- 2019-07-03 07:37:38
- ព័ត៌មាន
យុវជនកម្ពុជាវ័យក្មេងទីមួយ ឈ្នះពានរង្វាន់កិត្តិយសពីចក្រភពអង់គ្លេសប្រចាំឆ្នាំ ២០១៩
- 2019-07-03 07:37:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនកម្ពុជាវ័យក្មេងទីមួយ ឈ្នះពានរង្វាន់កិត្តិយសពីចក្រភពអង់គ្លេសប្រចាំឆ្នាំ ២០១៩
ចន្លោះមិនឃើញ
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ លោក លឿម សាលីន ដែលជាយុវជនមានវ័យ ២៥ឆ្នាំ និងជាប្រធានគម្រោងអប់រំ និងសហគមន៍នៃសមាគម មនុស្ស និងក្ដីសង្ឃឹម ខេត្តសៀមរាប ត្រូវបានប្រកាស ជាអ្នកឈ្នះពានរង្វាន់កិត្ដិយស Roll of Honour 2019 ពីអង្គការ The Diana Award នៃប្រទេសអង់គ្លេស សម្រាប់ ការងារជួយសង្គមរបស់គាត់ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការងារអប់រំក្មេងៗក្រីក្រកម្ពុជាក្នុងសហគមន៍ប្រកបដោយគុណភាព ។
ពានរង្វាន់កិត្ដិយស The Diana Award Roll of Honour គឺជាពានរង្វាន់ដែលបានបង្កើតឡើងដើម្បីរំឭកនូវការ ចងចាំសកម្មភាពសប្បុរសធម៌ របស់ម្ចាស់ក្សត្រីដាយាណានៃប្រទេសវ៉ែល ។ វាគឺជាពានរង្វាន់ដ៏ល្បីល្បាញបំផុត មួយដែលមនុស្សវ័យក្មេង ដែលមានអាយុពី ៩-២៥ឆ្នាំ អាចទទួលបានសម្រាប់សកម្មភាពជួយសង្គម ឬការងារ មនុស្សធម៌របស់ពួកគេ។
លោកលឿម សាលីន គឺជាសមាជិកស្ថាបនិកម្នាក់នៃសមាគម មនុស្ស និងក្ដីសង្ឃឹម ។ លោកបានធ្វើការស្ម័គ្រចិត្ត នៅសមាគម មនុស្ស និងក្ដីសង្ឃឹម អស់រយៈពេលពីរឆ្នាំ មុននឹងទទួលបានប្រាក់ខែបន្ដិចបន្ដួច។ ការលះបង់ និងការចូលរួមជួយសង្គមរបស់គាត់ តាំងពីការចាប់បង្កើតសមាគមមនុស្ស និងក្ដីសង្ឃឹមនៅឆ្នាំ ២០១១មក ពិតជាគួរឲ្យកោតស្ងប់ស្ងែង និងបំផុសគំនិតសម្រាប់អ្នកដែលបានកើតនៅក្នុងគ្រួសារក្រីក្រ។ អស់រយៈពេលប្រាំបីឆ្នាំ លោកសាលីន បានកសាងស្នាដៃ និងសមិទ្ធផលយ៉ាងច្រើន ក្នុងការអភិវឌ្ឍសហគមន៍ របស់គាត់តាមរយៈការផ្ដល់នូវក្មេងៗក្រីក្រជាង៥០០នាក់នូវការអប់រំប្រកបដោយគុណភាព។
លោក សាលីន បានកើតនៅក្នុងគ្រួសារក្រីក្រមួយ នៅខេត្តពោធិ៍សាត់ ភាគខាងលិច នៃប្រទេសកម្ពុជា។ ថ្វីបើគ្រួសារគាត់មានជីវភាពខ្សត់ខ្សោយ ប៉ុន្ដែឪពុកម្ដាយរបស់គាត់បានចុះឈ្មោះគាត់ឲ្យចូលរៀន ពេលគាត់ មាន អាយុប្រាំមួយឆ្នាំ។ ដោយសារតែកាលណោះគាត់ត្រូវបានគ្រូវាយដោយរំពាត់ និងដាក់ទណ្ឌកម្មធ្ងន់ៗ បាន ធ្វើឱ្យគាត់តាំងចិត្តថាគាត់នឹងខំរៀនដើម្បីក្លាយជាគ្រូបង្រៀននៅពេលគាត់ធំឡើង ហើយគាត់នឹងយកចិត្តទុក ដាក់ដល់សិស្សរបស់គាត់ប្រកបដោយការអត់ធ្មត់និងការគោរព។
ពេលគាត់មានអាយុប្រាំបីឆ្នាំ គាត់បានផ្លាស់ប្ដូរមករស់នៅខេត្តសៀមរាប ហើយការសិក្សារបស់គាត់ តែងទទួល បានចំណាត់ថ្នាក់ល្អជាងគេ ដោយសារគាត់ចង់បានសម្ភារសិក្សាដែលជារង្វាន់លើកទឹកចិត្ត ដូច្នេះគាត់មិន ចាំបាច់ចំណាយប្រាក់ច្រើនទិញទេ ដែលអាចជួយកាត់បន្ថយបន្ទុកចំណាយនៅក្នុងគ្រួសារ ។
ការប្តេជ្ញាចិត្តនេះ បានធ្វើឱ្យលោកបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០១៤ ដែលមានសិស្សតែ ២៧,៥% នៃសិស្សទូទាំងប្រទេសប៉ុណ្ណោះ ដែលបានជាប់ការប្រឡង ។ បន្ទាប់មកលោកបានចាប់ផ្តើមសិក្សា នៅសាកលវិទ្យាល័យ ដោយទទួលបានអាហារូបករណ៍ពីសមាគមមនុស្សនិងក្តីសង្ឃឹម ដោយជ្រើសរើសយក ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសផ្នែកបង្រៀន ហើយគាត់បានតស៊ូ និងខិតខំរៀន រហូតក្លាយជា និស្សិតឆ្នើមប្រចាំសាលាទៀតផង ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៨ ដូច្នេះ គាត់បានក្លាយជាគ្រូបង្រៀន និងជាអ្នកដឹកនាំគម្រោងអប់រំដ៏ល្អម្នាក់ដែលបានផ្ដល់នូវគុណភាពអប់រំដល់ក្មេងៗក្នុងសហគមន៍។