• 2020-03-05 07:17:59
  • សេដ្ឋកិច្ច

២០២០ ធនាគារព្រីនស៍ ប្រកាសសេវាកម្មថ្មីៗ ដើម្បីបម្រើតម្រូវការរបស់អតិថិជន

  • 2020-03-05 07:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីកម្ពុជា ត្រូវបានគេដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណជា២០% និងជំងឺផ្លូវដង្ហើមថ្មី Covid-19 ដែលពិភពលោកកំពុងព្រួយបារម្ភអំពីលទ្ធភាពឆ្លងឆាប់រហ័ស ហើយជំងឺប្រភេទថ្មីនេះ ក៏បានទាញទម្លាក់សេដ្ឋកិច្ចធ្លាក់ចុះក្ដី ក៏ធនាគារ ព្រីនស៍ នៅកម្ពុជា បានប្រកាសអំពីភាពរឹងមាំរបស់ខ្លួន ផ្ទុយទៅវិញអត្រានៃអ្នកដាក់ប្រាក់បញ្ញើ និងឥណទាន មានការរីកចម្រើនឥតឈប់ឈរ។ បន្ថែមពីលើនេះ ធនាគារព្រីនស៍ក៏បានប្រកាសសម្ពោធសេវាកម្មថ្មីៗ ដើម្បីបម្រើនូវតម្រូវការរបស់អតិថិជន ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព។

នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីការសម្ពោធ សេវាធនាគារអាទិភាព នៅការិយាល័យកណ្ដាលធនាគារព្រីនស៍ ដែលមានអាសយដ្ឋាននៅបណ្ដោយមហាវិថីម៉ៅសេទុង កាលពីព្រឹកថ្ងៃទី ៥ ខែមីនា លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារខាងលើ បានប្រាប់អ្នកសារព័ត៌មានថា «យើងបានដឹងរួចហើយអំពីស្ថានភាពនានា ដូចជាបញ្ហា EBA និងជំងឺផ្លូវដង្ហើមប្រភេទថ្មី ហើយធនាគាររបស់យើងបានប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាផ្សេងៗជាមួយអតិថិជនរបស់ខ្លួន។ យើងបានត្រៀមខ្លួន យើងបានជួបពិភាក្សាជាមួយអតិថិជន ឃើញថាអតិថិជនមិនមានបញ្ហានោះទេ ទាំងការដាក់ប្រាក់បញ្ញើ និងកម្ចីឥណទាន»។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ

ជុំវិញបញ្ហាខាងលើនេះ លោក ហ៊ន់ សុរចនា បានបង្ហើបថា ផ្ទុយពីការធ្លាក់ចុះអតិថិជន គឺធនាគារព្រីនស៍មានការកើនឡើងទៅវិញ ទាំងអ្នកដាក់ប្រាក់បញ្ញើ និងកម្ចីឥណទាន ហើយបន្ថែមលើនេះ ធនាគារបង្កើនសកម្មភាពលើសេវាផ្ដល់ប្រឹក្សាដល់អតិថិជន ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព លើមុខជំនួញរបស់ពួកគេ។

«ខ្ញុំមិនមានការព្រួយបារម្ភអំពីអតិថិជនលើការខ្ចី-សង នោះឡើយ ព្រោះខាងព្រីនស៍បានពិភាក្សា និងសិក្សាច្បាស់លាស់ជាមួយអតិថិជន ហើយពួកគេទុកចិត្តលើយើង»។ លោក ហ៊ន់ សុរចនា បន្ថែម។

ដើម្បីឲ្យធនាគារកាន់តែធំទូលាយ និងការផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់អតិថិជន ធនាគារព្រីនស៍បានប្រកាសសម្ពោធ សេវាធនាគារអាទិភាព ព្រមជាមួយនឹងការបង្ហាញបន្ទប់សម្រាករង់ចាំសម្រាប់អតិថិជនអាទិភាពរបស់ខ្លួននៅការិយាល័យកណ្ដាល ដែលមានអាយដ្ឋាននៅបណ្ដោយមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

