• 2019-10-11 03:48:10
  • ចរាចរណ៍

ការ​រំលោភ​ចំណី​ផ្លូវ​​នឹង​លែងមាន​ ពេល​ក្រុម​មន្ត្រី​នេះបង្កើត​រួច

  • 2019-10-11 03:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​សាធារណការ និង​ដឹ​កជញ្ជូន​កំពុង​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​បង្កើត​អធិការកិច្ច​ផ្លូវ​ថ្នល់​ដែលថា​នឹងមាន​ដែន​សមត្ថកិច្ច​ដូច​នគរបាល​យុត្តិធម៌ដើម្បី​ចាប់​បង្ខំឲ្យ​មានការ​អនុវត្ត​ច្បាប់​ផ្លូវ​ថ្នល់។

ក្នុង​កិច្ច​ប្រ​ជុំស្ដីពី​ការ​រៀបចំសារពើភ័ណ្ឌ​ផ្លូវ​ថ្នល់​កាល​ពី​ថ្ងៃទី៨ ខែ​តុលា ឆ្នាំ២០១៩ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើទំព័រ​ហ្វេស​ប៊ុក​ក្រ​សួង​នៅ​ថ្ងៃនេះ​ រដ្ឋលេខាធិការ​ក្រ​សួងសាធារណការ​ឯកឧត្តម លឹម ស៊ីដេនីន ថ្លែង​ថា​ក្រុមការងា​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើភ័ណ្ឌ​ផ្លូវ​ថ្នល់​រាល់​ប្រាំមួយ​ខែ​ម្ដង។ ការ​ធ្វើ​ដូចនេះ​ឯកឧត្តម​បញ្ជាក់ថា​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការគ្រប់គ្រង ការសាងសង់ ជួសជុល ថែទាំ ពង្រីក និង​លើក​កម្ពស់​គុណភាព​ផ្លូវ​ជា​ដើម។

បន្ថែមពីនេះឯកឧត្តម​ឲ្យដឹងទៀតថា​៖ «ការគ្រប់គ្រងដីចំណីផ្លូវទាំងក្នុង និងក្រៅទីប្រជុំជនគឺត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអនុវត្តច្បាប់ និងបទបញ្ញត្តិនានាដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសោភណ្ឌភាពផ្លូវថ្នល់ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស ជាពិសេសកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍»។

(រូបភាព៖ ក្រ​សួង​សាធារណការ)

ឯកឧត្តម​បន្តថា៖ «ក្រសួងបាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើតមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដែលមានដែនសមត្ថកិច្ចដូចប៉ូលិសយុត្តិធម៌ ដើម្បីចាប់បង្ខំការអនុវត្តច្បាប់ផ្លូវថ្នល់ និងបទបញ្ញត្តិនានាទាក់ទងនឹងផ្លូវថ្នល់ សំដៅរក្សាឱ្យបាននូវស្ថិរភាពនិងសោភណ្ឌភាពផ្លូវថ្នល់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម