• 2019-11-07 04:52:22
  • សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន បង្ហើប​មូល​ហេតុ​អាច​នាំឲ្យ​ខ្វះ​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​ក្រោយ​

  • 2019-11-07 04:52:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ ហ៊ុន សែន​ នៅ​ព្រឹក​នេះ​បាន​ថ្លែង​សុំ​អភ័យទោសជាមុន​ដល់​ប្រ​ជា​ពល​រដ្ឋ និង​ពាណិជ្ជករចំពោះ​រឿង​ដែល​អាច​ខ្វះ​ខាត​ថាម​ពល​អគ្គិសនី​នៅពេល​ខាង​មុខ ដោយថា​ថាមពលអគ្គិសនី​បាន​ពីទំនប់​វារីអគ្គិ​សនី​​អាច​ផលិត​បាន​តិចជាង​ធម្មតា​ដោយសារ​កម្រិតទឹក​បាន​ធ្លាក់ចុះ​កាន់តែ​ទាប​។

នៅ​លើទំព័រហ្វេស​ប៊ុក របស់សម្តេច ហ៊ុន សែន នាព្រឹក​នេះ​បាន​សរសេរថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គិសនីដែលអាចកើតមានឡើងនាពេលខាងមុខ។ ការផលិតអគ្គីសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ»។

ប្រ​ភព​ដដែល​បន្តថា​តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល កាលម្សិលមិញ គឺការផលិតថាមពលអគ្គីសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១ ៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ ទៅ ១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គីសនី។

ប្រភព​បដដែល​សរសេរបន្តថា៖ «សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គីសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។ យើងសង្ឃឹមថាការរៀបចំដំឡើង​នឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក (ម៉ាស៊ីនអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីនអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់»។

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម