• 2019-07-30 07:51:26
  • ស្នេហា

៦ចំណុច​នេះ បញ្ជាក់​ថា អ្នក​ចាប់​ផ្ដើម​មាន​ចិត្ត​ស្រឡាញ់​គេ​ហើយ

  • 2019-07-30 07:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ជីវិត​ជា​យុវវ័យ​មាន​ពេល​ខ្លះ​ពិបាក​បែង​ចែក​អារម្មណ៍​ នៃ​ការ​ស្រឡាញ់​ និង​មិត្តភាព។ តើ​ប្រិយមិត្ត​អាច​ដឹង​ទេ​ថា តើ​អ្នក​ស្គាល់​ខ្លួន​អ្នក​ថា ​ស្រឡាញ់​នរណា​ម្នាក់​បាន​យ៉ាង​ដូច​ម្ដេច? ក្រុម​យុវវ័យ​បាន​ចូលរួម​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ទស្សន​របស់​ខ្លួន​លើ​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា មាន​សញ្ញា​ចំនួន​ ៦ ដែល​យើង​កំពុង​មាន​ចិត្ត​លើ​គេ។ អាការ​ទាំង​៦​នោះ​មាន​អ្វី​ខ្លះ?

១. អ្នក​សប្បាយ​ចិត្ត ហើយ​ភ័យ​តិចតួច

នៅ​ពេល​ដែល​អ្នក​ធ្លាក់​នៅ​ក្នុង​អន្លង់​ស្នេហ៍​នរណា​ម្នាក់​ ហើយ​អ្នក​នៅ​ក្បែរ​គេ​ អ្នក​តែងតែ​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​បាន​ឃើញ​មុខ​គេ ឬ​ឃើញ​ដំបូល​ផ្ទះ​គេ។ ប៉ុន្ដែ​ទំនាក់ទំនង​នៅ​ក្បែរ​គ្នា អ្នក​រមែង​មាន​អារម្មណ៍​អៀន​បន្ដិច និង​ភ័យ​បន្ដិច មាន​ពេល​ខ្លះ​និយាយ​ជាមួយ​ដៃគូ​ហាក់​ដូចជា​រដិបរដុប​ក៏​មាន។ នេះជា​ការ​លើក​ឡើង​របស់​ លោក សុធា និស្សិត​ឆ្នាំ​ទី​៣ នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

២. គ្រប់​យ៉ាង​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ដែល​ថ្មី និង​រំភើប​ជាមួយ​គ្នា

ការ​ធ្លាក់​អន្លង់​ស្នេហ៍​នរណា​ម្នាក់ អ្នក​រមែង​ចង់​នៅ​ក្បែរ​គេ ហើយ​អ្នក​តែងតែ​ចង់​បង្កើត​កម្មវិធី​ថ្មីៗ​ជាមួយ​គេ ឬ​ទៅ​ណាមក​ណា​ជាមួយ​គេ​នៅ​តំបន់​ដែល​រីករាយ​បំផុត។ កម្មវិធី​ថ្មី​ មាន​ដូចជា​ចង់​មើល​កុន​ជាមួយ​គ្នា ញុំា​អាហារ​ប្លែកៗ​ និង​ឆ្ងាញ់​ៗ ឬ​បង្កើត​កម្មវិធី​ដំណើរ​កម្សាន្ត​រួម​គ្នា​ នៅ​កន្លែង​ណាមួយ​ជាមួយ​គ្នា ហើយ​រមែង​មាន​អារម្មណ៍​រំភើប​បំផុត​ ខុស​ពី​ដើរ​លេង​ជាមួយ​មិត្តភក្ដិ​ធម្មតា។ នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា ចាន់ណា វ័យ​ ២៣​ឆ្នាំ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

៣. មាន​អារម្មណ៍​ប្រចណ្ឌ​តិចតួច​

នៅ​ពេល​យើង​មាន​ចិត្ត​លើ​គេ​​ចង់​មិន​ចង់​ យើង​ប្រាកដ​ជា​មាន​អារម្មណ៍​ខឹង​គេ​ នៅ​ពេល​ដៃ​គូ​របស់​យើង​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្សេង​ជា​ភេទ​ផ្ទុយ​គ្នា។ ប្រសិន​បើ​ដឹង​ថា ជនទី៣ មាន​ចិត្ត​ចង់​ស្រឡាញ់​ដៃគូ​របស់​យើង ហើយ​គេ​និយាយ​ជាមួយ​គ្នា យើង​កាន់តែ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ងងក់ អន់ចិត្ត មាន​ពេល​ខ្លះ​ផឹក​ស្រា ឬ​សម្ដែង​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក វិចិត្រ វ័យ ២៦ឆ្នាំ។

