• 2020-01-13 07:07:47
  • ការអប់រំ

ក្រសួងការបរទេសជប៉ុន អញ្ជើញយុវជន​កម្ពុជា​២៥នាក់ ទៅទស្សនកិច្ចនៅជប៉ុន

  • 2020-01-13 07:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាចំនួន២៥រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថាJENESYS 2019។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលSabay ទើបទទួល​បាន​។

ប្រភពពីសេចក្ដីប្រកាសព័ត៌មាន​បាន​បន្ដថា អ្នកចូលរួមទាំងអស់ត្រូវបានជ្រើសរើស ដោយវគ្គជម្រុះដំបូងក្នុងចំណោមបេក្ខជនដាក់ពាក្យសរុប ៤៨៨រូប ស្មើនឹង១២២ក្រុម និងវគ្គប្រកួតផ្តាច់ព្រ័ត្រ មានបេក្ខជន សរុបចំនួន៤៨រូប ស្មើនឹង១២ក្រុម ដែលបានធ្វើបទបង្ហាញក្រោមប្រធានបទ «ស្រុកកំណើតខ្ញុំ» កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈ មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

អ្នកចូលរួម នឹងទៅទស្សនកិច្ចនៅខេត្តតុគឹស៊ីម៉ា ដែលជាខេត្តម្ចាស់ផ្ទះទទួលក្រុមកីឡាករជម្រើសជាតិកម្ពុជាចូលរួមការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ ២០២០ និងមានរបាំប្រពៃណីដ៏ល្បីប្រចាំតំបន់គឺអាវ៉ាអូដូរី។ អំឡុងពេលទស្សនកិច្ចនៅតុគឹស៊ីម៉ា ពួកគាត់នឹងសាកល្បងរាំរបាំអាវ៉ាអូដូរី និងចូលរួម កម្មវិធីផ្លាស់ប្តូរជាមួយនឹងនិស្សិតសាកលវិទ្យាល័យនៅទីនោះ។ ពួកគាត់ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយនឹងអភិបាលខេត្តតុគឹស៊ីម៉ា ព្រមទាំងទទួលយកបទពិសោធន៍ស្នាក់នៅផ្ទះជនជាតិជប៉ុន និងវប្បធម៌ជប៉ុនផងដែរ។

កម្មវិធីJENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញ យុវជនកម្ពុជាប្រមាណជា ២ ១០០នាក់ហើយតាំងពីឆ្នាំ២០០៧មក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់