• 2019-09-06 09:08:00
  • ការអប់រំ

កាន់តែបុកពោះ ! ក្រសួងអប់រំបានបូកសរុបពិន្ទុចូលប្រព័ន្ធកំព្យូទ័របាន ១០០%ហើយ

  • 2019-09-06 09:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មកទល់ពេលនេះ មន្រ្តីជំនាញក្រសួងអប់រំកំពុងធ្វើការបូកស្រង់ពិន្ទុចូលប្រព័ន្ធកំព្យូរទ័រ ដោយសម្រេចបានប្រមាណ ១០០%ហើយ រីឯការប្រកាសលទ្ធផលនឹងធ្វើឡើងនៅ ថ្ងៃទី១០ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។

លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់ Sabay ថា ការកែវិញ្ញាសារប្រឡងបានបញ្ចប់ និងបូក ស្រង់ពិន្ទុចូលប្រព័ន្ធកំព្យូរទ័រ បានចាប់ផ្ដើមនៅថ្ងៃទី ៣០ សីហា ដោយបានបញ្ចប់រួច ១០០%នៅថ្ងៃទី៦ ខែកញ្ញានេះ។ រាល់គ្រប់ដំណាក់ទាំងអស់សុទ្ធតែសំខាន់ ដែលត្រូវពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់។

លោកបញ្ជាក់ថា ក្នុងដំណាក់ការបូកស្រង់ពិន្ទុចូលប្រព័ន្ធកំព្យូទ័រនេះ មន្រ្តីបច្ចេកទេសគឺនៅចាំពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធកំព្យូរទ័រថ្មីនេះជានិច្ច។ ការបន្តពង្រឹងគ្រប់ដំណាក់ការនេះ គឺដើម្បីធានានូវ គោលការណ៍ទាំង ៤របស់ក្រសួង។ គោលការណ៍ទាំង៤ នោះរួមមាន គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។

តាមការកំណត់របស់ក្រសួង អបរំយុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅថ្ងៃទី ១០ កញ្ញាខាងមុខនេះ ដោយលទ្ធផលនឹងត្រូវបិទបង្ហាញនៅមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្ត កណ្ដាល និងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផ្ទាល់។ រីឯការបិទប្រកាសលទ្ធផលនៅ តាមមណ្ឌលប្រឡង នៅតាមបណ្ដាខេត្តផ្សេងទៀត នឹងធ្វើឡើងនៅថ្ងៃទី ១១ កញ្ញាឆ្នាំ ២០១៩។

យ៉ាងណាមិញ បើទោះជាដំណើរការបូកស្រង់ពិន្ទុចូលប្រព័ន្ធកំព្យូទ័រត្រូវបានបញ្ចប់ក្តី លោក បូលី ឱ្យដឹងថា គិតត្រឹមថ្ងៃនេះលោកមិនទទួលបានព័ត៌មានណាមួយ ទាក់ទងនឹងការកែប្រែកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡងឡើយ។

សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ នេះ ក្រសួង អប់រំយុវជន និងកីឡាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ដោយពុំមានបញ្ហាណាមួយកើតឡើងធ្ងន់ធ្ងរនោះទេ។ ក្នុងការប្រឡងរយៈពេល ២ថ្ងៃកន្លងទៅ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៧ ០៤៣នាក់ អវត្តមានចំនួន ១៨៣៨នាក់ ហើយក្នុងនោះក៏មានសិស្សចំនួន ២នាក់ត្រូវរងពិន័យឱ្យធ្លាក់ដោយស្វ័យប្រវត្តផងដែរ ដោយបេក្ខជនទាំងពីរនាក់នោះ ប្រព្រឹត្តិខុស ដោយយកសំណៅឯកសារ និងទូរស័ព្ទដៃចូលបន្ទប់ប្រឡង។ លើសពីនេះសិស្សមានបញ្ហាសុខភាពកំឡុងពេលប្រឡងចំនួន ១៥២ ករណីទទួលបានការសង្រ្គោះបឋមអាចបន្តការប្រឡងវិញបាន រីឯ១១ ករណីផ្សេងទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យពុំអាចត្រឡប់មកប្រឡងវិញបានឡើយ។

អត្ថបទ៖ សុផល

មតិយោបល់