• 2020-03-03 01:19:56
  • ព័ត៌មាន

វៀតណាម នឹងព្យួរការលើកលែងទិដ្ឋការសម្រាប់ជនជាតិអ៊ីតាលី ព្រោះវីរុសកូរ៉ូណាឆ្លងលឿនពេក

  • 2020-03-03 01:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម នឹងផ្អាកការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ជនជាតិអ៊ីតាលី ចាប់ពីថ្ងៃអង្គារនេះតទៅ ដោយសារមានការព្រួយបារម្ភអំពីវីរុសកូរ៉ូណា (COVID-19) ។

រដ្ឋាភិបាលវៀតណាមបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃច័ន្ទថា “រដ្ឋាភិបាលនៃប្រទេសវៀតណាម បានសម្រេចចិត្តព្យួរការលើកលែងទិដ្ឋការជាបណ្តោះអាសន្ន សម្រាប់ពលរដ្ឋមកពីប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី៣ ខែមីនា ចំពេលមានការឆ្លងវីរុសកូរ៉ូណាលឿនខ្លាំង នៅក្នុងប្រទេសអ៊ឺរ៉ុប”។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំសម្រាប់ការការពារវីរុសកូរ៉ូណា កាលពីថ្ងៃច័ន្ទ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ពលរដ្ឋអ៊ីតាលី មិនតម្រូវឲ្យដាក់ពាក្យសុំទិដ្ឋាការទេ ប្រសិនបើការស្នាក់នៅរបស់ពួកគេនៅវៀតណាមតិចជាង ១៥ថ្ងៃ។

ជាមួយគ្នានេះដែរ វៀតណាម អាចនឹងព្យួរការលើកលែងទិដ្ឋការជាបណ្តោះអាសន្ន សម្រាប់ពលរដ្ឋកូរ៉េខាងត្បូងដែរ ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍។ គួរឲ្យដឹងថា អ៊ីតាលី គឺជាប្រទេសទី៣ ដែលមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាច្រើនបំផុត បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់