- 2020-02-28 10:07:39
- ព័ត៌មាន
កម្ពុជាត្រៀមកោះប្រជុំក្រុមការងារពិសេស ត្រៀមអនុវត្តផ្ទាល់ការពារពីវីរ៉ុសកូរ៉ូណា នៅកូរ៉េខាងត្បូង
- 2020-02-28 10:07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាត្រៀមកោះប្រជុំក្រុមការងារពិសេស ត្រៀមអនុវត្តផ្ទាល់ការពារពីវីរ៉ុសកូរ៉ូណា នៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ស្អែកនេះស្ថានទូតកម្ពុជានឹងកោះអញ្ជើញក្រុមការងារពិសេសរបស់យើង ដើម្បីបន្តយកធាតុចូលទាំងឡាយហើយដាក់ចេញជាវិធានការអនុវត្តជាក់ស្ដែងដល់មូលដ្ឋានទាំងអស់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ។ នេះបើយោងតាម លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានសរសេរនៅលើគណនីរបស់ខ្លួន កាលពីរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ២០២០។
ការប្រកាសអំពីស្ថានទូតកោះប្រជុំក្រុមការងារពិសេសរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់ពី បណ្ដាទូតមកពីប្រទេសអាស៊ានទាំងអស់រួមទាំងទីម័រខាងកើត បានរួមប្រជុំគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ដើម្បីបន្តតាមដានស្ថានភាពបច្ចុប្បន្ននៃការវិវត្តរីករាលដាលជំងឺឆ្លង covid19 ដើម្បីពិភាក្សារកវិធានការសហការគ្នាជាមួយអាជ្ញាធរកូរ៉េ និងយល់ពីវិធានការ ដែលបានដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ ក៏ដូចជាពីរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន។
កូរ៉េខាងត្បូង ត្រូវបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៥៦ករណីទៀត គិតត្រឹមថ្ងៃសុក្រ ទី២៨ កុម្ភៈ ឆ្នាំ២០២០ នេះ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២ ០២២នាក់ ខ្ពស់បំផុតលើពិភពលោកសម្រាប់ប្រទេសក្រៅពីចិន។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរប្រមាណជា៦ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។ យ៉ាងណាមិញ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានប្រាប់វិទ្យុបារាំង កាលពីថ្ងៃទី ២៦ កុម្ភៈ កន្លងទៅនេះថា រហូតមកដល់ពេលនេះ មិនមានពលរដ្ឋខ្មែរណាម្នាក់បានឆ្លងមេរោគ Covid-19 នេះទេ ខណៈមានពលរដ្ឋខ្មែរជាច្រើនបានរស់នៅក្នុងតំបន់ ដែលឆ្លងជំងឺររលាកផ្លូវដង្ហើមមួយនេះ។ ទោះយ៉ាងណា លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ស្ថានទូតកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអន្តរាគមន៍ ប្រសិនបើមានករណីជាយថាហេតុណាមួយកើតឡើងចំពោះពលរដ្ឋខ្មែរ៕