• 2020-01-17 03:09:43
  • សេដ្ឋកិច្ច

ការពង្រឹងសមត្ថភាពស្រ្តីលើការគ្រប់គ្រង​ហិរញ្ញវត្ថុ ដោយផ្តោតលើការប្រើប្រាស់ទម្រង់ឌីជីថល

  • 2020-01-17 03:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ចាប់ផ្តើមដំណើរការគម្រោងរយៈពេលមួយឆ្នាំ ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជា ដោយផ្តោតលើការប្រើប្រាស់ទម្រង់ឌីជីថល។

គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” នឹង រួមចំណែកក្នុងការជំរុញការចូលរួមពីយុវតីនិងសហគ្រិនស្រ្តី ជាពិសេសប្រជាជននៅតាមជនបទ រួមបញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដល់មន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជាឲ្យបានកាន់តែប្រសើរជាងមុន។

ការចាប់ផ្តើមកម្មវិធីក្នុងថ្ងៃនេះ រួមបញ្ចូលនូវសិក្ខាសាលាមួយចំនួនដែលទាក់ទងនឹងបញ្ហាជុំវិញចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងអនុសាសន៍សម្រាប់ការអភិវឌ្ឍ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់សហគ្រិនស្ត្រី។ គម្រោងនេះនឹងរៀបចំឲ្យមានជាព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅនៅខេត្តព្រះវិហារ សៀមរាប ក្រចេះ និងស្ទឹងត្រែង ក្រោមប្រធានបទដូចជា៖ “ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលសម្រាប់ការអភិវឌ្ឍសហគ្រិនភាព” និង “ការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព”។ នៅតាមបណ្តាខេត្តនីមួយៗខាងលើ កម្មវិធីនេះនឹងត្រូវដំណើរការយ៉ាងទូលំទូលាយតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី។

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាយើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដូចជាលទ្ធភាពក្នុងការទទួលហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាកាសគាំទ្រ និងស្ថាប័នគាំទ្រ ដែលទាំងអស់នេះ គឺជាកាលានុវត្តភាព សម្រាប់សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការផ្លាស់ប្តូរយ៉ាងលឿន។ សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជានៅមានច្រើននៅក្នុង ប្រភេទអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច និងក្រៅផ្លូវការ ហើយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏នៅមានកម្រិត។ កត្តាទាំងអស់នេះបាននាំឱ្យពួកគាត់អាចមើលឃើញបានទូលំទូលាយពីហានិភ័យ និងភាពងាយរងគ្រោះនៅក្នុងដំណើរការនៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរសដែលជាអ្នកគ្រប់គ្រងអាជីវកម្ម។ ការរៀបចំប្រកាសឱ្យដំណើរការគម្រោង នាព្រឹត្តិការណ៍នៅថ្ងៃនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេក្នុងការដើរចេញពីភាពងាយរងគ្រោះ ក្នុងដំណើរការអាជីវកម្មខ្នាតមីក្រូ និងក្រៅផ្លូវការ។

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរួមចំណែកសម្រេចបាននូវគោលដៅកំណត់ក្នុង យុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានធ្វើយុទ្ធនាការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាពស្រូបយកចំណេះដឹងដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។

លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា “ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីមិនមែនផ្តល់ផលប្រយោជន៍ចំពោះស្រ្តីតែប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលជា វិជ្ជមាននិងទូលំទូលាយដល់ក្រុមគ្រួសារ សហគមន៍ និងម៉ាក្រូសេដ្ឋកិច្ច។ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំង យើងត្រូវផ្តោតការយកចិត្តទុកដាក់លើ ការលើកស្ទួយក្រុមងាយរងគ្រោះ ហើយកម្មវិធីនេះគឺជាយន្តការគាំទ្រដល់គោលដៅខាងលើ។”

លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន វីសាបានរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះមានផលប្រយោជន៍ជាច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជា ឆ្នាំទីបីហើយដែលក្រុមហ៊ុន វីសាបានគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថាកិច្ចការនេះនឹងបន្តលើកកម្ពស់ភាពអង់អាចផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស។”

ជាងពីរទស្សវត្សរ៍មកហើយដែល ក្រុមហ៊ុន វីសា បាននិងកំពុងបន្តរៀបចំកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទាំងពិភពលោក ដោយរៀបចំកម្មវិធីឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងទៅដល់ប្រជាជន គ្រប់កម្រិតចាប់ពីកុមារ ដល់និស្សិត និងប្រជាជនពេញវ័យ។

សម្រាប់ព័ត៌មានបន្ថែមពីគម្រោង “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តី” សូមចូលមើលគេហទំព័រ https://www.mowa.gov.kh/ និង https://www.facebook.com/mowa.gov.kh.

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបណ្តាញព័ត៌មាន សូមធ្វើការទំនាក់ទំនង៖

គ្រី សុវណ្ណារី

  • ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd, តំណាងក្រុមហ៊ុន Visa Inc.

  • ទូរស័ព្ទ ៖ +85511733368

  • អ៊ីម៉ែល ៖ nary@reddot.com.kh

  • ត្រាងង្វៀន (Trang Nguyen)

  • ក្រុមហ៊ុន Visa Worldwide Pte. Limited

  • ទូរស័ព្ទ ៖ (84) 28 3520 7439

  • អ៊ីម៉ែល ៖ trang.nguyen@visa.com

អត្ថបទ៖ វិបុត្រ

មតិយោបល់