• 2020-03-05 03:14:31
  • ព័ត៌មាន

អភិបាលខេត្តសៀមរាប បើកការស្រាវជ្រាវរឿងជនជាតិជប៉ុនដែលចេញពីកម្ពុជាថាមានផ្ទុកវីរុស Covid-19

  • 2020-03-05 03:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហើយ​អភិ​បាល​ខេត្ត​បានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ។ ថ្មីៗ​នេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះ​ជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែល​បាន​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប​ឆ្លង​កាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួច​បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​បង្ហោះ​នៅលើផេកហ្វេសបុករបស់ រដ្ឋបាលខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី ៥ មីនា នេះ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ថា ជន​ជាតិជប៉ុន​រូប​នេះ​គឺគាត់​ជា​អ្នករស់​នៅ​និង​ប្រកបអាជីវកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប​មិន​មែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ​ទេសចរណ៍​នោះ​ទេ។ អាជ្ញាធរ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​នេះ​ដោយ​បាន​សហការ​ជាមួយ​នឹង​កុងស៊ុល​ជប៉ុន​ប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។

តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។ ម្យ៉ាង​វិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។

ទន្ទឹមគ្នានេះ អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង សហការ ជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើ​ទោះ​បីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ អភិបាលខេត្តក៏បាន​អំ​ពាវនាវឲ្យសាធារណជន អ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​រង់​ចាំការ​ផ្សព្វ​ផ្សាយ​ជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏​ដូច​ជា​ក្រសួង​សុខាភិ​បាល​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

មតិយោបល់
អត្ថបទថ្មី