៤. មាន​អារម្មណ៍​ចង់​នាំ​ពួកគេ​ទៅ​ជួប​មិត្ត​ភក្ដិ ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន

គ្រប់​យ៉ាង​ នៃ​ការ​ទំនាក់ទំនង មិន​ថា​ប្រុស​ ឬ​ស្រី បើ​មាន​ចិត្ត​ស្រឡាញ់​គេ​ហើយ​ នោះ​រមែង​ចង់​ឲ្យ​គេ​ស្គាល់​មិត្ត​ភក្ដិ​របស់​យើង និង​ក្រុម​គ្រួសារ ហើយ​ក៏​ចង់​ស្គាល់​មិត្តភក្ដិ​ និង​ក្រុម​គ្រួសារ​ដៃគូ​វិញដែរ។ ជាពិសេស​មនុស្ស​ស្រី កាន់តែ​ចង់​ឲ្យ​បុរស​ដែល​ខ្លួន​ស្រឡាញ់ តែងតែ​ចង់​នាំ​ដៃគូ​ទៅ​ជួប​លោក អ្នក​មាន​គុណ និង​មិត្តភក្ដិ ឲ្យ​បាន​ស្គាល់ ដើម្បី​ស្វែង​យល់​ចិត្ត។ នេះ​ជា​ការ​លើក​ឡើង​របស់​ សុជាតា វ័យ ២០ឆ្នាំ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

៥. មាន​អារម្មណ៍​ចង់​ស្វែង​យល់​ពី​ដៃគូ​របស់​ខ្លួន

នៅ​ពេល​អ្នក​ចង់​ដឹង​រឿង​គ្រប់​យ៉ាង​របស់​ដៃគូ​របស់​យើ នោះ​ជា​សញ្ញា​មួយ​ទៀត​ នៃ​ការ​បង្ហាញ​ថា យើង​កំពុង​មាន​ចិត្ត​ស្រឡាញ់​គេ​ហើយ។ ការ​ចង់​ដឹង​ចង់​ឮ មាន​ដូច​ជា តើ​គេ​ចូល​ចិត្ត​ញុំា​អ្វី? ស្លៀក​ពាក់​ដូច​ម្ដេច? ចូល​ទៅ​កម្សាន្ត​នៅ​ទី​ណា? ចូល​ចិត្ត​លេង​អ្វី? ហើយ​អ្វី​ដែល​គេ​មិន​ចូលចិត្ត? តើ​គ្រួសារ​គេ​ដូចម្ដេច …? ។ នេះ​ជា​ការ​លើក​ឡើង​របស់​ កញ្ញា រតនា អ្នក​រស់​នៅ​ភ្នំពេញ។

៦. អ្នក​ចង់​និយាយ​ពី​រឿង​អនាគត​ជា​មួយ​គេ

នៅ​ពេល​ដែល​យើង​កាន់តែ​ធ្លាក់​អន្លង់​ស្នេហ៍​នរណា​ម្នាក់​នោះ គឺ​យើង​រមែង​តែងតែ​បង្ហើប​ពី​បំណង​ប្រាថ្នា​របស់​ខ្លួន និង​ការ​រស់​នៅ​ពេល​ខាង​មុខ រាប់​ទាំង​ការងារ គ្រួសារ​ ជាដើម។ ហើយ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​កំពុង​ត្របាញ់​ចូល​គ្នា​ហើយ​នោះ ពួកគេ​រមែង​និយាយ​អំពី​ផែន​ការ​អនាគត​ ច្រើន​ជាង​ការ​និយាយ​រឿង​អត់​បាន​ការ។ នេះ​ជា​ទស្សន​ របស់​អ្នក​ស្រី វន្នី វ័យ​២៧ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ៕

តើ​ប្រិយមិត្ត​មាន​សញ្ញា​ណា​មួយ​ហើយ​ឬ​នៅ នៅ​ពេល​នៅ​ក្បែរ​ដៃគូ​របស់​អ្នក​?

រូបភាព៖ បរទេស

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម