• 2019-08-05 08:11:19
  • ព័ត៌មាន

ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះសិវៈរាំ​ ១០ ០០០បំណែក​ឡើងវិញ

  • 2019-08-05 08:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បដិមា​ព្រះ​សិវៈរាំ កម្ពស់​៥ម៉ែត្រ មាន​ព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មាន​ប្រភព​មកពី​ប្រាសាទ​ក្រហម​នៅកោះកេរ នាស.វ.ទី១០នៃ​គ.ស. ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន​១ម៉ឺន​បំណែក បច្ចុប្បន្ន​កំពុង​ត្រូវបាន​ក្រុមអ្នក​ជំនាញ​នៃ​អភិរក្សដ្ឋាន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរជាតិ​អប្សរា សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សាលា​បារាំង​ចុង​បូព៌ា​ធ្វើការ​ជួសជុល​ផ្គុំរូបរាង​ឡើងវិញ​តាម​ទម្រង់​ដើម។

ភាពខ្ទេចខ្ទាំ​រាងកាយ​រាប់ម៉ឺន​បំណែក​នៃទេព​អង្គនេះ បណ្តាលមកពី​កត្តា​ធម្មជាតិ​នៃ​អាយុកាល ភាព​វឹកវរ​នៃ​សង្គ្រាម​ស៊ីវិល និង​ពួកឈ្មួញ​ទុច្ចរិត​មួយចំនួន​ឆ្លៀត​ឱកាស​ស្រុកទេស​គ្មាន​សុខ​សន្តិភាព ក៏បាន​អារកាត់​ព្រះសិរយក​ទៅជួញដូរ ហើយវាយ​បំបែក​រូបរាង​កាយ​ដែលពុក​ផុយ​ឱ្យបែកខ្ទេច គួរឱ្យ​សង្វេគ​បុរាណ​វត្ថុ​ដ៏ធំនេះ​ក្រៃ។

ទាក់ទងនឹង​ការប្រមូល​បំណែក​នៃព្រះសិវៈ​រាំមកធ្វើការអភិរក្ស​ឡើងវិញ គឺនៅឆ្នាំ​២០១២ សាលា​បារាំងចុងបូព៌ា បាន​សហការ​ជាមួយ​អាជ្ញាធរជាតិ​ព្រះវិហារ អាជ្ញាធរជាតិ​អប្សរា និង​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានធ្វើ​កំណាយ​ស្រាវជ្រាវរួមគ្នា​ដើម្បីប្រមូល​នូវបំណែក​នៃព្រះសិវៈរាំ​ដែលសេសសល់​ពីការ​បំផ្លាញ​ទាំងក្នុង​ដីខ្លះ និងគរ​លើដី​លាយឡំ​នឹងបំណែក​ឥដ្ឋខ្លះ មករក្សាទុក​នៅសារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ ក៏ប៉ុន្តែ​ដោយសារ​នៅទីនោះ​មានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។ ក្នុងការជួសជុលនេះ ក៏បានយកបំណែកដៃចំនួន៥ និងព្រះភក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។

ចំពោះ​ដំណើរការ​ជួសជុល លោក ឆាន់ ចំរើន អនុប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្សសំណង់​បុរាណ​នៃក្រសួងវប្បធម៌ បានឱ្យដឹង​ថា មកដល់ពេលនេះ​ការជួលជុល និង​ផ្គុំបំណែក​បដិមា​ព្រះសិវៈរាំ បាន​ដំណើរការ​ជាង២ខែមក​ហើយ ដោយក្រុម​អ្នក​ជំនាញ​បច្ចេកទេស​ខ្មែរ​មកពី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរជាតិ​ព្រះវិហារ អាជ្ញាធរជាតិ​អប្សរា និង​សារមន្ទីរជាតិ​ភ្នំពេញ។ «ជាលទ្ធផល យើងផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។ ក្នុងនោះដែរក៏ជាការសោកស្តាយ ដែលព្រះភក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថាគួរបំពេញបន្ថែម និងប្រើថ្មថ្មី​ក្នុងកម្រិតណា​ក្នុងការ​បំពេញ​នៅកន្លែងបាត់បង់​ផ្នែក​ផ្សេងទៀត»។

លោក ចំរើន បន្តទៀត​ថា ក្នុងការ​អនុវត្ត​ការងារ មិនទាន់​ហ៊ានកំណត់​ពីវេលាសម្រេចទេ ព្រោះមានការ​លំបាក​ខ្លាំងដោយសារ​បំណែក​រូបមាន​ដល់ទៅមួយម៉ឺន​ដុំទាំងតូច​ធំ ដែលបំណែក​ខ្លះតូច​ពិបាក​ក្នុងការផ្គុំ ត្រូវការ​ពេលវេលា​ច្រើនក្នុង​ការយក​ថ្មមក​ភ្ជាប់​ឱ្យត្រូវគ្នា កន្លែងខ្លះ​មានស្នាម​មុខដាប់ ច្រើន​ឯថ្មខ្លះ​ទ្រុឌទ្រោម​ខ្លាំងត្រូវការ​ព្យាបាល​និង​ពង្រឹង។ ចំពោះ​ការផ្គុំឱ្យចេញ​ជារូបរាង គឺផ្គុំពី​សាច់ក្នុង​មកក្រៅ ដែលទាមទារ​ការយកចិត្ត​ទុកដាក់ អត់ធ្មត់ ពេលវេលា ការ​ស្រឡាញ់ ទើបអាច​ធ្វើបាន​សម្រេច។

អ្នកជំនាញ​រូបនេះ បានប្តេជ្ញាថា មិនថា​មានការលំបាក​យ៉ាងណានោះ​ទេ ក៏នឹង​បំពេញ​កិច្ចការនេះ​ឱ្យបាន​សម្រេច និងសំណូមពរឱ្យ​កូនខ្មែរ​គ្រប់​រូបរួមគ្នា​ថែរក្សា ការពារ ស្វែងយល់​ពីរតនៈវត្ថុ​របស់​យើង ដោយមិន​ពឹងតែលើ​អ្នក​ជំនាញ​តែមួយមុខ។ ចំពោះ​ការប្រឹងប្រែង​ផ្គុំរូបសិវៈ​ទោលធំ ក្នុងសភាព​បែកខ្ទេច​ដូច្នេះ ក៏ព្រោះចង់​រក្សា​អ្វីជាបុរាណ ទាំង​ស្នាដៃ និងបច្ចេកទេស​ធ្វើរបស់​ដូនតា​ខ្មែរតាំង​ពីស.វ.ទី១០ ដែលមាន​តម្លៃមិន​អាចកាត់ថ្លៃបានសម្រាប់​ឱ្យកូនចៅ អ្នក​ស្រាវជ្រាវជំនាន់ក្រោយ​បានឃើញ៕

អត្ថបទ និងរូបថត៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់