លោក ហ៊ន់ សុរចនា បានមានប្រសាសន៍ថា ការសម្ពោធជាផ្លូវការនូវសេវាធនាគារអាទិភាពនេះ គឺជាទិសដៅយុទ្ធសាស្រ្តរបស់ធនាគារ ក្នុងការជួយជំរុញ និងពង្រីកសេវាកម្មហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលមានការកើនឡើងនៃមូលធន ហើយបានកំពុងស្វែងរកស្ថាប័នហិរញ្ញវត្ថុដែលមិនត្រឹមតែអាចគ្រប់គ្រងប្រាក់បញ្ញើរបស់ពួកគេបានល្អតែប៉ុណ្ណោះទេ តែអាចផ្ដល់ប្រឹក្សាស្ដីពីការរៀបចំផែនការហិញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយទំនុកចិត្ត និងមានវិជ្ជាជីវៈខ្ពស់។ បន្ទប់សម្រាករង់ចាំ នឹងធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍ផាសុកភាព មានការបម្រើភេសជ្ជៈ និងអាហារសម្រន់ ព្រមទាំងព័ត៌មានថ្មីៗជាច្រើនស្ដីពី អាជីវកម្ម និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះអថិជនអាចពិភាក្សាជាមួយបុគ្គលិកធនាគារនៅក្នុងបន្ទប់ប្រជុំក្នុងករណីចាំបាច់។

នាយកប្រតិបត្តិធនាគារព្រីនស៍ បានបន្ថែមទៀតថា ធនគារបានផ្ដោតលើការជួយដល់អតិថិជនដើម្បីកសាង និងរក្សាទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែងជាមួយអតិថិជន។ តាមរយៈកិច្ចការនេះ ធនាគារអាចផ្ដល់ជូននូវផលិតផល និងសេវាកម្ម ដែលអាចជួយពង្រីកនូវអាជីវកម្មកាន់តែប្រសើរដល់អតិថិជន។

តើមានផលិតផល និងសេវាកម្មប្លែកៗអ្វីខ្លះដែលត្រូវបានផ្ដល់ជូនដល់អតិថិជនធនាគារអាទិភាព ដែលមានភាពខុសគ្នាពីធនាគារផ្សេងទៀត? ឆ្លើយនឹងសំណួរនេះ លោក ហ៊ន់ សុរចនា បានលើកឡើងថា «យើងផ្ដល់ជូនសមាជិកពីរប្រភេទ គឺ គណនី (Ruby) និងគណនី (Pearl)។ អតិថិជនអាចជ្រើសរើសរវាងជម្រើសគណនីទាំងពីរ ហើយចំនួនសមតុល្យតម្កល់ដំបូងមានចំនួន ១ម៉ឺនដុល្លារ សម្រាប់សមាជិកគណនី រូប៊ី ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងបើប្រៀបធៀបជាមួយការផ្ដល់ជូនរបស់ធនាគារផ្សេងទៀត។ នេះជាចំនួនសមហេតុផលដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មធុនតូច មធ្យម និងនិយោជិតអាជីពថ្នាក់ខ្ពស់ក្នុងការប្រើប្រាស់សេវានេះបាន។ ទន្ទឹមនឹងនេះ អត្រាការប្រាក់របស់យើងពិតជាគួរឲ្យទាក់ទាញណាស់ ហើយប្រសិនបើគណនីជាប្រាក់រៀលយើងនឹងផ្ដល់ជូនអតិថិជននូវអត្រាការប្រាក់ 0,25% បន្ថែមទៀត។ ចំពោះអតិថិជនគណនីភើល របស់យើងនឹងទទួលបានប័ណ្ណផ្លាទីនឹម ដែលមានការទទួលស្គាល់ជាអន្ដរជាតិ ដែលអាចប្រើប្រាស់ដើម្បីធ្វើការទិញនៅទូទាំងពិភពលោក។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់ថ្នាក់សមាជិកគណនីទាំងពីរ យើងផ្ដល់ជូននូវផលិតផល និងសេវាកម្មដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា សៀវភៅមូលប្បទានប័ត្រ សៀវភៅគណនី ការស្នើសុំរបាយការណ៍គណនី ប័ណ្ណអេធីអឹម ដោយឥតគិតថ្លៃ ជាដើម។ អថិប្រយោជន៍ជាច្រើនទៀត គឺអតិថិជន នឹងទទួលបានការបញ្ចុះតម្លៃ និងការផ្ដល់ជូនផ្ដាច់មុខជាមួយដៃគូអាជីវកម្ម ដើម្បីធ្វើការសន្សំឲ្យអតិថិជនរបស់យើង»។

គួរបញ្ជាក់ថា ធនាគារព្រីនស៍បានកម្លាយខ្លួនពី ស្ថាប័នមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ នៅខែកក្កដា ឆ្នាំ ២០១៨ ដោយមានបេសកកម្មក្នុងការក្លាយខ្លួនជា «គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាជម្រើសទី១ របស់អតិថិជន»។ ធនាគារព្រីនស៍កំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានមូលធនខ្ពស់ ការវិនិយោគលើបច្ចេកវិទ្យា និងបុគ្គលិកមានចំណេះដឹងវិជ្ជាជីវៈខ្ពស់លើទីផ្សារក្នុងស្រុក៕

មតិយោបល់