• 2020-01-20 02:34:28
  • ការអប់រំ

ក្រោយ​​​វាយ​តប់​គ្នា​ច្រើន​​ករណី​ និង​រហូត​​ដល់​ស្លាប់​ តើ​ក្រសួង​​អប់រំ​មាន​ចំណាត់​ការ​បែប​ណា​?

  • 2020-01-20 02:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ឆ្នាំ​២០២០​ ពោល​គឺ​​​គ្រាន់​តែ​ខែ​​មករា​​មួយ​ កើត​មាន​​ករណី​វាយ​​តប់​គ្នា​​ជា​ច្រើន​​ករណី​ ហើយ​ករណី​ចុង​ក្រោយ​បង្អស់​​គឺ​ កើត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​ និង​​បាន​បណ្ដាល​​ឱ្យ​សិស្ស​សាលា​​​ឯក​ជន​មួយ​​​​បាត់​បង់​ជីវិត។ ករណី​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​​​​​ផ្ទុះ​​ការ​ព្រួយ​​បារម្ភ​យ៉ាងខ្លាំង ​​ដោយ​ហេតុ​ថា​ មានករណី​ស្លាប់​ ហើយករណីខ្លះ​ជន​បង្ក​​ហិង្សា​ជា​​ផ្ដើម​ចេញ​ពី​​​ក្មេង​ស្រី​វ័យ​​ជំទង់​។

លោក រស់ សុ​វាចា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​​បាន​​មាន​ប្រសាសន៍​តាម​រយៈ​បណ្ដាញ​សង្គម​ Telegram ថា​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​នឹង​កំពុង​មាន​ការ​ណែនាំ​​ដល់មន្ទីរ​អប់រំ ​យុវជន និង​កីឡា រាជធានី-ខេត្ត ដើម្បី​ចូល​រួម​ពង្រឹង​ណែនាំ​ដល់​លោក​គ្រូ-អ្នក​គ្រូ​ ប្រចាំ​ថ្នាក់​ឲ្យ​បន្ត​ការ​ណែនំា​សិស្សានុសិស្ស និង​ការ​ពង្រឹង​ក្រុម​ប្រឹក្សា​យុវជន ​និង​ក្រុម​ប្រឹក្សា​កុមារ ដើម្បី​ចូល​រួម​ទប់​ស្កាត់​បាតុភូត​នានា​។ លោក​បាន​អំពាវនាវ​ឲ្យ​បន្ត​មាន​ការ​ចូល​រួម​វិជ្ជមាន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ជាពិសេស​ពី​សំណាក់​មាតាបិតា ​សហគមន៍​អាជ្ញាធរ ​ដើម្បី​ទប់​ស្កាត់​ករណី​ទាំង​អស់​នេះ ​ ហើយ​ថ្ងៃទី​២០ ​ខែ​មករា​ ឆ្នាំ​ ២០២០ ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា​ នឹង​ចេញ​ផ្សាយ​សេចក្ដី​ជូន​ដំណឹង​មួយ​​ជុំវិញ​​ករណី​នេះ​។​ "ខ្ញុំ​សូម​ចូល​រួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព សូម​វិញ្ញាណក្ខន្ធ​ប្អូន​បាន​ទៅ​កាន់​សុគតិភព​”។

​​​​យុវជន​ម្នាក់​​ឈ្មោះ​ ​សំ សន្ធិ​វង្ស អាយុ​១៤​ឆ្នាំ​ រៀន​ថ្នាក់​ទី​៩​ ឃ នៅ​សាលា​អន្តរទ្វីប​អាមេរិកាំង (AIS)​ ត្រូវ​យុវជន​ម្នាក់​ទៀត​មាន​​ឈ្មោះ​​ នី លី​ស៊ា​ង ​វាយ​សម្លាប់​កាល​​​​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មករា​​ ចុង​សប្ដាហ៍​មុន​ ខណៈ​យុវតី​បួន​នាក់​ផ្សេង​ទៀត​​រៀន​នៅ​វិទ្យាល័យ​​ផ្សារ​ដើម​ថ្កូវ​​ បាន​​រង​ការ​ចោទ​ប្រកាន់​​​ពី​អាណាព្យាបាល​​យុវតី​រង​គ្រោះ​​ម្នាក់​ឈ្មោះ​ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ​ព្រួត​​គ្នា​វាយ​​យ៉ាង​សាហាវ​ ​ក្នុង​ថ្នាក់​រៀន​។ ​ហេតុ​ការណ៍​នេះ​ បាន​កើត​មាន​ឡើង​​តាំង​ពី​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ​ប៉ុន្តែ​បាន​​ផ្ទុះ​ឡើង​ក្រោយ​បែក​ធ្លាយ​​វីដេអូ​គ្លីប​កាល​ពី​​រសៀល​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ ហើយ​ករណី​នេះ​នៅ​មិនទាន់​ដាច់​ស្រេច​​នៅ​​ឡើយ​ទេ​ ពោល​គឺ​​អាច​នឹង​មាន​ការ​ប្ដឹង​ទៅ​តុលាការ​ទៀត​ផង​។

ករណី​​ហិង្សា​ដូច​គ្នា​នេះ​​ក៏​​បាន​កើត​ឡើង​លើ​​យុវតី​សិស្ស​សាលា​​ ក្នុង​ស្រុក​​មេសាង​ ខេត្ត​ព្រៃវែង​ផង​ដែរ​។ យុវតី​បង្ក​មាន​​ឈ្មោះ ចាន់រី ​ជា​សិស្សថ្នាក់ទី១១ នៅ​វិទ្យាល័យ​មេសាង ​កើត​ហេតុ​តាំង​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ និង​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ​កាល​ពី​ថ្ងៃ​ទី ១៣​ ខែ​​មករា​ ក្រោយ​បែក​ធ្លាយ​​វីដេអូ​ចែក​ចាយ​ ក្នុង​បណ្ដាញ​សង្គម​។ យុវតី ចាន់រី ​មាន​បក្ខ​ពួក​ជា​ច្រើន​នាក់ ​បាន​ស្ទាក់​ម៉ូតូ​របស់​យុវតី​ចំនួន ​៤​នាក់​ផ្សេង​ទៀត ​​មក​ពី​ស្រុក​ផ្សេង​ ​ដោយ​បាន​ទះ​កំផ្លៀង និង​បាន​ប្រើ​ប្រាស់​ពាក្យ​សំដី​មិន​សមរម្យ។ យុវតី​​ខាង​លើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​​ឱ្យ​វិល​ទៅ​កាន់​លំនៅឋាន​វិញ​ក្រោយ​​ធ្វើ​ការ​អប់រំ​រួច​៕

មតិយោបល់