• 2019-09-09 14:03:48
  • ព័ត៌មាន

បន្ទាន់​ ! ឯកឧត្ដម ស៊ុន​ ចាន់ថុល​ ចុះ​ទៅ​​​ពិនិត្យ​ស្ពាន​ព្រែកតាមាក់​ទាំង​យប់ និង​អាច​​ប្ដឹង​​​ក្រុមហ៊ុន​សាឡាង​ដឹក​ខ្សាច់​បុក​សសរ​ស្ពាន​​

  • 2019-09-09 14:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​កំពុង​ពិនិត្យ​ស្ថាន​ភាព​ស្ពាន​ព្រែក​តាមាក់​ទាំង​យប់​ បន្ទាប់​ពី​សាឡាង​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​បុក​សសរ​ស្ពាន​​កាលពី​ម្សិលមិញ​មក​។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម​ គង់ វិមាន អនុរដ្ឋលេខាធិការ ​និង​ជា​នាយខុទ្ទកាល័យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ប្រាប់​ sabay មុន​នេះ​។​

ឯកឧត្ដម ​បាន​បន្ថែម​ថា ​ឯកឧត្ដម​រដ្ឋមន្ត្រី ​អម​ដោយ​អ្នក​ជំនាញ​បច្ចេកទេស​​នៅ​ព្រលប់​ថ្ងៃ​ទី​ ៩ ​ខែ​កញ្ញា​នេះ​​កំពុង​នៅ​កន្លែង​កើត​ហេតុ ​ធ្វើ​ការ​សិក្សា​ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​លើ​សសរ​ស្ពាន ខណៈ​តួ​សា​ឡាង​​អាច​ត្រូវ​កាត់​បង្ហូរ​ខ្សាច់​ចេញ​​ ដើម្បី​ជៀស​វាង​ ផល​ប៉ះពាល់​ដល់​ស្ពាន​។ សាឡាង និង​ខ្សាច់​ ​មាន​ទម្ងន់​​ជាង ១ ពាន់​តោន​។ ​បច្ចុប្បន្ន​សាឡាង​​ កំពុង​ជាប់​គាំង​ទៅ​​នឹង​សសរ​ស្ពាន​​ និង​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​​បាន​នៅ​ឡើយ​ទេ​។​

“សាឡង់​កំពុង​ជាប់​​​គឿង​​នឹង​សសរ​កណ្ដាល​ស្ពាន​តែ​ម្តង​។ អញ្ចឹង​យើង​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បាន​នៅ​ឡើយ​ទេ។​ ដូច្នេះ​សាឡង់​ហ្នឹង​បើ​អូស​មិន​បាន​ទេ មានតែ​កាត់​ ហើយ​បើ​កាត់​គឺ​អាច​លិច​ទៅ​បាត​ទន្លេ​ហើយ​”​។

ឯកឧត្ដម​ គង់ វិមាន​ បាន​ឱ្យ​ដឹង​ទៀត​ថា ហេតុ​ការណ៍​នេះ​ក្រុមហ៊ុន​សាឡាង​ដឹង​ខ្សាច់​នឹង​ត្រូវ​រង​បណ្ដឹង​ពី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​ត្រូវ​រង់​ចាំ​ការពិនិត្យ​ជាក់​ស្ដែង​ទៅ​លើ​ទំហំ​នៃ​ការ​ខូច​ខាត​សិន​។ ​ឯកឧត្ដម​​​បាន​បដិសេធ​លើ​ពាក្យ​ចចាមអារ៉ាម​ ដែល​ថា ក្រសួង​នឹង​ប្ដឹង​ក្រុមហ៊ុន​សាឡាង ហើយ​ទារ​សំណង​ចំនួន​ ១​លាន​ដុល្លារ ​មិន​ពិត​នោះ​ទេ ព្រោះ​ថា ​ក្រសួង​មិន​ទាន់​បាន​វាយ​តម្លៃ​ពី​ផល​ខូចខាត​នៅ​​ឡើយ។

កាល​ពី​រសៀល​ថ្ងៃ​ទី ៨ ​ខែ​កញ្ញា​ ម្សិល​មិញ​មាន​​សាឡាង​មួយ​​គ្រឿង​ផ្ទុក​ ដោយ​ខ្សាច់​ពេញ​​បាន​​ បើក​បរ​ពី​ទិស​ខាង​​ជើង​ទៅ​ត្បូង​​បាន​​បើក​បុក​​ និង​បណ្ដាល​ឱ្យ​កៀប​ជាប់​នឹង​សសរ​ស្ពាន​តែ​ម្ដង​។ ​ស្ពាន ព្រែក​តា​មាក់​មាន​ប្រវែង​ សរុប​១០៦០​ម៉ែត្រ ​និង​ទទឹង​ប្រវែង ​១៣.៥ ​ម៉ែត្រ ​។ ​ស្ពាន​នេះ ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៤៣.៥​ លាន​ដុល្លារ​ ក្រោម​ជំនួយ​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន​ និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១០​កន្លង​ទៅ​៕​

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម