• 2019-08-01 02:49:27
  • ស្នេហា

វិធី​មួយចំនួន​ជួយ​រំដោះខ្លួនពីការ​ឈឺចាប់​ព្រោះស្រឡាញ់គេ​តែម្ខាង​

  • 2019-08-01 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​មានអារម្មណ៍​លង់​ស្រឡាញ់នរណា​ម្នាក់​​ ហើយ​អ្នក​នោះ​មិន​ស្រឡាញ់​អ្នក​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​កើត​ទុក្ខ ស្អប់ខ្លួន​ឯង ឬ​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ក្នុង​ចិត្ត​ខ្លាំង​ទៀត​ផង។ ជា​ការ​ពិត​អ្នក​មិន​ត្រូវ​បណ្ដោយ​ឲ្យ​អារម្មណ៍​បែបនេះ​នៅជា​មួយ​អ្នក​យូរ​អង្វែង​នោះទេ។

អ្នក​គួរ​ដឹង​ពី​ចំណុច​ទាំងនេះ​ដើម្បី​បាន​រំដោះខ្លួនពី​រឿង​សោកសៅនេះ ហើយ​អាច​ចាប់​ផ្ដើម​ជីវិត​ថ្មី​បាន។​

១. ទទួល​ស្គាល់​ការ​ពិត​ថា​ម្នាក់​នោះ​មិន​ត្រូវ​ការ​អ្នក​ទេ

​អ្នក​តែ​ងតែ​ធ្លាប់​គិត​ថា​ម្នាក់​នោះ​បាន​ស្រឡាញ់​អ្នក​ដែរ តែតាម​ការពិត​គេមិន​បាន​ស្រឡាញ់អ្នក​ទេ ព្រោះ​ថា​អ្នក​នោះមិន​បាន​ខ្វល់ពី​​អ្នក​ដូច​អ្នក​ខ្វល់ពីគេ​នោះទេ ហើយ​តែងសម្ដែ​ង​កាយ​វិការ​ជា​ម្ចាស់​លើ​អ្នក​ជានិច្ច​ ពេល​គេ​​ទៅ​ណា​បាត់​​​ក៏មិន​ប្រាប់អ្នក គេ​មកវិញ​ក៏​មិន​ប្រាប់​អ្នក​ដែរ។

តើ​អ្នក​គិត​ថា​យ៉ាងម៉េច​ចំពោះ​កាយវិការ​បែបនេះ? តើអ្នក​នៅតែ​គិតថា​គេ​ស្រឡាញ់អ្នកទេ?​ នៅ​ថ្ងៃ​ណាមួយ​អ្នក​ច្បាស់​ក្នុង​ចិត្ត​ថា​ម្នាក់​នោះ​មិន​ស្រឡាញ់​អ្នកទេ នោះមានន័យ​ថា​អ្នក​បាន​វិល​មក​រក​ផ្លូវ​ត្រូវ​វិញ​ហើយ។

បើ​ថ្ងៃណាមួយ​អ្នក​ទប់​ចិត្ត​មិន​បាន​ហើយ​នៅ​តែ​ចង់ជួបគេ ឬ​ទូរសព្ទ​ទៅគេ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ចង់ធ្វើ​ជាទាសករ​ឱប​ជើង​ម្ចាស់​ជារៀង​រហូតឬយ៉ាងណា ឬក៏អ្នក​ចង់​បាន​អ្វី​ផ្សេង​ដែល​ល្អ​ជាង​នេះ?

២. កាត់​ចិត្ត​ឈប់​ខ្វល់ពី​គេ

«ឃ្លាតឆ្ងាយ​​ណាយ​ចិត្ត» នេះ​ជា​អ្វីដែល​អ្នកត្រូវ​ចាំ ​បើ​សិនជា​អ្នក​ចង់​បញ្ចប់​ស្នេហា​ដ៏ឈឺចាប់​មួយ​នេះ។ នៅ​ឆ្ងាយពី​ម្នាក់​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដូចជា​មិន​មើល​ហ្វេស​ប៊ុកគេ ឬ​គិត​ដល់​គេ​បើ​ទោះ​បីជា​នៅ​កន្លែង​ធ្វើការ​ជាមួយ​គ្នា​ក៏​ដោយ ដោយ​បង្វែរការគិត ឬធ្វើអ្វី​ផ្សេង គិត​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ការងារ​របស់​អ្នក​។ ចូរគិត​ថា​កុំ​ចង់​ដើរ​ផ្លូវ​ដែល​អ្នក​មិន​អាច​ទៅ​រួច​ និង​កុំ​ចំណាយ​ពេល​លើ​វា​ច្រើនទៀត។​

៣. គិត​ពី​ខ្លួន​ឯង

ពេល​អ្នក​រវល់តែ​កើត​ទុក្ខព្រោះតែ​គេមិន​ស្រឡាញ់អ្នក នោះអ្នក​នឹង​ភ្លេច​គិត​ពី​ខ្លួន​ឯង គិតពី​គេបាន​អ្វី​មក​វិញ ក្រៅពីកា​រឈឺចាប់? បើ​ដូចនេះ​ដដែល​ម្ដេច​មិន​គិត​ពី​ខ្លួន​ឯង​ ជាងគិតពី​គេ?​ ម្តេច​មិន​ចំណាយ​ពេល​ដើរលំហែបន្តិច ហូបកាហ្វេ ដើរ​ផ្សារ ទិញ​សម្លៀកបំពាក់ ឬ​កាត់​សក់​ ដើម្បី​ខ្លួន​អ្នក​វិញ?

ចូរចាំ​ថា​ពេល​ខូច​ចិត្ត​កុំធ្វើ​បាប​ខ្លួន​ឯង​កុំ​គិត​ដល់​រឿង​ទទួលទាន​​គ្រឿង​ស្រវឹង ជក់​បារី ឬធ្វើ​បាបខ្លួន​ឯង។ ម្យ៉ាង​កុំ​គិត​ថា​អ្នក​ដែលអ្នក​ស្រឡាញ់គេ​នឹង​ឃើញពី​ការ​ឈឺចាប់​នេះឲ្យ​សោះ។ តាម​ពិត​គេមិន​ចាប់​អារម្មណ៍ទេ ហើយ​​វាមិន​បាន​ជួយ​អ្វីដល់​​អ្នក​ទាល់តែ​សោះ​ក្រៅពី​បំផ្លាញ​​ខ្លួន​ឯង។

៤. កប់​រឿង​ស្នេហា​តែម្ខាង​នេះចោល

​កុំ​​កប់​ខ្លួន​អ្នក​ក្នុង​សុបិន​ដែល​គ្មាន​ក្ដី​សង្ឃឹម គ្មាន​អ្វី​ឈឺ​ចាប់​ជាង​ការ​រង់​ចាំ​មនុស្ស​ដែល​គេមិន​ស្រឡាញ់​យើង​នោះ​ទេ​។ បើ​គេមិន​ស្រឡាញ់អ្នក​ហើយ គេ​នឹង​មាន​ហេតុផល​ច្រើន​យ៉ាង​​ដើម្បី​មិន​ជួបអ្នក ឬ​ចំណាយ​ពេល​ជាមួយ​អ្នក​។ ដូច​គ្នា​ដែរ អ្នក​ក៏នឹង​មាន​ហេតុ​ផល​ច្រើន​ដូច​គ្នា​ពេល​អ្នក​មិន​ចង់​ទៅ​កម្មវិធី​ណា​មួយ ​ឬ​កន្លែង​ណា​មួយ​៕

ប្រភព៖ Brightside ប្រែសម្រួលដោយ៖ ជំនោរ

មតិយោបល់
អត្ថបទពេញនិយម