• 2019-11-04 07:27:05
  • សេដ្ឋកិច្ច

កម្ពុជាបានប្រកាសបើកដំណើរការផ្លូវការ រោងចក្រផលិត «មីជាតិ»

  • 2019-11-04 07:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន One More Manufacturing Co. Ltd បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតមីដ៏ទំនើប និងដំបូងគេ រួមផ្សំនឹងគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា ក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត “មីជាតិ” ត្រូវបានធ្វើឡើងក្រោមរូបភាពដើម្បីសាទរ និងបង្ហាញទៅដល់សាធារណជនអំពីសមិទ្ធិផលថ្មីមានគុណភាពរបស់កម្ពុជាលើផ្នែកផលិតចំណីអាហារ ក្រោមស្លាកសញ្ញា“មីជាតិ”។ មីជាតិ ត្រូវបានផលិតដោយស្នាដៃខ្មែរ រក្សានូវបែបផែនរសជាតិខ្មែរ ជាមួយនឹងគុណភាពខ្ពស់ប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន និងរួមជាមួយគ្រឿងផ្សំក្នុងស្រុក និងបរទេសដែលមានគុណភាព ដូចជាប្រទេសអូស្រ្តាលី សិង្ហបុរី និងម៉ាឡេស៊ី។

នៅក្នុងពិធីនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd បានគូសបញ្ជាក់ថា នេះជាក្តីរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានទុកចិត្ត និងគាំទ្រលើដំណើរការនៃរោងចក្រផលិត “មីជាតិ” នេះឡើង ហើយនេះបានផ្តល់ក្តីសង្ឃឹមមួយដ៏មុតមាំចំពោះលោកជំទាវ ជាអ្នកវិនិយោគទុកម្នាក់ជាមួយនឹងក្រុមការងារក្នុងការប្រឹងប្រែងធ្វើឲ្យដំណើរការនៃរោងចក្រនេះឆ្ពោះទៅមុខឥតឈប់ឈរ។

មីជាតិ ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។ វត្តមាននៃសមិទ្ធិផលថ្មីនេះលើទីផ្សារ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ។ យើងជឿជាក់ថា ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។ នេះជាប្រសាសន៍លោកជំទាវ ជឹង សុគន្ធាវី។

ក្នុងពិធីនេះផងដែរ ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ចេញទស្សនៈអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន One More Manufacturing Co. Ltd ដែលបានវិនិយោគលើរោងចក្រផលិត “មីជាតិ”នៅកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះ ឯកឧត្តម ក៏បានជូនពរដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន One More Manufacturing Co. Ltd ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានការរពេញនិយមចូលចិត្តបរិភោគពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ដើម្បី ឈានទៅរកការពង្រឹងអជីវកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀតនៅក្នុងវិស័យនេះ ក៏ដូចជាវិស័យដទៃទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងការគាំទ្រទៅលើការបង្កើត និងសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត “មីជាតិ” នេះឡើង។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចដំណើរការនៃរោងចក្រមីក្នុងស្រុកដ៏ធំ និងទំនើបនេះ ក៏បានបង្ហាញពីការរួមចំណែកមួយថ្មីទៀតពីវិស័យឯកជនកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ក៏ដូចជាការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ដែលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។

ទាក់ទង់នឹងគោលបំណងនៃការបង្កើតរោងចក្រមីនេះឡើង លោកជំទាវនាយិកាបានបន្ថែមថា ការបង្កើតរោងចក្រ ផលិតមីនេះឡើង បានភ្ជាប់នូវគោលបំណងចម្បង៣ គឺទី១ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារក្នុងស្រុកអោយមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង។ ពោលគឺ សំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស។ ទី២ គឺដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក ដែលប្រកបដោយអនាម័យ សុវត្ថិភាព និងស្តង់ដាសមស្រប។ និងទី៣ គឺ ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រោមពាក្យស្លោកថា “មីជាតិ" ស្នាដៃខ្មែរ រសជាតិខ្មែរ” មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។

ចំពោះផលិតផលមី គេអាចនិយាយថា ជាអាហារប្រចាំថ្ងៃមានប្រជាប្រិយបន្ទាប់ពីការបរិភោគបាយ និងចំណាយវេលាតិចក្នុងការចំអិន ដែលសមស្របចំពោះអ្នកដែលមានពេលវេលាតិច និងមិនមានពេលគ្រប់គ្រាន់ក្នុងការចំអិន។ ផលិតផលមួយនេះ ពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃ ល្ងាច ឬយប់។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ លោកជំទាវនាយិកាបានផ្តាំផ្ញើថា គ្មានអ្នកណា គាំទ្រផលិតផលខ្មែរក្រៅពីខ្មែរនោះទេ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រ និងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជឿជាក់ថា ផលិតផល “មីជាតិ” ថ្មីនេះ ពិតជាទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះដូចអ្វីដែលលោកជំទាវអគ្គនាយិការក្រុមហ៊ុនបានគូសបញ្ចាក់ស្រាប់ថា មីជាតិត្រូវបានផលិតឡើងប្រកបដោយស្តង់ដាអន្តរជាតិខ្ពស់ ពោលគឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អិន ហើយរោងចក្របំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបរបស់ជប៉ុន។ ចំណែកឯរសជាតិទៀតសោត ក៏ធ្វើឡើងដើម្បីតម្រូវចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដូចទៅនឹងពាក្យស្លោករបស់មីជាតិ ដែលថា “ស្នាដៃខ្មែរ រសជាតិខ្មែរ”។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ បង្កើនការគាំទ្រផលិតផលក្នុងស្រុកឲ្យបានខ្លាំងក្លា ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុករបស់យើង។

ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់ក្រុមហ៊ុនឯកជនទាំងអស់ សូមកុំផ្តោតតែលើប្រាក់ចំណេញមួយមុខ ប៉ុន្តែត្រូវខិតខំធ្វើការងារ សំដៅធានាឲ្យក្រុមហ៊ុនមានអនុលោមភាពជាមួយក្រឹត្យក្រម និងស្តង់ដាបរិស្ថាន ការបង់ពន្ធជូនរដ្ឋ និងការទទួលខុសត្រូវផ្នែកសង្គមឲ្យបានជាអតិបរិមាផងដែរ។

បន្ទាប់ពីពិធីកាត់ខ្សែបូ និង ពិធីចុះហត្ថលេខាលើក្រាំងមាស គណៈអធិបតី និងថ្នាក់ដឹកនាំបានចូលទស្សនាក្នុងរោងចក្រផលិតមី ដើម្បីយល់ដឹងច្បាស់ពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និងទទួលស្គាល់ពីដំណើរការផលិតមីនៅក្នុងរោងចក្រកម្ពុជា។ គួរបញ្ចាក់ដែរថា ពិធីសម្ភោធនេះ មានការចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករងទី២ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ សិស្ស និសិ្សត អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណ ១ ៣០០នាក់ ដែលបានប្រព្រឹត្តទៅនៅរោងចក្រផលិត “មីជាតិ” ក្នុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទពេញនិយម