• 2018-08-13 12:01:00
  • ជំនឿ

ព្រឺ​សម្បុរ!!! ផ្លូវ​ឡើង​ចុះ​កន្លែង​ធ្វើ​ការ​រាល់​ថ្ងៃ​សោះ ស្រាប់​តែ​ថ្ងៃ​នេះ បាត់​ផ្លូវ​រក​ចុះ​មិន​ឃើញ

  • 2018-08-13 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​មក​កាន់​ទំព័រ ចែក​រំលែក​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន "នឹក​ឡើង​ហួស​ចិត្ត" ជា​ថ្មី។ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ មាន​រឿង​ខ្មោច​ទៀត​ហើយ...ដឹង​តែ​អូន​ខ្លាច​ហើយ នៅ​មាន​អ្នក​ចែក​រំលែក​រឿង​ខ្មោច​ទៀត ខិខិខិ។ តោះ...តាម​ដាន​សាច់​រឿង​របស់​លោក វុទ្ធី ខាង​ក្រោម៖

សូម​ជម្រាប​សួរ ខ្ញុំ​បាទ​ឈ្មោះ វុទ្ធី មាន​រឿង​មួយ​ចង់​ចូល​រួម​ជាមួយ​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត"។ រឿង​នេះ ទើប​តែ​នឹក​ឃើញ ក្រោយ​បាន​ឃើញ​រឿង​បង​ប្រុស​ម្នាក់​កាល​ពី​សប្ដាហ៍​ដែល​គាត់​ជួប​ខ្មោច​លង​នៅ​កន្លែង​ធ្វើ​ការ​ដែរ។

រូប​តំណាង

រឿង​របស់​ខ្ញុំ ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ថា​យ៉ាង​ម៉េច​ទេ ទុក​បង​ប្អូន​ជួយ​វិនិច្ឆ័យ​រៀង​ខ្លួន​ថា​វា​យ៉ាង​ម៉េច។ សូម​ជម្រាប​ថា ខ្ញុំ​បាន​ចូល​បម្រើការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ប្រមាណ​ជា ៥​ឆ្នាំ​មកហើយ ហើយ​រឿង​ហួស​ចិត្ត និង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​ក្បាល​នា​ពេល​នោះ គឺ​កើត​ឡើង​នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​ការ​របស់​ខ្ញុំ​តែ​ម្ដង និង​កើត​នៅ​វេលា​ថ្ងៃ​ត្រង់​ថែម​ទៀត។

ស្នាក់​ការ​ក្រុម​ហ៊ុន​របស់​ខ្ញុំ គឺ​ជា​អគារ​មួយ​កម្ពស់​៤ជាន់ និង​មាន​ច្រើន​ផ្នែក ច្រើន​បន្ទប់។ ដើម្បី​សម្រួល​ដល់​សង្វាក់​ការងារ ជា​ធម្មតារ ក្រុមហ៊ុន​រមែង​បែង​ចែក​វេន​គ្នា​មក​ប្រចាំ​ការ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មួយ​វេន​មាន​គ្នា ៣-៤​នាក់។ ថ្ងៃ​មួយ ខ្ញុំ​បាន​ជាប់​ឈ្មោះ​ត្រូវ​ប្រចាំ​ការ​ជាមួយ​មិត្ត​រួម​ការងារ​ផ្សេង​ទៀត។ ពួក​យើង​ធ្វើ​ការ​ជា​ធម្មតា​រហូត​ដល់​ម៉ោង​បាយ ១២ ថ្ងៃ​ត្រង់ មិត្ត​ភ័ក្ដិ​ក៏​ចុះ​ទៅ​បាយ​អស់​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដោយ​សារ​ជាប់​ដៃ​បង្ហើយ​ការងារ។

ប្រមាណ​កន្លះ​ម៉ោង​ក្រោយ​មក ទើប​ចប់​ការងារ...ខ្ញុំ​ក៏​បាន​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ចុះ​ទៅ​ញុំា​បាយ​ថ្ងៃ​ត្រង់​ដែរ។ រឿង​ក៏​បាន​កើត​ឡើង ពោល​គឺ​ពេល​នោះ ខ្ញុំ​ស្រាប់​តែ​រក​ផ្លូវ​ចុះ​មក​ក្រោម​មិន​ឃើញ។ ផ្លូវ​ដែល​ចុះ​រាល់​ថ្ងៃ ដូច​ជា​មាន​អ្វី​មក​បាំង ឯ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខួរ​ក្បាល​ដូច​ជា​គិត​អ្វី​មិន​យល់។ ខ្ញុំ​រត់​ចុះ​ឡើង២-៣​ត្រឡប់ នៅ​តែ​រក​ផ្លូវ​មិន​ឃើញ...នៅ​តែ​ចុះ​ទៅ​ចំ​ផ្លូវ​ដែល​គេ​វាយ​ឈើ​ខ្វែង​បិទ។

រូប​តំណាង

បែប​នោះ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា មាន​រឿង​មិន​ស្រួល​ហើយ...គិត​ដល់​ចំណុច​នេះ ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ភ័យ កាន់​តែ​ច្របូក​ច្របល់​បែក​ញើស​ជោគ​ខ្លួន ស្មារតី​​វិល​វិល និយាយ​មិន​ត្រូវ។ ខ្ញុំ​ក៏​ទាញ​ទូរសព្ទ​បម្រុង​តេ​ទៅ មិត្តភ័ក្ដិ​ដែល​ចុះ​ទៅ​មុន​ឲ្យ​មក​ជួយ ប៉ុន្តែ​ទូរសព្ទ​អស់​លុយ​ទៀត ខ្ញុំ​ក៏​ប្រើ​សារ​តាម​ឆាត​វិញ ព្រោះ​ទូរសព្ទ​ជាប់ Wifi កន្លែង​ធ្វើ​ការ។

ខ្ញុំ​មិន​ច្បាស់​ថា កាល​នោះ​អំឡុង​ឆ្នាំ ២០១២ Messenger មាន​មុខ​ងារ​អាច​ខល​រក​គ្នា ឬ​ក៏​ផ្ញើ​សារ​ជា​សំឡេង បាន​ដូច​សព្វ​ថ្ងៃ ឬ​ក៏​អត់​ទេ ព្រោះ​ខ្ញុំ​ពេល​នោះ បាន​សម្រេច​ជ្រើស​រើស​ការ​ផ្ញើ​សារ​ទៅ​វិញ។ ខ្ញុំ​បាន​ឆាត​ទៅ​ឈ្មោះ វិសាល ប្រាប់​ថា ឲ្យ​មក​ជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ដូច​ជា​វង្វេង រក​ផ្លូវ​ចុះ​មក​ក្រោម​មិន​ឃើញ​ទេ។ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ឃើញ​សារ ប៉ុន្តែ​អត់​ឆ្លើយ គេ​ប្រហែល​ជា​កំពុង​តែ​គិត​ថា ​ខ្ញុំ​លេង​សើច​នឹង​គេ​ហើយ​មើល​ទៅ ព្រោះ​មិន​ដែល​នរណា​រក​ផ្លូវ​ចុះ​មិន​ឃើញ បើ​ផ្លូវ​ឡើង​ចុះ​រាល់​ថ្ងៃ​នោះ!។

បញ្ញា ស្មារតី​របស់​ខ្ញុំ​ពេល​នោះ ដូច​មាន​អ្វី​មក​បាំង ភ្នែក​មើល​ឃើញ​ហើយ មិន​ដឹង​ថា​ជា​អ្វី...ខ្ញុំ​កាន់​តែ​ច្របូកច្របល់​មែន​ទែន។ ប្រមាណ​ជា កន្លះ​ម៉ោង ខ្ញុំ​នៅ​តែ​ឡើង​ចុះៗ រក​ផ្លូវ​មិន​ឃើញ។ ចុង​ក្រោយ​ខ្ញុំ​ខំ​ពង្រឹង​ស្មារតី​ឡើង​វិញ ហើយ​បាន​រត់​ទៅ​ជាន់​លើ​វិញ(ជាន់​ខ្ញុំ​ធ្វើ​ការ) ហើយ​រត់​ចូល​ទៅ​បន្ទប់ GM ដែល​បន្ទប់​របស់​គាត់ មាន​បង្អួច។

ខ្ញុំ​បាន​បើក​បង្អួច​ការិយាល័យ​របស់​អ្នក​គ្រប់​គ្រង ឲ្យ​ពន្លឺ​ថ្ងៃ​ចូល...ហើយ​ខ្ញុំ​អើត​ក្បាល​ចេញ​ក្រៅ​បង្អួច ដើម្បី​ទទួល​យក​បរិយាកាស​ថ្មី ដូច​លាង​ជម្រះ​អារម្មណ៍ ក៏​ដូច​ជា​ស្មារតី​របស់​ខ្ញុំ​ដែល​ដូច​មាន​អ្វី​បាំង​ស្លុប​គិត​អ្វី មើល​អ្វី​មិន​ដឹង​ជា​អ្វី។ បន្តិច​ក្រោយ​មក ខ្ញុំ​ក៏​ទទួល​អារម្មណ៍​ថា ស្មារតី​វិល​មក​ប្រក្រតី​ឡើង​វិញ។ ដូច្នេះ​ខ្ញុំ ក៏​ចុះ​មក​ក្រោម​ម្ដង​ទៀត...ស្រាប់​តែ​រក​ផ្លូវ​ឃើញ​ចុះ​មក​ក្រោម​ជា​ធម្មតា។

រូប​តំណាង

តាម​ពិត​ផ្លូវ​នេះ ខ្ញុំ​បាន​មក​ដល់​ជា​ច្រើន​លើក ប៉ុន្តែ​ខួរ​ក្បាល​ផង ភ្នែក​ដែល​ឃើញ​ផង តែ​ដូច​មិន​ទទួល​ញាណ​ថា នេះ​ជា​ផ្លូវ​ចុះ​នោះ​ទេ ពោល​គឺ​ដូច​និយាយ​ពី​ខាង​លើ ខ្ញុំ​ដូច​ជា​មាន​អ្វី​មក​បិទ​បាំង​ភ្នែក ញាណ និង​បង្រួម​សមត្ថភាព​ខួរ​ក្បាល​អីចឹង។ ពេល​ដែល​មក​ដល់​ផ្លូវ​ចុះ ដែល​ត្រូវ​ឆ្លង​កាត់​ការិយាល័យ Admin និង​ទីផ្សារ ដែល​ជា​ផ្លូវ​ចុះ​ទៅ​ទ្វារ​ធំ​ខាង​ក្រោម​នោះ ខ្ញុំ​បែរ​ជា​គិត​ថា នេះ​មិន​មែន​ផ្លូវ​ចុះ​ទៅ​ក្រោម​ទេ គឺ​ចុះ​ទៅ​​ជណ្ដើរ​មួយ​ទៀត ដែល​គេ​បិទ​ចោល​ទៅ​វិញ។

អាច​និយាយ​ថា ការិយាល័យ​របស់​ខ្ញុំ​មាន​ផ្លូវ​២​អាច​ចុះ​មក​ក្រោម ប៉ុន្តែ​មួយ​ត្រូវ​បិទ​ចោល ជា​ផ្លូវ​ចេញ​ពី​ជណ្ដើរ​យន្ត ប៉ុន្តែជណ្ដើរ​យន្ត​នេះ មិន​ដែល​ប្រើ​ទេ តាំង​ពី​ធ្វើ​មក ខ្ញុំ​ក៏​មិន​ដឹង​មូលហេតុ​ច្បាស់​ដែរ។ ដូច្នេះ​ហើយ ជណ្ដើរ​ជើង​ដែល​នៅ​គៀន​ជណ្ដើរ​យន្ត​ក៏​ត្រូវ​បិទ​ចោល​ដែរ។

រូប​តំណាង

មក​ដល់​ចំណុច​នេះ ខ្ញុំ​អាច​សរុប​ថា មាន​បញ្ហា​២​ ទី​១ ខ្ញុំ​ច្រឡំ​ផ្លូវ មិន​ចុះ​ផ្លូវ​ដែល​ចុះ​ឡើង​រាល់​ថ្ងៃ ទៅ​ចុះ​ផ្លូវ​ដែល​ជណ្ដើរ​គេ​បិទ។ តាំង​ពី​ជើង​ដំបូង​នៃ​ដំណើរ​រក​ផ្លូវ​ចុះ​ក្រោម​របស់​ខ្ញុំ ស្មារតី​របស់​ខ្ញុំ​ហាក់​ត្រូវ​ទាញ​កន្ត្រាក់​ឲ្យ​ភ្ញាក់ ឲ្យ​ច្របូក​ច្របល់​ពេល​ចុះ​ចុម​ផ្លូវ​បិទ (អាច​មក​ពី​យើង​មាន​អារម្មណ៍​ថា​កំពុង​ខ្មោច​លង អារម្មណ៍​បែប​នេះ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ភ័យ កាន់​តែ​ច្របូក​ច្របល់) ។ ព្រោះ​ថា ទើប​ឡើង​ព្រឹក​មិញ​សោះ ហេតុអី​ក៏​ត្រូវបិទ​ដោយ​ជញ្ជាំង​ឈើ​លឿន​ម្ល៉េះ។

ចំណែក​បញ្ហា​ទី​២ ដែល​អាច​ថា​មិន​ធម្មតា​នោះ គឺ​ខ្ញុំ​បាន​មក​ដល់​ទ្វារ​ និង​បើកអើត​ក្បាល​​ឆ្លងកាត់​​ទ្វារ​​ ទៅ​រក​ផ្លូវ​សម្រាប់​ចុះ​ក្រោម(មួយ​ជាន់​មាន​ទ្វារ​កញ្ចក់​មួយ​នៅ​ច្រក​ផ្លូវ​ចេញចូល និង​ចុះ​ក្រោម) នោះ​ហើយ ប៉ុន្តែ​ដូច​ប្រាប់​ពី​ខាង​លើ​អីចឹង មក​ដល់​មើល​ឃើញ​នឹង​ភ្នែក នៅ​តែ​មិន​ដឹង​ថា ផ្លូវ​នេះ​ជា​ផ្លូវ​ចុះ​ទៅ​ក្រោម​សោះ។

ខ្ញុំ​ព្យាយាម​អធិប្បាយ​លម្អិត ឲ្យ​បង​ប្អូន​យល់ ព្រោះ​រឿង​នេះ វា​ហួស​ពី​គួរ​ឲ្យ​ជឿ​ពិត​មែន។ ចង់​និយាយ​ថា បើ​ខ្ញុំ​ជា​អ្នក​ទទួល​សារ​ឲ្យ​ទៅ​ជួយ​ពី​មិត្ត​ភក្ដិ ដូច​ដែល​ខ្ញុំ​ផ្ញើ​ទៅ​ហៅ​មិត្តភ័ក្ដិ​អោយ​មក​ជួយ​នោះ ខ្ញុំ​ក៏​ប្រហែល​ជា​គិត​ថា ជា​ការ​លេង​សើច​ដែរ និង​ក៏​ជា​រឿង​ពិបាក​ជឿ​ពិត​មែន។ ប៉ុន្តែ​ជា​អ្វី​ដែល​ខ្ញុំ​ជួប​ពិត​ប្រាកដ...មួយ​វិញ​ទៀត បើ​ទោះ​ជា​បាន​អាន ខ្ញុំ​ជឿ​ថា បង​ប្អូន​នៅ​តែ​ពិបាក​យល់។

រូប​តំណាង

ព្រោះ​វា​ដូច​សុំាញុំា​បន្តិច លើក​លែង​តែ​ខ្ញុំ មាន​រូបភាព​ពី​ផ្លូវ​ចុះ​ឡើង​ក្រុម​ហ៊ុន​ខ្ញុំ​បង្ហាញ ក្រែង​ងាយ​យល់​ខ្លះ។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច ព្រោះ​ខ្ញុំ​លែង​ធ្វើ​ការ​នៅ​ទីនោះ​ទៅ​ហើយ។ ប៉ុន្តែ​រឿង​ប្លែក​ៗ​ខ្លះ ក៏​មាន​បុគ្គលិក​ផ្សេង​និយាយ​ដែរ។ ជាក់​ស្ដែង​មីង​អនាម័យ មាន​គ្នា​ពីរ​នាក់ គាត់​ថា គាត់​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​អគារ​ឡើយ បើ​មិន​ទាន់​មាន​បុគ្គលិក​ណា​ម្នាក់​មក​ដល់។

គាត់​ថា គាត់​ធ្លាប់​ឃើញ ធ្លាប់​លឺ​សំឡេង​ប្លែក​ៗ ឬ​ក៏​ស្រមោល​មនុស្ស​ជា​ដើម។ និយាយ​ដល់​កន្លែង​នេះ ខ្ញុំ​ព្រឺ​សម្បុរ​ដែរ...ខ្ញុំ​ជឿ​ថា កន្លែង​ធ្វើការ ពិសេស​អគារ​ធំ​ៗ​បែប​នេះ ពិត​ជា​មាន​ពពួក​អមនុស្ស​នៅ​ឡាយឡំ​នឹង​យើង​ពិត​មែន។ អរគុណ...សាច់​រឿង​របស់​ខ្ញុំ​មាន​ប៉ុណ្ណឹង ចែក​ជូន​បង​ប្អូន ពិចារណា​តាម​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន៕

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់