• 2019-09-06 09:32:41
  • ចរាចរណ៍

អ្នកដឹកនាំប្រមាណ ៣៥០ នាក់ជួបជុំគ្នាក្នុងសន្និសីទប្រចាំឆ្នាំលើកទី ២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា

  • 2019-09-06 09:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទប្រចាំឆ្នាំលើកទី ២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានប្រមូលផ្តុំរួមគ្នានូវ អ្នកបង្កើតគោលនយោបាយ ស្ថាប័នផ្សេងៗក្នុងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជនប្រព័ន្ធផ្សព្វផ្សាយ និងការគៀងគរមតិគាំទ្រទៅលើសុវត្ថិភាពចរាចរណ៍ដើម្បីគាំទ្រដល់សកម្មភាពទសវត្សរ៍សម្រាប់ សុវត្ថិភាពចរាចរណ៍របស់អង្គការសុខភាពពិភពលោក (២០១១-២០២០) និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) ។

គណៈប្រតិភូប្រមាណជាង ៣៥០ នាក់បានជួបប្រជុំគ្នា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញនាថ្ងៃទី ៤-៥ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រជាក់ស្តែង និងការផ្លាស់ ប្តូរព័ត៌មាន ក៏ដូចជាការចូលរួមចំណែកត្រួតឡើងវិញនូវផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុងទសវត្សរ៍ និងការចែករំលែកនូវអនុសាសន៍របស់ពួកគេសម្រាប់ ការការពារគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី និងអង្គការសម្ព័ន្ធភាពដើម្បីសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក (CRY) ដោយមានការសម្របសម្រួលជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក (NRSC) ។

ប្រធានបទ និងគន្លឹះសំខាន់ៗដែលយកមកពិភាក្សាគឺផ្តោតទៅលើការដំណោះស្រាយ “សសរស្តម្ភទាំងប្រាំបី” នៃសុវត្ថិភាពចរាចរណ៍នៅកម្ពុជារួមមាន៖ សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ, សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងផ្លូវបានល្អប្រសើរ, សុវត្ថិភាពយានយន្ត, ការធ្វើឱ្យប្រសើរឡើងនូវជំនួយវេជ្ជសាស្រ្តបន្ទាន់, ការធ្វើវិសោធនកម្មច្បាប់និងការរឹតបន្តឹងច្បាប់, ការផ្តល់សិទ្ធិ និងការគ្រប់គ្រងប័ណ្ណបើកបរ និងការវាយតំលៃ លើសេវាកម្មដឹកអ្នកដំណើរ និងទំនិញ។

កិច្ចពិភាក្សានីមួយៗបានគ្របដណ្ដប់លើបញ្ហាប្រឈម និងការខាតបងទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាអន្តរាគមន៍ដ៏សំខាន់ៗដើម្បីអនុវត្តទាក់ទងនឹងការឈានទៅរកគោលដៅសុវត្ថិភាពចរាចរណ៍របស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍នេះ។ សន្និសីទបានពិភាក្សាពីភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងវិស័យផ្សេងទៀត និងពីវិធីដែលពួកគេអាចអនុវត្តចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏ដូចជាការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយតួនាទីរបស់ក្រុមហ៊ុនដឹកជញ្ជូន,​ វិស័យឯកជន និងតួនាទីរបស់សង្គមស៊ីវិលក្នុងការកែលំអសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា

លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និង ជាអ្នករៀបចំកិច្ចពិភាក្សាជាច្រើននៅក្នុងសន្និសីទស្តីពីមួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ និងការបើកបរដោយមិនយកចិត្តទុកដាក់ បានមានប្រសាសន៍ថា៖ ដោយស្ថានភាពសុវត្ថិភាពចរាចរណ៍នៅកម្ពុជាឈានដល់ចំណុចមួយដោយឃើញថាយ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត និង ១៣នាក់ផ្សេងទៀត អ្នករងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលត្រូវការកំណត់នូវវិធានការណ៍ចាំបាច់។ អនុសាសន៍ដែលបានលើកឡើងនៅក្នុងសន្និសិទនេះនឹងជួយជាមូលដ្ឋានគ្រឹះសម្រាប់ ការការពារគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការនូវសកម្មភាពទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិនាឆ្នាំ ២០០៩ និងបានប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួននៅខែឧសភាឆ្នាំ ២០១១។ នៅឆ្នាំ ២០១៥ រដ្ឋាភិបាលកម្ពុជាបានគាំទ្រដោយផ្ទាល់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដៃគូពាក់ព័ន្ធ អ្នកគៀងគរមតិគាំទ្រ និងតំណាងស្ថាប័នផ្សេងៗមានឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីបង្កើតភាពជាដៃគូ និងចូលរួមក្នុងសកម្មភាពការគៀងគរមតិផ្នែកច្បាប់ដោយផ្ទាល់ក៏ដូចជាចូលរួមចំណែកក្នុងការធ្វើផែនការ ទសវត្សសុវត្ថិភាពចរាចរណ៍ថ្មី (២០២១-២០៣០) ។

អ្នកគាំទ្រសំខាន់ៗក្នុងសន្និសីទរួមមានមូលនិធិយូក្រុមហ៊ុនយូភីអេស ស្ថានទូតអូស្ត្រាលី ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងក្រុមហ៊ុនអាកាសចរកម្ពុជា។ អ្នកគាំទ្របន្ថែមផ្សេងទៀតរួមមានក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក្រុមហ៊ុនអ៊ីហ្ស៊ីខម, ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាលីម៉ូស៊ីមសឺវីស, ក្រុមហ៊ុនជីពម៉ុង និងក្រុមហ៊ុនតូតាល់ខេមបូឌា Larryta និងក្រុមហ៊ុន Giant Ibis៕

អត្ថបទ៖ Yorn Sovieth

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី