
- 2018-08-17 12:01:00
- ការអប់រំ
(រឿងល្អសើច) គេចពីដើមទ្រូង មកក្បាលពោះ អស់ម៉ូតូមួយគ្រឿងហើយម៉ែអាខ្នុយអើយ!
- 2018-08-17 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
(រឿងល្អសើច) គេចពីដើមទ្រូង មកក្បាលពោះ អស់ម៉ូតូមួយគ្រឿងហើយម៉ែអាខ្នុយអើយ!
ចន្លោះមិនឃើញ
សួស្ដីជាថ្មីប្រិយមិត្តរបស់ទំព័រ "នឹកឡើងហួសចិត្ត" ទំព័រចែករំលែកបទពិសោធន៍គួរឲ្យចង់សើចផ្ទាល់ខ្លួន។ នៅសប្ដាហ៍មានបទពិសោធន៍ពូម្នាក់ មកចែកជូនប្រិយមិត្តនៅថ្ងៃចុងសប្ដាហ៍នេះដូចខាងក្រោម ចែករំលែកដោយលោក រ៉ាវី។
បាទ ខ្ញុំឈ្មោះរ៉ាវី ជាអ្នកភ្នំពេញយើងនេះទេ...នៅពេលនេះខ្ញុំមានរឿងមួយ ដែលនោះមិនមែនជារឿងរបស់ខ្ញុំទេ ប៉ុន្តែសាច់រឿងរបស់ពូម្នាក់ដែលនៅជាប់របងផ្ទះខ្ញុំ...ដូច្នេះហើយ ខ្ញុំសុំមិនបញ្ចេញឈ្មោះគាត់ ព្រោះលួចយករឿងរបស់គាត់មកនិយាយ ខិខិខិ!
តែខ្ញុំដាក់ឈ្មោះឲ្យគាត់ថា "ពូសៀង" ទៅចុះ ស្រួលនិយាយរៀបរាប់។ រឿងនេះ កើតឡើងយូរហើយ ដូចអំឡុងឆ្នាំ ២០១០ អីហ្នឹង។ពូសៀង គឺជាមនុស្សម្នាក់ មើលទៅដូចស្ទើរគ្រប់ ស្ទើរលើសម៉េចមិនដឹងទេ ការនិយាយស្ដីរបស់គាត់ពេលខ្លះចង់តែសើច...ប៉ុន្តែគាត់ជាមនុស្សល្អ អ្នកជិតខាងចូលចិត្ត ដោយសារគាត់ជាមនុស្សទៀងត្រង់ និងស្លូត។ ឯភរិយារបស់គាត់ ជាមនុស្សមាត់លឺៗ អាចនិយាយថាកាចដែរ។
ឈ្លោះគ្នាម្ដងៗ ពូសៀងមិនដែលហ៊ានតតាំងទេ ប៉ុន្តែឲ្យតែគាត់និយាយ គ្រប់គ្នាចង់តែផ្ទុះសំណើចតែម្ដង។និយាយពីអាជីពវិញ គាត់មានមុខរបរជាប៉ូលីស យាមនៅអង្គការមួយកន្លែង។ ដើមឡើយ គឺគាត់មានម៉ូតូសង់កូរ៉េកញ្ចាស់មួយ សម្រាប់ប្រើជាមធ្យោបាយធ្វើដំណើរទៅធ្វើការ។ ប៉ុន្តែក្រោយមក ភរិយារបស់គាត់ បានប្ដូរម៉ូតូថ្មីឲ្យម៉ាក គប់អាគុយស្ងួតថ្មីចែស។
តាំងពីបានម៉ូតូថ្មីមក ថ្ងៃណាក៏ពូសៀង តឺនុយស្អាតភ្លឹងដែរ។ ជិះមិនបានប៉ុន្មានថ្ងៃផង ថ្ងៃមួយ រឿងក៏បានកើតឡើង...ពូសៀង ត្រូវមិត្តភក្ដិគាត់ដឹកមកវិញក្នុងអាការដូចទន់ខ្លួន ឯម៉ូតូមិនដឹងនៅឯណា។ ឃើញសភាពបែបនេះ ប្រពន្ធគាត់ ក៏ជជីកសួរ ឪអាក្នុយ(ខ្ញុំដាក់ឲ្យ) មានរឿងអី ហើយឯណាម៉ូតូ? ពូសៀងនៅស្ងៀម ឯប្រពន្ធសំឡឹងមើលទៅមុខមិត្តភ័ក្ដិគាត់ដែលដឹកមក។
“គេយកបាត់ហើយ...ណ្ហើយនិយាយគ្នាតាមសម្រួលទៅអ្នកអើយ ខ្ញុំលាហើយ!”។ មិត្តភ័ក្ដិឆ្លើយមុនសំណួរ ហើយក៏ចាកចេញទៅវិញ។ មកដល់ពូសៀងវិញ ហាក់ចង់យំតិច ចង់សើចតិចមិនដឹង ខណៈប្រពន្ធនៅតែសម្លុតសួរ។ "តើមានរឿងអីឲ្យប្រាកដ ឪអាខ្នុយ...មើលនិយាយមើល៍ អាណាយក...”។ "ស្រី...!” ពូសៀងឆ្លើយ...។
"ស្អីគេ...ស្រី....អញទិញម៉ូតូឲ្យជិះទៅធ្វើការ ម៉េចឯងយកទៅដឹកស្រីមែន អាសៀង...អា...អា...”។ ប្រពន្ធគាត់ខឹង និងជេរពូសៀងមិនដាក់មាត់...ដោយអំណាចនៃការស្ដាយរបស់ទ្រព្យ។ ពេលប្រពន្ធគាត់កំពុងតែក្ដៅខ្លាំង ជះកំហឹងមកលើគាត់ ពូសៀងបន្លឺកាត់ "អញខំប្រយ័ត្នដែរហ្នឹង...!”។ "បើប្រយ័ត្នម៉េចក៏បាត់...អា...(គាត់ជេរពាក្យអសុរោះ)”។
“អញដឹងដែរកន្លែងហ្នឹង(ដោះ) វាអាចមានថ្នាំ ខំមកថើមក្បាលពោះវា...បែកពពុះមាត់អាដែល" ពូសៀល បែបហី...ខ្ញុំនៅក្នុងផ្ទះឯណេះ សើចចង់ងាប់ និយាយមែនបើកាលណោះ ខ្ញុំមានទូរសព្ទ អាចថតបានសំឡេង និងសកម្មភាពគាត់មកឲ្យមើល ម្នាក់ៗសើចងាប់ហ្មង!!!។
ប្រពន្ធគាត់ រឹតតែខឹងខ្លាំង...តែពូសៀងតែប៉ុណ្ណឹង...និយាយមួយម៉ាត់ៗ ធម្មតាៗចឹង។ ផ្អាករឿងគាត់ ព្រោះប្រពន្ធគាត់ខឹងខ្លាំងមែន...!
ក្រោយមានរឿង រំលងបានប៉ុន្មានថ្ងៃ គាត់បានមកអង្គុយលេងជាមួយប៉ាខ្ញុំ ហើយប៉ាខ្ញុំបានជជីកសួរ។ គាត់បានប្រាប់ថា គាត់បានទាក់ទងអ្នកលក់សាំងដបម្នាក់នៅក្បែរកន្លែងធ្វើការគាត់...ហើយក៏ត្រូវរ៉ូវគ្នាទៅរកកន្លែងសុខទៅ។ គាត់ថាកាលណោះ ទៅម្ដុំមាត់ទន្លេស្ងាត់ៗតែពីរនាក់ ខាងកើតណាហ្គារាល់ថ្ងៃហ្នឹង!
“ខ្ញុំដឹងដែរហ្នឹងល្បង អត់ហ៊ានប៉ះពាល់អាខាងលើហ្នឹងទេ ខ្លាចថ្នាំ...អាណាដឹងវាមកដាក់នៅក្បាលពោះទៀត...មីប៉ាកាច់...!!!”។
សូមចប់រឿង ពូសៀង ត្រឹមនេះ សុំទោសបើពាក្យខ្លះមិនសមរម្យបងប្អូន!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ នឹកឡើងហួសចិត្ត ក៏បាន!!!