• 2019-07-18 23:00:00
  • ព័ត៌មាន

សួស្តីថ្ងៃថ្មី៖ ក្រោកឡើងឲ្យលឿន

  • 2019-07-18 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

បើរាប់ទៅ នាឡិការរោទិ៍ឡើងប្រាំ ប្រាំមួយដងហើយ អ្នកបើកភ្នែកទាំងមមី ងាកមើលទៅម៉ោង ៧ កន្លះបាត់! ចុំ! អត់មានពេលញ៉ាំបាយទេ (សម័យនេះហើយនៅមាននរណាញ៉ាំបាយព្រឹកទៀត?) រកតែពេលសិតសក់ ស្លៀកពាក់ចេញពីផ្ទះមិនចង់ទាន់ផង!

តែចាំអត់? ពេលដែលយើងនៅក្មេង ប៉ាម៉ាក់ជាអ្នកកំណត់ពេលវេលាឲ្យយើង អញ្ចឹងកាលនោះក្រោកឡើងលឿនៗបាន ញ៉ាំអីទាន់ ហើយទៅដល់សាលាមុនម៉ោង ៧ ទៀតផង! តែដល់ពេលយើងធំទៅ ចាប់ផ្តើមខ្ជិល ក្រោកយឺតទៅៗ អាងតែគ្រូ ឬថៅកែមិនថាឲ្យ អាងតែគេចូលធ្វើការម៉ោង ៧ ទៅយឺតតិចតួចមិនអីទេ។ តែមានដឹងច្បាស់អត់ថា ក្រោកលឿន និងយឺតមួយណាល្អជាង? បើគិតត្រួសៗ មានអារម្មណ៍ថាក្រោកលឿនល្អជាង ហើយតាមពិតសូម្បីគេស្រាវជ្រាវមកក៏ឃើញថាអញ្ចឹងដែរ!

នេះជាផលប្រយោជន៍ជាច្រើនដែលគេរកឃើញមកពីការក្រោកពីព្រលឹម៖

១. បានចំណាត់ថ្នាក់ល្អ

វាមិនដែល! គ្រាន់តែក្រោកពីព្រលឹម រៀនពូកែ? ស្តាប់ទៅដូចពាក្យដែលប៉ាម៉ាក់ធ្លាប់បោក តែតាមពិតមានគេស្រាវជ្រាវ ហើយរកឃើញថា រឿងពីរនេះពិតជាជាប់ទាក់ទងគ្នាមែន។ នៅឆ្នាំ ២០០៨ អ្នកវិទ្យាសាស្ត្រ ឌីកដុន និង ហូវែល (Digdon and Howell) បានធ្វើការពិសោធន៍ទៅលើនិស្សិតសកលវិទ្យាល័យចំនួន ៣០០ នាក់ គេបានរកឃើញថា ទោះពួកគេមានកម្រិតបញ្ញា និងប្រវត្តិស្រដៀងគ្នាៗមែន អ្នកដែលចូលដេកយឺត ភាគច្រើនមានចំណាត់ថ្នាក់ទាប មិនសូវចេះគ្រប់គ្រងខ្លួនឯង ហើយតែងធ្វើកិច្ចការសាលាយឺតយ៉ាវ បើប្រៀបធៀបនឹងមិត្តៗដែលក្រោកពីព្រលឹម។ តាមពិតទៅ មិនមែនថា ឲ្យតែយើងក្រោកលឿន ដឹងតែយើងរៀនពូកែ ចេះគ្រប់គ្រងអារម្មណ៍ និង ធ្វើការបានលឿននោះទេ តែពីរមុខហ្នឹងវាជាប់ទាក់ទងគ្នាយ៉ាងប្រាកដ។

ជាប់ទាក់ទងគ្នាយ៉ាងម៉េចទៅ? ប្រហែលជាការស្រាវជ្រាវមួយទៀតអាចបកស្រាយបាន… នៅឆ្នាំ ២០០២ អ្នកនាងហ្គ្រេ និងលោកវ៉ាតសិន (Gray & Watson) បានរកឃើញថា អ្នកដែលក្រោកពីព្រលឹម (មុនម៉ោង ៧) ភាគច្រើនជាមនុស្សដែលមានគោលដៅច្បាស់លាស់ ហើយមានវិន័យក្នុងខ្លួនខ្ពស់។ ប្រហែលជាយ៉ាងនេះហើយ បានជាពួកគេខំប្រឹងរៀន មិនពន្យារការងារ ហើយបញ្ចប់ការងារបានទាន់ពេលនោះ!

២. មានពេលញ៉ាំអាហារពេលព្រឹក

ស្អី? សម័យនេះហើយ មាននរណាមានពេលញ៉ាំបាយព្រឹកទៀត? មានទេតើ! ហើយអ្នកដែលញ៉ាំហ្នឹង ជាអ្នកដែលឆ្លាត ហើយមានសុខភាពល្អទៀតផង។ តាមពិត បាយព្រឹកសំខាន់មែនទែន សំខាន់ដល់ថ្នាក់យើងនឹងសរសេរអត្ថបទមួយបកស្រាយពីមូលហេតុ និងវិធីធ្វើអាហារពេលព្រឹកដែលមានសុខភាពល្អ នៅក្នុងក្រុមអត្ថបទចំណងជើងថា សួស្តីថ្ងៃថ្មី នេះឯង! តិចទៀតទើបអត្ថបទនេះចេញ អញ្ចឹងឥលូវគ្រាន់តែដឹងទៅថា បើតាមការស្រាវជ្រាវជាច្រើនគេបានរកឃើញថា ពេលយើងញ៉ាំអាហារពេលព្រឹកច្រើន ធ្វើឲ្យ យើងមិនងាយឈឺ មានការចងចាំល្អជាងមុន រវាសជាងមុន ហើយថែមទាំងពូកែផ្ចង់អារម្មណ៍ទៀតផង! ស្តាប់ទៅដូចអស្ចារ្យមែនទែន សុទ្ធតែចរឹកដែលខ្ញុំចង់បាន…

៣. អ្នកក្រោកព្រលឹមតែងមានឆន្ទៈមោះមុតជាងអ្នកក្រោកយឺត

ធ្លាប់មានការស្រាវជ្រាវមួយធ្វើឡើងដោយលោក គ្រីស្តូហ្វឺ រ៉េនដ្លឺ​ (Christopher Randler) នៅឆ្នាំ ២០០៩ បានរកឃើញថា អ្នកដែលក្រោកពីព្រលឹមតែងសកម្ម មានឆន្ទៈជាង អ្នកដែលក្រោកយឺត នេះបានន័យថាពួកគាត់ធ្វើនេះធ្វើនោះ ដើម្បីផ្លាស់ប្តូររឿងណាដែលគាត់មិនចូលចិត្ត ជាជាងនៅស្ងៀម មិនធ្វើអ្វីសោះ។

បើគិតទៅ ជីវិតយើងពោរពេញដោយរឿងថ្មីរហូត បើសិនយើងមិនសកម្ម បើសិនយើងមិនមានឆន្ទៈធ្វើការផ្លាស់ប្តូរនោះទេ នោះយើងមិនងាយអាចកាន់កាប់ខ្សែជីវិតខ្លួនឡើយបានឡើយ។ តាមពិតទៅ ទោះគេរកឃើញថាអ្នកក្រោកពីព្រលឹមសកម្មជាងអ្នកក្រោកយឺតក៏ពិតមែន តែមិនមែនមានន័យថា គ្រាន់តែក្រោកព្រលឹមភ្លាម យើងសកម្មភ្លាមនោះទេ។ តែបើតាមខ្ញុំគិត មូលហេតុដែលរឿងនេះវាពាក់ព័ន្ធគ្នាក៏ដោយសារ ពេលយើងក្រោកពីព្រលឹម យើងតែងមានពេលពិចារណា និង រៀបផែនការ​ ជាងពេលយើងក្រោកយឺត បើរកតែពេលពាក់ស្បែកជើងរត់ទៅក្រៅផ្ទះមិនចង់ទាន់ផងនោះ! ខ្ញុំជឿថា គ្រាន់តែយើងរៀបផែនការល្អ វានាំឲ្យយើងជោគជ័យបានពាក់កណ្តាលរួចទៅហើយ! ដូច្នេះ ពេលយើងរៀបផែនការប្រចាំថ្ងៃជារៀងរាល់ព្រឹក នោះយើងនឹងមានអារម្មណ៍ថាខ្លួនមានភាពជាម្ចាស់ការជាងមុន ហើយក៏នាំឲ្យយើងសកម្ម មានឆន្ទៈជាងមុនផងដែរ។

ឃើញទេ ពេលមួយម៉ោង ពីរម៉ោងទំនេរមុនចេញពីផ្ទះនេះមានសារៈសំខាន់ខ្លាំងណាស់!​ អញ្ចឹងហើយ នៅក្នុងបណ្តុំអត្ថបទ សួស្តីថ្ងៃថ្មីនេះ យើងនឹងមានអត្ថបទមួយទៀត បកស្រាយពីសកម្មភាពខ្លះៗដែលអ្នកអាចធ្វើបានក្រោយពេលក្រោកពីដេក ដើម្បីឲ្យអ្នកមានអារម្មណ៍ល្អ និងទទួលបានជោគជ័យ រួមមានការតាំងសមាធិ ការរៀបផែនការរបៀប 3-A ជាដើម!

៤. ក្រោកលឿន កាត់ស្ត្រេស

ធ្លាប់មានថ្ងៃណាដែលអ្នកក្រោកមុននាឡិការោទិ៍ ហើយមានពេលគ្រប់គ្រាន់អាចញ៉ាំបាយ ងូតទឹក ហាត់ប្រាណ ហើយជិះម៉ូតឡានតាមសម្រួល ខណៈពេលដែលអ្នកដទៃកំពុងដេក ហើយផ្លូវអត់ស្ទះអត់ប្រៀបធៀបនឹងជីវិតយើងរាល់ថ្ងៃ ក្រោកយឺត អត់បានញ៉ាំបាយ គ្មានពេលហាត់ប្រាណ មុខស្លេកស្លាំង ជិះចេញទៅជាប់ស្ទះគេបិទផ្លូវទៀត… ឃើញហើយថា បើក្រោកលឿន មានពេលរៀបចំខ្លួន អញ្ចឹងមិនសូវស្លន់។ ដោយសារតែចិត្តយើងវាជោរ (confirmation bias) បើយើងមួម៉ៅពេលព្រឹក នោះយើងងាយនឹងបន្តក្តៅក្រហាយដល់ពេលថ្ងៃ ពេលល្ងាច ហើយសឹងតែដេកយប់ទាំងក្តៅក្រហាយទៀត។ នេះបានន័យថា បើយើងមានពេលធ្វើអ្វីតាមសម្រួល មិនសូវស្ត្រេសតាំងពីព្រហាម នោះយើងនឹងបន្តតាំងចិត្តស្ងប់បានពេញមួយថ្ងៃផងដែរ!

៥. ដេកបានស្រួលខ្លួនជាងមុន

នៅប៉ុន្មានឆ្នាំមុននេះ មានក្រុមហ៊ុនសិក្សាពីហ្ស៊ែនមួយ បានស្រង់មតិមនុស្សចំនួន ៩០ ០០០ នាក់ ហើយបានបែងចែកពួកគាត់ជាពីរក្រុម ក្រុមទីមួយគឺអ្នកក្រោកលឿន (មុនម៉ោង ៧) និង អ្នកក្រោកយឺត (ក្រោយម៉ោង ៧)។ គេបានរកឃើញថា អ្នកដែលក្រោកលឿន មានតែ ២០ ភាគរយប៉ុណ្ណោះដែលរមែងដេកមិនលក់ពេលយប់ បើប្រៀបធៀបនឹងមនុស្សដល់ទៅ ៤០ ភាគរយនៃក្រុមក្រោកយឺត។

តែនេះបានន័យថា យើងក្រោកលឿនទើបយើងដេកលក់ស្រួល ឬយើងដេកលក់ស្រួលទើបយើងក្រោកលឿន? នៅមិនទាន់មាននរណាអាចឆ្លើយសំណួរនេះបាននៅឡើយទេ! តែខ្ញុំគិតថា ពេលយើងមានទម្លាប់ក្រោកលឿន នោះយើងត្រូវ (បង្ខំខ្លួនឲ្យ) ចូលដេកលឿនផងដែរ។ យូរទៅវាទៅជាទម្លាប់ មានម៉ោងដេក និងភ្ញាក់ទៀងទាត់ ដែលជាហេតុនាំឲ្យយើងងាយដេកលក់ស្រួល ដោយសារខ្លួនប្រាណយើងចូលចិត្តបំផុតទម្លាប់ហ្នឹងឯង!

ចុះឥលូវ អ្នកសម្រេចចិត្តរួចហើយថា ខ្លួនចង់ភ្ញាក់លឿន ដើម្បីទទួលបានផលប្រយោជន៍ដែលបានរ៉ាយរ៉ាប់នៅខាងលើ (ទោះអ្នកមិនទាន់សម្រេចចិត្តក៏ដោយ សាកភ្ញាក់ពីព្រលឹមមួយខែ ហើយសង្កេតខ្លួនឯងទៅថាមានប្រយោជន៍មែនឬអត់!) នេះមានវិធីខ្លះដែលបានជួយឲ្យខ្ញុំភ្ញាក់ម៉ោង ៥៖៣០ ឬ ៦ រាល់ព្រឹកប៉ុន្មានខែមកហើយ!

ជំហានទី ១៖ កុំបន្តដេកឲ្យសោះ!

ពេលនាឡិការោទិ៍ ដល់ពេលយើងត្រូវភ្ញាក់ម្តងៗ នរណាក៏ដូចនរណាដែរ តែងចង់ចុចឲ្យវាឈប់ ហើយសឹមដាស់យើង ១៥ នាទីក្រោយ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

មតិយោបល់
អត្ថបទពេញនិយម