• 2017-06-29 09:31:33
  • ការអប់រំ

៥ចំណុចសំខាន់ៗបំផុត សិស្សថ្នាក់ទី១២ គួរ​ត្រៀម​មុន​ប្រឡង​បាក់​ឌុប​១​ខែ

  • 2017-06-29 09:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​យូរ​ប៉ុន្មាន​ទេ ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៧​ជិត​មក​ដល់​ហើយ​។ តើ​សិស្ស​ថ្នាក់​ទី​១២​ទាំង​អស់​គួរ​ត្រៀម​អ្វី​ខ្លះ? មក​ជួប យុវតី ឈាវ រចនា បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ជា​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​ជា​អតីត​សិស្សពូកែ នៅ​​វិទ្យាល័យ​​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស​ B ​កាល​ពី​ឆ្នាំ ២០១២ បាន​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់ៗ​ដូច​ខាង​ក្រោម​៖​

១. រំឭក​មេរៀន​ និង​អនុវត្ត​លំហាត់​ឱ្យ​ស្ទាត់

អតីត​ជា​សិស្ស​ឆ្នើម​ ប្រចាំ​វិទ្យាល័យ​បាក់ទូក​រូប​នេះ ​ប្រាប់​គន្លឹះ​សំខាន់​បំផុត ហើយ​មនុស្ស​ភាគ​ច្រើន​ក៏​អាច​ដឹង​នោះ គឺ​រំឭក​មេរៀន​តាំង​ពី​ដើម​ឆ្នាំ​គ្រប់​មុខ​វិជ្ជា​ឡើង​វិញ​ ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត មិន​ថា​អ្នក​រៀន​ថ្នាក់​សង្គម​ក្ដី ឬ​វិទ្យាសាស្ត្រ​ពិត​ក្ដី។ យុវតី​រូប​នេះ​បន្ថែម​ទៀត​ថា មេរៀន​ដែល​ធ្លាប់​រៀន​កន្លង​មក​គួរ​ចាប់​ផ្ដើម​រំឭក​ឡើង​វិញ​ពី​ថ្ងៃ​នេះ​ទៅ មិន​មែន​ជិត​ដល់​ថ្ងៃ​ប្រឡង​ចាំ​រំឭក​នោះ​ទេ ព្រោះ​គ្មាន​ប្រសិទ្ធភាព​។ ដោយ​ឡែក​ចំពោះ​មុខ​វិជ្ជា គណិត រូប គីមី ជីវ គួរ​អនុវត្ត​លំហាត់​ឡើង​វិញ​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ថា ពិត​ជា​អាច​ធ្វើ​បាន​ និង​យល់​ច្បាស់​ដោយ​ពិត​ប្រាកដ។ ​

២. មើល​និង​អនុវត្ត​វិញ្ញាសា​ប្រឡង​កាល​ពី​ឆ្នាំ​មុនៗ

ឈាវ រចនា យុវតី​ពូកែ​តែង និង​សូត្រ​កំណាព្យ​បាន​យ៉ាង​ល្អ​រូប​នេះ បន្ត​ទៀត​ថា ជា​គន្លឹះ​សំខាន់​របស់​ខ្លួន​តែ​ម្ដង​គឺ ទៅ​មើល​វិញ្ញាសា​ប្រឡង​កាល​ពី​ឆ្នាំ​មុនៗ​តាម​រយៈ​ការ​សាកសួរ​លោកគ្រូ អ្នក​គ្រូ សិស្ស​ច្បង ឬ​តាមរយៈ​ឯកសារ​ផ្សេងៗ។ បន្ទាប់​ពី​ស្រាវជ្រាវ​ហើយ ត្រូវ​យក​លំហាត់​ ឬ​វិញ្ញាសា​ប្រឡង​ទាំង​នោះ​មក​រៀន​ធ្វើ​ដោយ​ផ្ទាល់​តែ​ម្ដង ដើម្បី​ស្ទង់​សមត្ថភាព​របស់​ខ្លួន​ ថា​តើ​អាច​ទៅ​រួច​ដែរ​ឬទេ? ប្រសិន​បើ​ស្ទើរ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ដើម្បី​អាច​ប្រឡង​ជាប់​និទ្ទេស​ល្អ​។ យុវតី​រូប​នេះ​លើក​ឡើង​ទៀត​ថា ជួន​កាល​លំហាត់​ខ្លះ​ អាច​ចេញ​ម្ដង​ទៀត​ក៏​មាន​ដែរ ម្យ៉ាង​វិញ​ទៀត​នេះ​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​។

