• 2019-10-13 00:30:30
  • សុខភាព

មិនគួរឲ្យជឿសោះថា គ្រាប់ផ្លែម្រុំ មានប្រយោជន៍ចំពោះសុខភាពដល់ម្លឹងផង

  • 2019-10-13 00:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថប្រយោជន៍របស់គ្រាប់ផ្លែម្រុំមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ហើយវាក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើពិភពលោកដែរ។ គ្រាប់ផ្លែម្រុំមានប្រភពដើមចេញពីភាគខាងត្បូងបែកខាងលិចនៃប្រទេសឥណ្ឌា ហើយវាក៏ត្រូវបានប្រជាជនខ្មែរយើដាំច្រើនផងដែរ សម្រាប់យកស្លឹករបស់វាធ្វើជាម្ហូបដ៏ឆ្ងាញ់។

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងហើយគឺសម្លកកូរតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនខ្មែរយើងច្រើនតែទទួលបានប្រយោជន៍ជាច្រើនពីក្នុងស្លឹកម្រុំប៉ុណ្ណោះ ហើយក៏មិនទាន់មាននរណាយល់ដឹងច្រើនអំពីគ្រាប់ផ្លែម្រុំដែរ។ តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងអស្ចារ្យនៃការប្រើប្រាស់គ្រាប់ម្រុំដើម្បីព្យាបាល និងគ្រប់គ្រងជំងឺជាច្រើនយ៉ាង៖

ជាអង់ទីអុកស៊ីដង់

គ្រាប់ម្រុំសម្បូរទៅដោយប្រភពនៃអង់ទីអុកស៊ីដង់ខ្លាំងៗជាច្រើនសំរាប់ជំរុញដល់សុខភាពមនុស្សដូចជា វីតាមីន A, C និង B ព្រមទាំងកាលស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជាតម្រូវការសម្រាប់រាងកាយ និងចិត្តគំនិត។ សមត្ថភាពរបស់អង់ទីអុកស៊ីដង់នេះនឹងជួយការពារពីការខូចខាតរបស់រ៉ាឌីកាលសរីផ្សេងៗដែលរាងកាយប៉ះពាល់ និងបង្ការកុំឲ្យកើតជំងឺផង។

ប្រយោជន៍ចំពោះបេះដូង

ការស្រាវជ្រាវទៅលើរុក្ខជាតិបានរកឃើញថា សារធាតុចម្រាញ់ចេញពីគ្រាប់ផ្លែម្រុំ នឹងជួយភ្ញោចដល់បេះដូង និងរបត់ឈាមរត់ ដើម្បីបន្ថយសម្ពាធឈាមតាមបែបធម្មជាតិ។ វាក៏មានចំនួនអាស៊ីត Oleic Acid ខ្ពស់ដែរ ក្នុងការជួយឲ្យបេះដូងមានសុខភាពល្អ និងកាត់បន្ថយការកើតជំងឺបេះដូងយ៉ាងគួរឲ្យកត់សម្គាល់។

បញ្ចុះកូឡេស្តេរ៉ុល

ការញ៉ាំគ្រាប់ផ្លែម្រុំជាទៀងទាត់ អាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងការពារបេះដូងបាន។ គ្រាប់ផ្លែម្រុំជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អ និងជួយបន្ថយការប្រឈមជំងឺបេះដូងសរសៃឈាមថែមទៀត។ សារធាតុចម្រាញ់ចេញពីគ្រាប់ផ្លែម្រុំត្រូវបានគេរកឃើញទៀតថា អាចព្យាបាលការលើសកូឡេស្តេរ៉ុលអាក្រក់បាន។

ជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាម

គ្រាប់ផ្លែម្រុំគឺជាការព្យាបាលបែបធម្មជាតិមួយសម្រាប់ជួយសម្រួលដល់ជាតិស្ករក្នុងឈាមលើអ្នកជំងឺទឹកនោមផ្អែមបាន។ អ្នកស្រាវជ្រាវបានរកឃើញថា ក្នុងការពិសោធន៍លើសត្វ សារធាតុចម្រាញ់ចេញពីគ្រាប់ផ្លែម្រុំជួយបង្កើនការផលិតអាំងស៊ុយលីន និងប្រូតេអ៊ីន ព្រមទាំងបន្ថយជាតិស្ករក្នុងឈាមទៀត។ ក្រៅពីនេះ អង់ទីអុកស៊ីដង់របស់វា មានឥទ្ធិពលទៅលើលំពែង និងបង្ការការខូចខាតរបស់លំពែងបានយ៉ាងល្អ។

ការពារថ្លើម

ឥទ្ធិពលអង់ទីអុកស៊ីដង់របស់ប្រេងគ្រាប់ផ្លែម្រុំមានប្រយោជន៍ក្នុងការការពារភាពខូចខាតរបស់ថ្លើមបាន។ ជាតិប្រេងនេះមានសារធាតុសំខាន់ៗ ដែលអាចជំរុញដល់ជាលិកាថ្លើមយកឈ្នះរ៉ាឌីកាលសេរីបាន និងមិនឲ្យកើតជំងឺនៅថ្លើមបាន។ ជាតិប្រេងរបស់គ្រាប់ផ្លែម្រុំនេះក៏ជួយជួសជុលថ្លើមដែលខូចខាតបណ្តាលមកពីការរលាកថ្លើមដែរ។

ជួយព្យាបាលដំបៅក្រពះឲ្យជា

គ្រាប់ផ្លែម្រុំមានឥទ្ធិពលជាសារធាតុប្រឆាំងនឹងការរលាកមួយប្រភេទដែលអាចជយយសម្រួល និងព្យាបាលដំបៅនៅក្រពះបាន។ ការសិក្សាមួយបានរកឃើញថា វាមិនគ្រាន់តែជួយបន្ថយការរលាកសម្រាប់ព្យាបាលដំបៅទេ តែអង់ទីអុកស៊ីដង់របស់វា ដើរតួនាទីដ៏សំខាន់ក្នុងការបន្ថយអាការៈរបស់ដំបៅក្រពះពោះវៀនទៀត។

បន្ថយការរលាក និងឈឺចាប់

សមាសធាតុប្រឆាំងការរលាករបស់គ្រាប់ផ្លែម្រុំក៏ជួយអ្នកពីការឈឺចាប់បង្កឡើងដោយការរលាកដែរ ជាពិសេសអាការៈនៃការឈឺចាប់ខ្លាំងរបស់ជំងឺរលាកសន្លាក់តែម្តង។ គ្រាប់ផ្លែម្រុំនេះអាចជួយប្រឆាំងការរលាក ដែលល្អចំពោះជំងឺរលាកសន្លាក់ Rheumatic Condition តាមរយៈការទប់ស្កាត់ប្រព័ន្ធភាពស៊ាំកុំឲ្យធ្វើការជ្រុល និងបង្កការរលាកបាន។

ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ

គ្រាប់ផ្លែម្រុំផ្ទុកទៅដោយវីតាមីន និងជីវជាតិសំខាន់ៗដែលជាតម្រូវការសម្រាប់ថែរក្សាប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ និងរឹងមាំ។ តាមពិតទៅ សារធាតុចម្រាញ់ចេញពីគ្រាប់ផ្លែម្រុំជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដោយវាមានចំនួនវីតាមីន C ច្រើនជាងផ្លែក្រូច ៧ដង មានវីតាមីន A ច្រើនជាងមឺមការ៉ុត ១០ដង មានជាតិដែកច្រើនជាងស្ពៃស្ពីណាច ២៥ដង និង មានប៉ូតាស្យូមច្រើនជាងចេក ១៥ដងឯណោះ។

មានសារធាតុសម្លាប់បាក់តេរី

អត្ថប្រយោជន៍មួយទៀតរបស់គ្រាប់ផ្លែម្រុំគឺមានសារធាតុសម្លាប់បាក់តេរី ដែលមានប្រសិទ្ធភាពចំពោះបាក់តេរីច្រើនប្រភេទ។ សារធាតុសម្លាប់បាក់តេរីនេះក៏ជួយព្យាបាល និងបង្ការជំងឺជាច្រើនដែលបង្កឡើងដោយវីរុស និងមេរោគផ្សិតផងដែរ។

របៀបក្នុងការទទួលទានគ្រាប់ផ្លែម្រុំ

មធ្យោបាយដ៏ល្អបំផុតក្នុងការទទួលទានគ្រាប់ផ្លែម្រុំដើម្បីទទួលបានប្រយោជន៍ចំពោះសុខភាពរបស់វាទាំងអស់ គឺញ៉ាំវាឲ្យដូចគ្នានឹងការញ៉ាំសណ្តែកដីលេងអ៊ីចឹង។ អ្នកអាចបញ្ចូលវាទៅក្នុងអាហារពេលព្រឹក ឬញ៉ាំវាជាមួយនឹងគ្រាប់ផ្លែឈើ ឬធញ្ញជាតិណាផ្សេងទៀតក៏បាន។ អ្វីដែលសំខាន់ គឺក្រុមហ៊ុនលក់ផលិតផលអនឡាញដ៏ធំបំផុតលើពិភពលោកក៏ចាប់ជំនួញលក់គ្រាប់ផ្លែម្រុំនេះតាមអនឡាញដែរ ដែលគេលក់សម្រាប់ទទួលទានផង ឬយកគ្រាប់វាដើម្បីដាំផង។

បើសិនជាអ្នកអាចរកគ្រាប់ផ្លែម្រុំស្រស់បាន អ្នកអាចចម្អិនវាញ៉ាំជាមួយអាហារក៏បានដែរ។ ការសិក្សាជាច្រើនដែលបាននិយាយរៀបរាប់អំពីខាងលើគឺ ត្រូវបានគេប្រើប្រាស់គ្រាប់ផ្លែម្រុំចំនួន ៣ក្រាមទទួលទាន ជារៀងរាល់ថ្ងៃទើបទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព៕

ប្រភព ៖ health.com.kh

មតិយោបល់