ញុំ​ដូច​ជា​មិន​បារម្ភ​ខ្លាច​ឆ្លង​អ្វី​ទេ"។ 

លោក​ លីម​ ហួពៅ​ ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Full Well Trading (Cambodia) Ltd. ​ដែល​នាំ​យក​ស្រោម​អនាម័យ​​អូកាម៉ូតុ​ចូល​មក​ស្រុក​ខ្មែរ​ ថ្លែង​ថា​ ស្រោម​អនាម័យ​អូកាម៉ូតុ​របស់​លោក​ក៏​មាន​ប្រភេទ​គ្រើម​​នេះ​ដែរ​ និង​​លក់​ដាច់​គួរ​សម​ បើ​ប្រៀប​ធៀប​នឹង​ស្រោម​ប្រភេទ​ដទៃ។ ប៉ុន្តែ​លោក​បដិសេធ​ថា​ ស្រោម​គ្រើម​អាច​ប្រឈម​នឹង​ការ​ឆ្លង។ 

លោក​ថា៖ "មុន​នឹង​ចេញ​មក​ គេ​បាន​ធ្វើ​តេស្ត​ជាមួយ​ខ្យល់​ផង​ ទឹក​ផង​ និង​ប្រព័ន្ធ​អេឡិចត្រូនិក​ផង។ ពេល​គេ​ចេញ​មក​ឲ្យ​យើង​ប្រើ​មួយ​ៗ​ សុទ្ធ​តែ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ពី​សុវត្ថិភាព​ត្រឹម​ត្រូវ​ណាស់"។ 

លោក​បន្ថែម​ថា​ ស្រោម​របស់​លោក​សុទ្ធ​ទេ​មាន​យីហោ​អូកាម៉ូតុ​ត្រឹម​ត្រូវ​ ដូច្នេះ ​លោក​ថា​ ស្រោម​ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នោះ​ អាច​នឹង​ស្រោម​ប្រភេទ​ផ្សេង​ ជាពិសេស​ស្រោម​ដែល​គ្មាន​យីហោ​ច្បាស់​លាស់៕  

អត្ថបទ៖ មាស រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី