
- 2018-09-14 12:01:00
- ស្នេហា
សង្សារខឹងប៉ុន្មានថ្ងៃ ទើបលួងត្រូវតាមទូរសព្ទ ស្រាប់តែពួកម៉ាកលេងចាក់ចង្កេះ នាងខឹងដាច់ក្បាលដាច់កន្ទុយម្ដងទៀត!
- 2018-09-14 12:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្សារខឹងប៉ុន្មានថ្ងៃ ទើបលួងត្រូវតាមទូរសព្ទ ស្រាប់តែពួកម៉ាកលេងចាក់ចង្កេះ នាងខឹងដាច់ក្បាលដាច់កន្ទុយម្ដងទៀត!
ចន្លោះមិនឃើញ
តោះ...បញ្ចាប់សប្ដាហ៍ចាស់ ជាមួយសំណើចឲ្យស្រស់ថ្លាជាមួយគ្នា...នៅថ្ងៃសុក្រនេះ លោក បូរិន មកពីព្រៃវែងម្ដង មកចែករំលែកបទពិសោធន៍ហួសចិត្ត...កម្រមានអ្នកព្រៃវែងចែករំលែកណាស់...ឥឡូវតោះ...តើលោក បូរិន មានរឿងអី?
មិនដឹងចាប់ពីត្រង់ណា ទៅត្រង់ណីទេនេះ...បាទ...ខ្ញុំ ធារ៉ា សូមជម្រាបសួរបងប្អូនក្នុងទំព័រ "នឹកឡើងហួសចិត្ត" រឿងខ្ញុំនៅថ្ងៃនេះ...សុំទោសមិនមែនរឿងខ្ញុំទេ គឺរឿងពួកម៉ាកខ្ញុំ...ធានាថា ហួសចិត្តហ្មង...។
កាលពីអំឡុងឆ្នាំ ២០០២-២០០៣ ខ្ញុំបានឡើងពីព្រៃវែង មកជួលផ្ទះគេនៅម្ដុំវត្តស្រះចក ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។ មិត្តភ័ក្ដិខ្ញុំម្នាក់ឈ្មោះ អា បូរិន ក៏បានមកស្នាក់នៅជាមួយដែរ ដើម្បីជួយគ្នាចេញថ្លៃផ្ទះជួល និងម្ហូបអាហារគ្នា។ និយាយពីមធ្យោបាយទំនាក់ទំនងកាលណោះវិញ ទូរសព្ទសាធារណៈ គឺពេញនិយមបំផុត ព្រោះទាំងគេទាំងខ្ញុំ ភាគច្រើនគ្មានប្រើទេ មិនមែនដូចបច្ចុប្បន្នឡើយ។
និយាយពីចំណុចនេះ នៅមិនឆ្ងាយប៉ុន្មានពីផ្ទះជួលរបស់ខ្ញុំ មានកន្លែងទូរសព្ទសាធារណៈមួយ ម្ចាស់ឈ្មោះ "អា ណែត" ត្បិតថា អាយុច្រើនជាងខ្ញុំបន្តិច ប៉ុន្តែមើលរូបរាងហំគ្រាន់ដែរ រាងខ្ពស់ស្រឡះ ស្រឡូន សម្បុរស្រអែម តែដើមទ្រូងហំ។ អីចឹងហើយ កន្លែងនេះបានក្លាយជាម៉ូយប្រចាំរបស់ខ្ញុំ តេញ៉ែ អារី អារ៉ា អារ៉ុម គឺនៅកន្លែងនោះឯង។ សំខាន់ជាងនេះ គឺថាតេជំពាក់បានតាមចិត្តទៀត ម្យ៉ាងម្ចាស់ទូរសព្ទសាធារណៈនោះ ជាមនុស្សស្រីរួសរាយ ចូលចិត្តលេងសើចច្រើនដែរ។
និយាយពីពួកម៉ាកខ្ញុំ បូរិន វិញ វាជាមនុស្សត្រឹមត្រូវ មិនសូវចេះមាត់កលេងសើចច្រើនទេ ឬដើរលេងច្រើនក៏មិនសូវដែរ ខុសពីខ្ញុំឯណេះ រាងសកម្មជាងបន្តិច។ប៉ុន្តែសរសើរវាថា ចេះរកបានសង្សារបានលឿនមុនខ្ញុំ...ជាមិត្តរៀននៅមហាវិទ្យាល័យជាមួយគ្នា។ ថ្ងៃមួយ ខ្ញុំឃើញមុខវា មិនសូវសប្បាយចិត្ត ក៏ដេញដោលសួរ ដឹងថា វាឈ្លោះគ្នាជាមួយសង្សារវា។
វាថា សង្សារខឹង និងមិនស្ដីរកវាពីរបីថ្ងៃហើយ មូលហេតុ ប្រចណ្ឌ ក្រោយឃើញរូបថតសង្សារចាស់វាកាលនៅស្រុក ជាប់ក្នុងកាបូបលុយ(យី...អានេះ ឃើញមិនសូវមាត់កទេ តែមានស្រីច្រើនផង សមនឹងគខឹងមែនហ្អា!) ខ្ញុំនឹកលេងក្នុងចិត្តទេ។ តែ ខ្ញុំប្រាប់ថា ស្រីៗអីចឹងហើយ ស្រឡាញ់ចង់ហួសហែង ចិត្តច្រើន រញុំារញូវចឹងហើយ តែចាំបន្តិចទៅ បាត់ខឹង តេទៅលួងលោមទៅ លែងអីហើយ។
រំលងបានមួយថ្ងៃ ពោលគឺនៅរសៀលថ្ងៃបន្ទាប់ ខ្ញុំ និងអាសំឡាញ់ខ្ញុំបានទៅកន្លែង អាណែត។ "សូន្យប៉ុន្មាន ប្រុសស្អាត?" អាណែត សួរថា ពួកខ្ញុំត្រូវប្រើប្រព័ន្ធទូរសព្ទអី។ រួចហើយ គេក៏ហុចទូរសព្ទឲ្យពួកខ្ញុំម្នាក់មួយ ហើយគេក៏ដើរចូលផ្ទះបាត់។ ពួកខ្ញុំបានទូរសព្ទម្នាក់មួយ ក៏ចាប់ផ្ដើមធ្វើការរៀងខ្លួន។ បូរិន ចាប់ផ្ដើមលួងលោម ញ៉េះញ៉ោះសង្សារវា...បន្តិចមកលឺសូរសំឡេងសើច បញ្ជាក់ថា វាលេងចូលគ្នាវិញហើយ។
"អានេះ គ្រាន់បើរបស់វាតើ...ឯងចេះតែគិតថាវាមិនកើត មិនសូវមាត់កជាមួយប្រុសៗគ្នាឯង តែជាមួយស្រី វាមានសិល្បៈរបស់វាគ្រាន់តើ!"។ ខ្ញុំគិតក្នុងចិត្ត។ បានភ្លើងខៀវ ទំនងសប្បាយចិត្ត ខ្ញុំលឺអាសំឡាញ់ខ្ញុំ បបួលសង្សារវាចេញក្រៅ។ "អាឡូ អូនហ្អា...ស្អែកថ្ងៃសៅរ៍ ចង់បបួលអូនឯង...” អាបូរិន និយាយតែប៉ុណ្ណេះ ស្រាប់តែ អាណែត ចេញពីក្នុងផ្ទះមក យកដៃចាក់ចង្កេះ វាលេង។
អាបូរិន ឯណោះ ភ្ញាក់ភ្លាត់មាត់ "...គ្នា!!!" ពាក្យអាក្រក់ពេក ខ្ញុំមិនហ៊ានសរសេរចំទេបងប្អូនអើយ តែជឿថា បងប្អូនដឹងហើយថា ពាក្យពេញនិយមពេលមនុស្សម្នាភ្ញាក់ថាម៉េចនោះ ហាហា..."អាឡូ អូនហ្អា...ស្អែកថ្ងៃសៅរ៍ ចង់បបួលអូនឯង...(អាណែតចាក់ចង្កេះភ្លាច់)...គ្នា!!!" គ្រាន់តែប៉ុណ្ណឹង សង្សារវា បិទទូរសព្ទគ្រឹប អាបូរិន មុខស្អុយប៉ែ "អ្ហើយ...ចេះមកលេងចាក់ពេលហ្នឹងកើត អើយ...!" អាបូរិន រអ៊ូរៀងខ្លាំងដែរ លាយកំហឹងតិចតួច ដាក់អាណែត។
ខ្ញុំ និងអាណែតឯណេះ សើចចង់ងាប់ សើចឡើងរឹងពោះ...បងប្អូន...។ តាមពិតគ្នាចង់បបួលសង្សារចេញមកញុំាអីហ្នឹងណា មានបបួលទៅធ្វើស្អីហ្នុងឯណា...សើច... អើយ...អាណិតគ្នាផង...ទើបលួងគេត្រូវផង ស្រាប់តែមកលេងគ្នាអី ចំវេលានេះ អាណែតអ្ហើយអាណែត...។ បំពេញពាក្យខ្លួនឯងហើយ សើចខ្លួនឯងទៅបងប្អូន...ចប់!!!
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ "នឹកឡើងហួសចិត្ត" ក៏បាន!!!