៣. សង្ខេប​មេរៀន និង​រូបមន្ត​មុខ​វិជ្ជា​សំខាន់ៗ

យុវតី​ដែល​ធ្លាប់​ចូលរួម​ការ​ប្រកួត​ប្រជែង​សមត្ថភាព​នានា​ តាំង​ពី​កុមារភាព​រូប​នេះ លើក​ឡើង​មួយ​ចំណុច​ទៀត​ថា សិស្ស​ត្រៀម​ប្រឡង​បាក់ឌុប​ទាំង​អស់ គួរ​តែ​ឆ្លៀត​ពេល​សង្ខេប​មេរៀន​សំខាន់ៗ​ឡើង​វិញ ដើម្បី​បង្កើន​ការ​ចងចាំ និង​ទំនុក​ចិត្ត​តាម​រយៈ​ការ​កត់​ត្រា​មេរៀន​ទាំង​នោះ ស្រង់​យក​ចំណុច​សំខាន់ ឬ​ខ្លឹមសារ​មេរៀន​។ រចនា ប្រាប់​ទៀត​ថា ចំពោះ​មុខ​វិជ្ជា​ដែល​ត្រូវ​ការ​គណនា​ ដូចជា​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា និង​គីមីវិទ្យា គួរ​សង្ខេប​រូប​មន្ត​ចងក្រង​ទុក​ ព្រោះ​ថា​ការ​គណនា​សំខាន់​បំផុត​គឺ​រូប​មន្ត បើ​ចាំ​រូបមន្ត​ប្រៀប​ដូច​ជា​ចេះ​ធ្វើ​លំហាត់​នោះ​បាត់​ទៅ​ហើយ​។ ដូច​នេះ​ទាំង​ទ្រឹស្ដី ទាំង​គណនា​ត្រូវ​ច្បាស់​ទាំង​អស់​។

៤. កុំ​សម្រុក​ខ្លាំង​ តែ​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

មក​ដល់​ចំណុច​នេះ យុវតី​ខាង​លើ​បាន​ប្រាប់​ថា កុំ​ព្យាយាម​សម្រុក​ខ្លាំង​ពេក​ដូចជា​ការ​រៀន​គួរ​ជា​ដើម ព្រោះ​វា​មិន​បាន​ជួយ​ឱ្យ​ចេះ​កាន់​តែ​ខ្លាំង​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​អាច​ធ្វើ​ឱ្យ​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​។ ជា​ដំណោះ​ស្រាយ​ល្អ​មិន​គួរ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ភ័យ ឬ​សម្រុក​ខ្លាំង​ពេក​ទេ តែ​ត្រូវ​សម្រួល​អារម្មណ៍ ទន្ទេញ​មេរៀន ឬ​ធ្វើ​លំហាត់​ដោយ​ស្ងប់​ចិត្ត។ ចំណុច​ដែល​សំខាន់​បំផុត​នោះ គឺ​រៀន​ឱ្យ​យល់​កុំ​ចាំ ប្រសិន​គ្រាន់​តែ​ចាំ​គឺ​អាច​ភ្លេច​ទៅ​វិញ ប៉ុន្តែ​ប្រសិន​បើ​យល់​ច្បាស់​វិញ​ទោះ​ទៅ​ប្រឡង​ទីណា​ក៏​មិន​ភ័យ​ដែរ។

៥. ​ថែរក្សា​សុខភាព​ឱ្យ​ល្អ

ចំណុច​ចុង​ក្រោយ យុវតី​រូប​នេះ​បាន​ប្រាប់​ថា ពេល​ដែល​ត្រៀម​គ្រប់​យ៉ាង​សព្វគ្រប់​ហើយ​ គឺ​ការ​ថែ​រក្សា​សុខភាព​ឱ្យ​ល្អ​រង់ចាំ​ថ្ងៃ​ប្រឡង កុំ​រៀន​ភ្លេច​បាយ​ភ្លេច​ទឹក នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ គួរ​ញ៉ាំ​ឱ្យ​ឆ្អែត​ គេង​ឱ្យ​គ្រប់គ្រាន់​ទើប​មាន​កម្លាំង​ប្រឡង​បាន​៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម