- 2018-09-18 04:25:45
- ការអប់រំ
១៨ឆ្នាំហើយ បើចង់បានជីវិតឯករាជ្យ មិនពឹងគ្រួសារ ត្រូវសួរខ្លួនឯង ៥សំណួរជាមុន
- 2018-09-18 04:25:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៨ឆ្នាំហើយ បើចង់បានជីវិតឯករាជ្យ មិនពឹងគ្រួសារ ត្រូវសួរខ្លួនឯង ៥សំណួរជាមុន
ចន្លោះមិនឃើញ
ចង់បានជីវិតឯករាជ្យ ដោយមិនពឹងពាក់គ្រួសារ មិនមែនជារឿងងាយស្រួលនោះឡើយ។ ទន្ទឹមនឹងនេះ យុវជនមួយចំនួនទើបតែចប់បាក់ឌុបថ្មីថ្មោង កំពុងតែរៀបបង្វេចចេញពីស្រុកកំណើត មកបន្តការសិក្សានៅទីក្រុង ឯអ្នកខ្លះ មិនត្រូវបានគ្រួសារអនុញ្ញាត ព្រោះមិនទាន់ត្រៀមខ្លួនរួចរាល់។ តើមានវិធីសាស្ត្រដូចម្ដេច ទើបអាចបន្ទន់ឪពុកម្ដាយ ឲ្យដោះលែងអ្នករស់នៅជីវិតផ្ទាល់ខ្លួន? តោះមកដឹង ៥សំណួរ ជាមុនសិន ដែលនេះជាបទពិសោធន៍របស់យុវតី ស៊ុន ស៊ីណាវីន មកខេត្តពោធិ៍សាត់ បច្ចុប្បន្នជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនមួយ។
១. តើគោលដៅជីវិតរបស់អ្នកជាអ្វី?
ត្រូវកំណត់គោលដៅឱ្យជាក់លាក់ និងប្រាកដប្រជាថាចង់ក្លាយជាអ្វី ហើយសមត្ថភាព ឬអំណោយផលពីធម្មជាតិអាចធ្វើអ្វីបាន។ ដូច្នេះត្រូវកំណត់គោលដៅនោះឱ្យស្របទៅតាមអ្វីដែលខ្លួនឯងមាន។ ងាកមក ណាវីន ជាកូនស្រីអ្នកលក់ចាបហ៊ួយម្នាក់ មានមហិច្ឆតាធំ ចង់ក្លាយអ្នកជំនួញម្នាក់នៅថ្ងៃអនាគត។ អ្វីដែលធ្វើឲ្យនាងសម្រេចចិត្តចាកចេញពីជាបន្ទុកគ្រួសារ ព្រោះគិតថា ១៨ឆ្នាំ គឺល្មមអាចធ្វើ និងរកអ្វីថ្មីៗ និងរស់នៅដោយឯករាជ្យផ្ទាល់ខ្លួន។
២. កំណត់ចំណុចខ្លាំង និងខ្សោយរបស់អ្នក?
ទន្ទឹមនឹងកំណត់គោលដៅហើយ ត្រូវវិភាគមើលទៀតថា តើកាលៈទេសៈបច្ចុប្បន្នគោលដៅដែលកំណត់នោះអាចទៅរួចដែរឬទេ? បន្ទាប់មកត្រូវរកដំណោះស្រាយឧបសគ្គជុំវិញខ្លួនរួចបន្តជំហានទៅមុខទៀត។ ជាក់ស្ដែងចំណុចខ្លាំង ណាវីន ជាយុវតីស្អាត និងពូកែសម្ដី តែចំណុចខ្សោយគឺខ្វះជំនាញនិយាយភាសាបរទេស។ នៅពេលយប់ ណាវីន រៀនភាសាអង់គ្លេសខ្លួនឯង ក្នុង១ថ្ងៃ២ម៉ោង និងនាងក៏មានគម្រោងរៀនភាសាចិនបន្ថែមទៀតផងដែរ។
៣. តើមានដំណោះស្រាយអ្វី ពេលដាច់លុយ?
បើទោះបីមានការងារ មានប្រាក់ខែក៏ដោយ ក៏មានពេលដាច់លុយចាយម្ដងៗដែរ។ វាមិនមែនជារឿងងាយស្រួលនោះទេ សូម្បីតែបើកទូសព្ទឃើញរបស់ញ៉ាំ និងរបស់ខ្លួនស្រឡាញ់ក៏ចង់ស្រក់ទឹកភ្នែកដែរ។ អ៊ីចឹងតើគួរធ្វើដូចម្ដេច? ជាបទពិសោធន៍ផ្ទាល់របស់យុវតី ណាវីន ទើបឡើងមកភ្នំពេញជិត១ឆ្នាំ ប្រាប់ថា ដំបូងមិនត្រូវបញ្ចូលទូរសព្ទ ហើយទូរសព្ទមិនត្រូវភ្ជាប់អ៊ីនធើណេត ឬwifi នោះទេ។ ធ្វើដូចនេះ ណាវីន អាចទប់អារម្មណ៍ចង់បានអ្វីផ្ដេសផ្ដាស ខណៈពេលដាច់លុយឡើយ។
៤. តើអាចធ្វើម្ហូបញ៉ាំបានខ្លួនឯងបានឬអត់?
ជាការពិត នៅពេលនៅជាមួយឪពុកម្ដាយ អ្នកណាក៏ដូចអ្នកណា គឺមានអាហារ៣ពេលស្រាប់មិនភ័យដាច់ពោះ តែមករស់នៅខ្លួនឯង បើហ៊ានខ្ជិលដឹងតែ មី ឬពងទាចៀនហើយ។ ហេតុនេះ មិនថាប្រុស ឬស្រី ការបង្វឹកខ្លួនឲ្យចេះធ្វើម្ហូបជាដំណោះស្រាយល្អបំផុត។
៥. អ្នកណា ដែលគួរសេពគប់?
ការរាប់អានមនុស្សម្នាក់ៗធ្វើជាមិត្តឲ្យមានតម្លៃ គួរសង្កេតអាកប្បកិរិយា និងចិត្តគំនិតរបស់គេឲ្យបានល្អិតល្អន់។ ដូចពាក្យចាស់ពោលថា សេពគប់ពាល នាំទៅរកផ្លូវពាល! សេពគប់បណ្ឌិត នាំទៅរកផ្លូវក្លាយជាបណ្ឌិត! សេពគប់សេដ្ឋី នាំទៅរកផ្លូវក្លាយជាសេដ្ឋី! ចុះធ្វើបែបណា ទើបរកមិត្តដែលគួររាប់អាន មិនខកបំណងមួយជីវិត។ មានមិត្ត ៦ប្រភេទនេះដូចមានថ្នាំទិព្វក្នុងដៃ រាប់អានចុះមិនខុសបំណងមួយជីវិត ៕