- 2019-08-16 09:03:35
- ការអប់រំ
មកស្គាល់អតីតបេក្ខជនឆ្នើមបំបែកកំណត់ត្រាពិន្ទុ ១០០ ពេញ ក្នុងការប្រលងបាក់ឌុបនាឆ្នាំកន្លងមក
- 2019-08-16 09:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អតីតបេក្ខជនឆ្នើមបំបែកកំណត់ត្រាពិន្ទុ ១០០ ពេញ ក្នុងការប្រលងបាក់ឌុបនាឆ្នាំកន្លងមក
ចន្លោះមិនឃើញ
ខណៈការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ថ្ងៃនេះ សូមបង្ហាញមុខអតីតបេក្ខជនប្រលងជាប់បានពិន្ទុ ១០០ ពេញចាប់តាំងពីឆ្នាំ២០១៤មក។ ឆ្នាំ ២០១៤ គឺជាឆ្នាំដំបូង ដែលក្រសួងអប់រំយុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្ដម ហង់ ជួនណារ៉ុន ជារដ្ឋមន្ត្រីបានដាក់ចេញវិធានការកំណែទម្រង់ការប្រលងថ្នាក់ជាតិមួយនេះ។
បេក្ខជនទទួលបាន ពិន្ទុ ១០០ ពេញកាលពីឆ្នាំ២០១៤ គឺបានទៅលើយុវជន ចាន់ ពិចិត្រ ជាសិស្សរៀននៅវិទ្យាល័យព្រះបាទ សុរាមឫទ្ធិ ខេត្តកំពង់ឆ្នាំង ។ ពិចិត្រ ជាកូនទោល មានឪពុកម្ដាយជាអ្នកលក់ចាប់ហួយ។ ពិចិត្រ បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនសូវមានពេលជួយការងារលក់ដូរឪពុកម្ដាយប៉ុន្មានទេ ក្រៅពីរៀននៅសាលារដ្ឋ ត្រូវទៅរៀនគួរបំប៉ន និងរៀនខ្លួនឯងនៅផ្ទះមួយថ្ងៃយ៉ាងហោចណាស់ ៣ ទៅ ៤ម៉ោង។
នៅឆ្នាំ២០១៥ បេក្ខជនទទួលបានពិន្ទុ១០០ ពេញបានលើយុវជន យុវជន ម៉ាន កូតា មកពីវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ខណៈការប្រលងបាក់ឌុបពេលនោះមានបេក្ខជនប្រលងបាននិទ្ទេស A ១០៨នាក់។ យុវជន ម៉ាន កូតា បានសម្រេចជ្រើសរើសជំនាញ «វិស្វកម្មជីវសាស្រ្ត» ដើម្បីសិក្សាបន្ត នៅកម្រិតឧត្ដមសិក្សា។ ចំណែកប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីឆ្នាំ២០១៦ បេក្ខជនទទួលបានពិន្ទុ ១០០ ពេញ បានលើយុវជន កាំង ស៊ីញលី មកពីសាលាប៊ែលធីអន្តរជាតិទី៥ ភ្នំពេញ។ ពេលនោះមានបេក្ខជនប្រលងជាប់ជាស្ថាពរជាង៥ម៉ឺននាក់ បេក្ខជនជាប់និទ្ទេស A ចំនួន ៤០៥ នាក់ ។
បេក្ខជនប្រលងបាក់ឌុបកាលពីឆ្នាំ២០១៧ គឺបានទៅលើយុវជន ស គឹមស៊ា មកពីសាលាប៊ែលធីអន្តរជាតិទី៩ ទទួលបាននិទ្ទេស A និងមានលំដាប់ពិន្ទុ១០០ពេញ។ យុវជន ស គឹមស៊ា ទទួលបាននិទ្ទេស A លើមុខវិជ្ជា ខ្មែរ គណិតវិទ្យា ជីវៈវិទ្យា គីមី ភាសាបរទេស និងរូបវិទ្យា និងបាននិទ្ទេស B លើមុខវិទ្យាប្រវត្តិ។
ឆ្នាំ ២០១៨ បានទៅលើយុវតី ថន រតនា ជាសិស្សមកពីវិទ្យាល័យផ្សារដើមថ្កូវ ជាប់និទ្ទេសA ទទួលលំដាប់ពិន្ទុ ១០០ពេញ។ យុវតី ថន រតនា ត្រូវបានរកឃើញថា បានពិន្ទុ១០០ពេញ បន្ទាប់ពីប្រកាសលទ្ធផលលើកទី២ ក្រោយក្រសួងអប់រំ យុវជន និងកីឡា រកឃើញមានបញ្ហាខុសបច្ចេកទេសលើលទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិសម័យប្រលង ២០ សីហា ២០១៨។
រតនា ជាសិស្សក្រីក្រ ដែលមានឪពុកជាអ្នករត់ម៉ូតូឌុប ។ នាងជាសិស្សមានការតស៊ូស្វិតស្វាញសិក្សាយ៉ាងមោះមុត បើទោះបីគ្រួសារគ្មានលទ្ធភាពផ្ដល់ថវិកាឲ្យរៀនក៏ដោយ។ រតនាប្រាប់ថា ក្នុងមួយថ្ងៃនាងមានលុយតែ ៣ពាន់រៀលប៉ុណ្ណោះ ហើយចំនួនលុយនេះ គឺពុកនាងឲ្យថេរតាំងពីថ្នាក់ទី៨ មកម្ល៉េះ។
ការប្រលងសញ្ញាប័ត្របាក់ឌុបនៅឆ្នាំនេះមានបេក្ខជនសរុប ១១៩, ២១៧នាក់ ខណៈដំណើរការប្រលងនឹងចាប់ផ្ដើមនៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩នេះ។ ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានបែងចែកជា ២ គឺសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ តើបេក្ខជនរូបណានឹងជាប់បានពិន្ទុ ១០០ ពេញនៅឆ្នាំនេះ?