• 2019-07-02 23:00:00
  • សុខភាព

អនាគត​ទៅ​យុវវ័យ​នឹង​មាន​បញ្ហា​ព្រោះ Contact lenses ទេ?

  • 2019-07-02 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​របាំង​ភ្នែក​ផ្លាស្ទីក Contact lenses​ សម្រាប់​ប្ដូរ​ពណ៌​ភ្នែក​ រឺ​ ធ្វើ​អោយ​មើល​ឃើញ​ប្រស្រី​ភ្នែក​រីក​ធំ​ស្អាត​ដូច​កូន​ក្រមុំ​ជ័រ​ គឺ​ជា​ ការ​និយម​ចូលចិត្ត ​ដែល​ហូរ​ចូល​មក​ក្នុង​ចំណោម​យុវវ័យ​ខ្មែរ​តាម​រយៈ​ភាពយន្ត​កូរ៉េ។

សូមចុចអាន៖ គេ​ថា​ស្រីៗ​សក់​ក្រហម​អត់​ល្អ?

 Contact Lensse

រូបតំណាង (រូបថត៖ បរទេស)

“ពី​ដំបូង​យើង​ឆ្ងល់​ថា​ម៉េច​ពួក​គេ​ភ្នែក​តូច ​តែ​មាន​ប្រស្រី​ភ្នែក​រីក​ធំ​ក្រឡក​ៗ​តាម​ពិត​ក្រោយ​មក​ទើប​ដឹង​ថា​ ពួកគេ​ប្រើ​ Contact lenses សោះ។ ខ្ញុំ​​ទិញ​​ប្រើ​វា​តាំង​ពី​ឆ្នាំ ២០០៩ ពួកម៉ាក​ទិញ មក​ប្រើ ពណ៌​ត្នោត​ខ្ចី​ធ្វើ​អោយ​ភ្នែក​យើង​មើល​ទៅ​ស្រឹម​ស្អាត! គេ​បង្រៀន​អោយ​ប្រើ​ម្ដងម្កាល​ពេល​មាន​កម្មវិធី​អីមួយ ឃើញ​ថា ​ស្អាត​មែន បន្ទាប់​មក​ក៏​រក​លុយ​ទិញ​ខ្លួន​ឯង​មក​ពាក់​ទៅ!”។

នេះ​ជា​ការ​លើកឡើង​របស់​និស្សិត​ពិន សុកញ្ញា ​សិក្សា​ឆ្នាំទី ២ ​នៅ​សាកល​វិទ្យាល័យ​មេគង្គ។ នៅ​ពេល​សួរ​ពី​ផល​ប៉ះពាល់​របស់​វា​ចំពោះ​សុខភាព​ភ្នែក​នាង​បាន​និយាយ​វិញ​ភ្លាម​ថា វា​មិន​ប៉ះពាល់​អ្វី​ទាំង​អស់។ 

ខ្ញុំ​សួរ​អ្នក​លក់​ហើយ គឺ​វា​អត់​អី​ទេ ប្រើ​ទៅ​វា​អត់​ឃើញ​មាន​អី​មែន មុន​ដំបូង​រាង​ស្កៀប​ៗ​តែ​ប្រើ​បាន​បី​បួន​ថ្ងៃ​លែង​អី​ហើយ​ធម្មតា​វិញ។​សំខាន់​យើង​ត្រូវ​ចេះ​សំអាត​វា​មុន​ពេល​ដក់​ចេញ​ពី​ភ្នែក​មក​ទុក​ ហើយ​ព្រឹក​ឡើង​មុន​ពេល​លើក​យក​មក​ពាក់​ត្រូវ​លាង​វា​ម្ដង​ទៀត វា​មាន​ទឹក​ថ្នាំ​របស់​វា​សម្រាប់​ត្រាំ​ទុក​និង ​លាង! ខ្ញុំ​គិត​ថា​ យុវវ័យ​ភាគច្រើន​និយម​ប្រើ​វា​ព្រោះ​មាន​ពណ៌​ច្រើន​អោយ​រើស​ដូច​ជា ប្រផេះ ខ្មៅ​ត្នោត បៃតង ខៀវ ​តាម​តែ​គេ​ចង់​លេង​ស្ទិល។ ប្រុស​ក៏​គេ​និយម​ស្រី​ក៏​គេ​និយម​ គឺ​ទាំងពីរ​ភេទ”។ 

