• 2019-11-05 03:44:06
  • ការអប់រំ

ក្រុងព្រះសីហនុ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ និងរឹតបន្តឹងការបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង

  • 2019-11-05 03:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ បានរៀបចំកម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានរៀបចំឡើងក្រោមជំនួយឧបត្ថម្ភថវិការរបស់អង្គការ APIWSA ក្រោមកិច្ចសហការរបស់សាលាខេត្តព្រះសីហនុ កាកបាទក្រហមកម្ពុជា ខេមសេហ្វ វិទ្យុFM១០២ និងដៃគូនានា។ កម្មវិធីរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលព្រះរាជពិធីបុណ្យអ៊ុំទូក ឆ្នាំ២០១៩។

គណៈអធិបតី ចូលរួមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ រួមមាន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, ឧត្តមសេនីយ៍ទោ ហេង ផានិត តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍, កញ្ញា អ៊ុច ធារី តំណាងរបស់ APIWSA, លោកខឹម សុផល ប្រធានគំរោងសុវត្ថិភាពចរាចរណ៍ កាកបាទក្រហមកម្ពុជា និងជាឧត្តមទីប្រឹក្សាបច្ចេកទេសអង្គការ CaMSafe ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនរូបទៀត។ យុទ្ធនាការនេះក៏ទទួលបានការចូលរួមពីតំណាងនៃមន្ទីរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត មន្រ្តីកាកបាទក្រហមសាខា និងអនុសាខា វិស័យឯកជន ព្រមទាំងអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករសរុបប្រមាណ ១៣៤០នាក់។

ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានចូលរួមកម្មវិធីទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាម រយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងម៉ូតូកង់បី ភោជនីយដ្ឋានតាមដងផ្លូវសំខាន់ៗ ព្រមជាមួយការដាក់រៀបចំនូវគោលដៅរបស់នគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំនេះផងដែរ។ យុទ្ធនាការក៏មានចងបដាដែលមានខ្លឹមសារ “ពិសាគ្រឿងស្រវឹង កុំបើកបរ” ការរំលឹកតាមឧឃោសនស័ព្ទនូវសារអប់រំជាច្រើនដែលក្នុងនោះមានរំលេចនូវផលវិបាកស្ដីពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង បូករួមទាំងការចែកប័ណ្ណប្រកាសអប់រំឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរបានដឹងពីឥរិយាបទខុសឆ្គងដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងជៀសវាងការប្រព្រឹត្តិកំហុសទាំងនោះ។

រៀងរាល់ឆ្នាំប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅជួបជុំគ្រួសារ ទៅកាន់រមណីយដ្ឋាននានា ឬទៅចូលរួមការប្រារព្វ ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ នៅក្នុងរាជធានីភ្នំពេញ។ យោងតាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកបាត់បង់ជីវិត កើនឡើងក្នុងអំឡុងពេលពិធីបុណ្យជាតិនេះដោយហេតុរួមផ្សំច្រើនយ៉ាង ក្នុងនោះរួមមាន៖ ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព ។ល។ ជាក់ស្តែងប្រសិនបើអ្នកបើកបរគាត់ស្រវឹងហើយ ទៅកាន់បញ្ជាដៃចង្កូតនៅលើដងផ្លូវសាធារណ នោះសោកនាដកម្មអាចនឹងត្រូវកើតឡើងក្នុងសភាពធ្ងន់ធ្ងរដោយស្មានពុំដល់។ អាស្រ័យ ហេតុនេះ សាលាខេត្តព្រះសីហនុ កាកបាទក្រហមកម្ពុជា ក្រោមការចូលរួមសហការពីដៃគូពាក់ព័ន្ធនានា បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនេះឡើងដើម្បីក្រើនរំលឹកប្រជាពលរដ្ឋអ្នកធ្វើដំណើរឱ្យបានយល់ដឹង និងការពារខ្លួនឱ្យជៀសផុតអំពីគ្រោះថ្នាក់ចរាចរណ៍នេះបាន។

តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងរយៈពេល ត្រីមាសទី៣ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធអទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយានយន្ត ៣% និងងងុយ១%។ ប្រៀបធៀបឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ២៣៨លើក (៩៨៨/៧៥០លើក) ស្មើ៣២% ស្លាប់កើនឡើងចំនួន ១០៥នាក់ (៤៨៨/៣៨៣នាក់) ស្មើ២៧% និងរបួសកើន ៤៤៦នាក់ (១,៤៩៤/ ១,០២៨) ស្មើ៤៥%។ ពោលគឺចំនួននេះ គឺកើនឡើងគួរឲ្យព្រួយបារម្ភ ហើយអ្នកស្លាប់នាំមុខភាគច្រើននៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ សាលាខេត្តព្រះសីហនុ APIWSA ព្រមទាំងដៃគូដែលបានចូលរួមទាំងអស់ រំពឹងថាផលដែលទទួលបានពីការងារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះនឹងអាចចូលរួមទប់ស្កាត់ឲ្យចំនួនអ្នកបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេលបុណ្យទានធំៗ ឲ្យថយចុះជាងឆ្នាំមុនៗ។

អត្ថបទ៖ រ័ត្ន

មតិយោបល់