ប៉ុន្តែ​វេជ្ជបណ្ឌិត​ជំនាញ​ភ្នែក​ចក្ខុ សាស្ត្រ​បាន​បញ្ចេញ​ការ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​នេះ។ លោកស្រី គន្ធា អមរា វេជ្ជបណ្ឌិត​ប្រចាំ​ការ​នៅ​ហាង​លក់​វ៉ែនតា​យីហោ​តាំង​លឹម គង់ ដែល​មាន​ដាក់​លក់​នូវ ឧបករណ៍​ជំនួយ​ភ្នែក​គ្រប់​ប្រភេទ​បាន​លើក​ឡើង​យុវវ័យ​បាន​ជ្រើសរើស​ការ​ប្រើប្រាស់ ​Lenses​ ទំាំង​មិន​បាន​ទទួល​ព័ត៌មាន​ត្រឹមត្រូវ​សោះ ពី​ផល​ប៉ះពាល់​របស់​វា។ 

"Lensesមាន​ច្រើន​ប្រភេទ​ណាស់​វា​មាន​ដូច​ជា​ប្រភេទ semi-soft, soft, និង ​ប្រភេទ hard។ មាន​ខ្លះ​សម្រាប់​ភ្នែក​ងងឹត​ឆ្ងាយ (មីញ៉ូប) និង​ខ្លះ​សម្រាប់​គ្រាន់​តែ​ប្ដូរ​ពណ៌​ភ្នែក​អោយ​ស្អាត។

សូមចុចអាន៖ វ័យ​ក្មេង​សោះ​ !​​​ រៀន​អនុបណ្ឌិត​​នៅ​ជប៉ុន ​ប្រាប់​​គន្លឹះ​ទទួល​បាន​​អាហារូបករណ៍​​​​​​

 Contact lenses​

រូបតំណាង (រូបថត៖ បរទេស)

ចំណែក​គុណភាព​នៃ​ផលិតផល​ក៏​ខុសគ្នា​ទៀត មាន​ខ្លះ​មាន​តម្លៃ​ថោក​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង តែ​របស់​ដែល​មាន​គុណភាព​លក់​ក្នុង​ហាង​ធំ​ៗ​មាន​យីហោ​ត្រឹមត្រូវ​គឺ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក។ សូម្បី​តែ​ទឹក​ថ្នាំ​សម្រាប់​ត្រាំ​ក៏​ដូចគ្នា។ អញ្ចឹង​យុវវ័យ ខ្លះ​គាត់​អត់ សូវ​មាន លុយ​គាត់ បាន​ទិញ​របស់​ថោក​នៅ​កន្លែង​ផ្សេងៗ​ដែល​គ្មាន​អ្នក​ឯកទេស​ណែនាំ​ថា​គួរ​ប្រើ​បាន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ​គួរ​សំអាត​ដូច​ម្ដេច​រក្សា​ក្នុង​សីតុណ្ហភាព​ដូចម្ដេច​ហាម​ប្រើ​ពេលណា​ខ្លះ​សញ្ញាសំគាល់​ដែល​បង្ហាញ​ថា​Lensesបាន​ខូច​ហើយ​ហាម​លែង​អោយ​ប្រើ? សំខាន់​មួយ​ទៀត​គឺ​ស្រុក​យើង​ជា​ស្រុក​ហុយ​ដី​ច្រើន ការ​ប្រើ​Lenses​មិនមែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​លើកលែង​តែ​មាន​ករណី​ចាំបាច់​ប៉ុណ្ណោះ"។ 

លោក​ស្រី​បញ្ជាក់​បន្ថែម​ថា ​មានLenses ខ្លះ​យើង​អាច​ប្រើ​បាន​ដល់​ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ តែ​ខ្លះ​ទៀត ត្រូវ​ប្រើ​តិច​ម៉ោង​ជាង នេះ​ដោយសារ​គុណភាព​និង​លក្ខណៈ​សម្បត្តិ របស់​វា។ ចំណុច​ដែល​អ្នកស្រី​សង្កត់ធ្ងន់ គឺ​​មាន​យុវវ័យ​ក្រីក្រ​ជាច្រើន​បាន​ទិញ​Lensesមក​ចែក​គ្នា​ប្រើ​ជា​ហេតុ​ធ្វើ​អោយ​ជំងឺ​ភ្នែក​អាច​ចម្លង​គ្នា​បាន​ដោយ​ងាយ​។ 

តម្លៃ Contact Lenses នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចាប់ពី​២ដុល្លារ​អាមេរិក​រហូត​ដល់​៦០ដុល្លារ​ក្នុង​មួយ​គូរ។  

ចុះ​ប្រិយ​មិត្ត​មាន​យោបល់​ដូចម្ដេច​ដែរ​ជុំវិញ​បញ្ហា​នេះ?

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម